(សៀមរាប)៖ តាមការរាយការណ៍របស់មន្ត្រីនគរបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះនៅក្នុងខេត្តសៀមរាប បានសហការគ្នាបង្ក្រាបក្រុមប្រើប្រាស់អាវុធមួយក្រុម នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៩នាក់ រួមជាមួយកាំភ្លើង AK47 មួយដើម ថ្នាំញៀន ព្រមទាំងវត្ថុតាងមួយចំនួនទៀត មានបង់គ្រាប់ និងគ្រាប់កាំភ្លើង ដាវ កាំបិត បំពង់ទីប ម៉ូតូ ទូរស័ព្ទជាដើម។

មន្ត្រីនគរបាលបានឱ្យដឹងថា នាយប់ថ្ងៃទី១៨ ខែ ខែតុលាឆ្នាំ២០១៨ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការជាមួយកម្លាំងនគរបាលការិយាព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងនគរបាលការពារ និងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបង្រ្កាបករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីជួញដូរចែកចាយប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៩នាក់៖ ទី១ឈ្មោះ ពៅ វណ្ណៈ ហៅបារាំង ហៅកុត ទី២ឈ្មោះ ហ៊ីង សុខផាន់ណា ទី៣ឈ្មោះ បេ គឹមសុង ទី៤ឈ្មោះ វណ្ណ ដារ៉ា ទី៥ឈ្មោះ ម៉ាន់ គឹមរី ទី៦ឈ្មោះ ខា ប៉ក់ ទី៧ឈ្មោះ ម៉ាត់ សាលី ទី៨ឈ្មោះ ស្រី ណារី ភេទស្រី និងទី៩ឈ្មោះ ព្រហ្ម គីរីរតនសម្បត្តិ ក្នុងនោះបានបញ្ជូនទៅពិនិត្យ និងធ្វើតេស្តមានសារធាតុញៀនក្នុងខ្លួនចំនួន ៨នាក់។

វត្ថុតាងដកហូតបានរួមមាន៖ រថយន្តម៉ាកកាមរីបាឡែនចំនួន១គ្រឿង ម៉ូតូចំនួន៣គ្រឿង កាំភ្លើងអាកា៤៧មួយដើម បង់ដាក់គ្រាប់ចំនួន១ គ្រាប់កាំភ្លើងចំនួន១១គ្រាប់ ម្សៅក្រាមពណ៌សថ្លាចំនួន៥កញ្ចប់ធំ និង២៣កញ្ចប់តូច ដាវ កាំបិត បំពង់ទីបធ្វើពីដែកជាច្រើនដើម និងទូរស័ព្ទចំនួន១១គ្រឿង។

ដោយឡែក ជនសង្ស័យម្នាក់ឈ្មោះ ពៅ វណ្ណៈ ហៅបារាំង ហៅកុត បានយកកាំភ្លើងខាងលើបាញ់ឡើងលើចំនួន ២គ្រាប់ នៅចំណុចខាងមុខផ្ទះរបស់ឈ្មោះ ត្រា (មិនស្គាល់ត្រកូល) អាយុ២២ឆ្នាំ រស់នៅភូមិភ្ញាជ័យសង្កាត់ស្វាយដង្គំ និងការស្រាវជ្រាវបន្តឃើញជននេះកន្លងមកមាន ដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តសៀមរាប ចំនួន៣ដីកាផងដែរ ពាក់ព័ន្ធនឹងគ្រឿងញៀន។

ពាក់ព័ន្ធនឹងករណីនេះ កម្លាំងសមត្ថកិច្ចកំពុងស៊ើបអង្កេតបន្ត ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាសាដំបូងចាត់តាមនីតិវិធីច្បាប់៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]