(ភ្នំពេញ)៖ ជាការពិត ខណៈដែលផលិតករល្បីៗឈ្មោះជាច្រើន បានខិតខំប្រឹងប្រែង បញ្ចេញអស់ពីលទ្ធភាព ក្នុងការផលិតកុនខ្មែរ ឲ្យមានគុណភាព និងមានការចាប់អារម្មណ៍ ខ្លាំងពីសំណាក់ទស្សនិកជនក៏ដោយ ក៏គេនៅតែសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួន ហាក់មិនទាន់ឲ្យតម្លៃ និងទទួលស្គាល់គុណភាពឲ្យទូលំទូលាយ នោះឡើយ ពោលគឺស្ទើរតែគ្រប់ភាពយន្តទាំងអស់ នៅតែមានមតិរិះគន់ ត្រង់ចំណុចណាមួយមិនដាច់។ ពាក់ព័ន្ធនឹងរឿងរ៉ាវនេះ តារាសម្ដែង និងជាតារាម៉ូដែលសិចស៊ី កញ្ញា សូដា នីតា កាលពីពេលថ្មីៗនេះ បានបញ្ចេញមតិ ក៏ដូចជាអារម្មណ៍ពិតរបស់ខ្លួន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ទាក់ទងទៅនឹងភាពយន្តនៅក្នុងប្រទេសកម្ពុជាថា មិនសូវទទួលបានការឲ្យតម្លៃ ពីសំណាក់ប្រជាជនខ្មែរ ទោះភាគយន្តខ្មែរយើង អ្នកផលិត អ្នកសរសេរ អ្នកសម្តែង ខំប្រឹងធ្វើយ៉ាងណាក្ដី។

ជាក់ស្ដែង សូដា នីតា បានសរសេរសារបង្ហោះ រៀបរាប់នៅលើគណនីហ្វេសប៊ុក របស់ខ្លួនថា «ហ៊ឺ…មិនមានអ្នកមកទប់ស្កាត់ រឿងបរទេស ចិន ថៃ ហុងកុង កូរ៉េ ។ល។ ទេ ទោះភាគយន្តខ្មែរយើង អ្នកផលិត អ្នកសរសេរ អ្នកសម្តែង ខំធ្វើ ខំប្រឹងយ៉ាងណា ក៏ប្រជាជនខ្មែរ យើងមិនឲ្យតម្លៃដែរ! មានជនជាតិខ្មែរភាគតិចណាស់ ដែលមើលរឿងខ្មែរ ព្រោះប្រជាជនខ្មែរយើង មើលរឿងខ្មែរ តែងតែរិះគន់ ថាអញ្ចេះអញ្ចុះ ឆ្គងលិចឆ្គងកើត តែបើរឿងគេវិញ មើលហើយ សមរហូត ទោះតួនោះសម្តែងឆ្គងក៏នៅល្អ ថតខុស ខោអាវ សក់ ក៏នៅមើលមិនដឹង នៅតែសរសើរថា រឿងកុនគេល្អ! តែតួគេពូកែសម្តែង ព្រោះតួគេកាន់តែចាស់ ថតកាន់តែយូរ គេកាន់តែយល់រឿងថត ហើយលុយថតកាន់តែច្រើន ការងារកាន់តែរវល់ គេមិនចោលតួចាស់ៗ ឬតួមុនៗទេ ព្រោះអ្នកថតបានច្រើនហើយល្បី មកពីគេមានទេពកោសល្យ ពេញខ្លួនខាងសម្តែង។ តួខ្មែរយើងភាគច្រើន ឆ្គង ព្រោះតួខ្មែរយើង កាន់តែថតល្បី កាន់តែថត កាន់តែអាយុរាងជ្រេបន្តិច លុយកាន់តែតិច ដើរតួលែងសូវមានតួល្អដើរ ហើយផលិតកម្មខ្លះ មិនហៅថត បើហៅថតក៏ឲ្យលុយតិច មិនសមតម្លៃ ចឹងទេសកោសល្យ ក្នុងខ្លួនមនុស្សពូកែ កប់ចោលដោយសារតែរឿងចឹង»។

ស្រីស្រស់ សូដា នីតា បានបន្តទៀតថា «(រឿងបរទេស) ទោះស្អាតយ៉ាងណា ពូកែសម្តែងយ៉ាងណា ក៏មុននឹងឡើងតួឯក គឺគេមិនដឹងឆ្លងកាត់ តួរង មិនដឹងប៉ុន្មានរឿងទេ ទើបគេយល់ការថតច្រើន មិនឆ្គងចឹងគ្រប់តួ សូម្បីតួអ្នកបំរើ។ តួយើងឆ្គង ព្រោះតួខ្មែរឲ្យតែរាងស្អាតបន្តិច ក្មេងតិច ថតយកលុយថោកតិច ទោះតួនោះមិនឆ្លាប់ថត មិនសូវចេះសម្តែង ក៏លើកធ្វើតួឯកដែរ! ដល់ពេលចេញបញ្ចាំង គឺសម្តែងឆ្គង សម្តែងមិនល្អ ស្របជាមួយប្រជាជនខ្មែរយើង មិនសូវឲ្យតម្លៃតួផង និងចូលចិត្តរិះគន់ផង បូកទាំងរឿងគេចាក់ពេញប្រទេសផង រឿងអីដែលអាចរឿងខ្មែរ ងើបទៅរួច? ដូចជាមានក្រុមហ៊ុនមួយចំនួន ខំជួលតារាគេមកសម្តែងតែ១ម៉ោង ២ម៉ោង គេយកលុយ រាប់ម៉ឺនដុល្លារ ហើយនៅចេញថ្លៃសំបុត្រយន្តហោះ អូតែលល្អៗ take care មួយចប់ គឺមិនរអ៊ូថាថ្លៃអីទេ តែបើតួខ្មែរវិញ ទារត្រឹម ៥រយ ១ពាន់ ២ពាន់ដុល្លារ ហើយមិនបាច់ចេញថ្លៃសំបុត្រយន្តហោះ អូតែល អីទេ និយាយពីថា ស្រែកចង់បែកបំពង់កហើយ ថាថ្លៃ បើសុទ្ធតែចឹងៗអី រឿងអីតួខ្មែរ រឿងខ្មែរងើបទៅរួច?»។

សូដា នីតា បានបន្ថែមយ៉ាងដូច្នេះទៀតថា «ខ្ញុំសុំទោសផង បើខ្ញុំសរសេរទៅខុសឆ្គង ឬប៉ះពាល់ តែខ្ញុំនិយាយ ឬសរសេរនេះ គឺចង់ឲ្យយើងជាជនជាតិខ្មែរដូចគ្នា គួរតែមើលឃើញ និងឲ្យតម្លៃគ្នាផង ព្រោះបើយើងជនជាតិតែមួយ មិនឲ្យតម្លៃគ្នា តើឲ្យជនជាតិផ្សេងណា មកឲ្យតម្លៃយើងកើត! សុំទោស សុំនិយាយម្តងហើយ!»៕

សូដា នីតា
សូដា នីតា
សូដា នីតា
សូដា នីតា

ប្រភព : khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា