(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើល ក៏ដូចជាតក់ស្លុត និងភ័យខ្លាចយ៉ាងខ្លាំង ខណៈដែលប្រជាពលរដ្ឋ បានប្រទះឃើញសាកសព ដែលត្រូវគេយកទៅចងព្យួរ នៅកន្លែងទេសចរណ៍មួយកន្លែង ស្ថិតនៅក្នុងតំបន់ព្រៃលិចទឹកកំពង់ភ្លុក។ ពាក់ព័ន្ធនឹងរឿងនេះអាជ្ញាធរ ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក គុជស៊ាក់ សិរីវត្ថានា ក៏បានចេញមុខបដិសេធ ចំពោះសាកសពដែលត្រូវបានគេយក ទៅចងព្យួរជាប់នឹងដើមឈើ ទាំងនោះ ថាជាសាកសពក្លែងក្លាយ ដែលក្រុមថតកុន របស់ផលិតកម្មថោន យកទៅចងព្យួរ ដើម្បីជាការសម្ដែងតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្ដី អាជ្ញាធរបានស្នើឲ្យខាងផលិតកម្ម ថោន រួមជាមួយនិងលោក K01 ដែលបានផ្សាយព័ត៌មានមិនពិត ដោយលើកឡើងថា ជាសាកសពត្រូវគេរំលោភសម្លាប់ រួចយកមកចងព្យួរ ដើម្បីបំបិទភស្តុតាង ចេញមុខមកបកស្រាយជាបន្ទាន់ ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះ ជៀសវាងធ្វើឲ្យមានការភាន់ច្រឡំ កាន់តែខ្លាំង ពីសំណាក់មហាជន និងអ្នកទេសចរណ៍ ដែលបានទៅកម្សាន្ត នៅតំបន់នោះ។

អាជ្ញាធរ ឃុំ កំពង់ភ្លុក បានប្រាប់ឲ្យដឹងថា «យើងខ្ញុំក្នុងនាមជាអាជ្ញាធរឃុំ កំពង់ភ្លុក សូមបញ្ជាក់ថា រូបភាពដែលបងប្អូនភ្ញៀវជាតិ និងអន្តរជាតិ បានឃើញសាកសពក្លែងក្លាយ ដែល ក្រុមថតកុនរបស់ផលិតកម្ម ថោន យកមកចងព្យួរក្នុងព្រៃគុបកំពង់ភ្លុក គ្រាន់តែជារូបភាពក្នុងការសម្តែងទេ សូមកុំយល់ច្រឡំ ហើយសូមឲ្យផលិតកម្មថោន និង លោក K01 ចេញមុខបកស្រាយជាបន្ទាន់។ សូមបងប្អូនដែលស្រលាញ់តំបន់ កំពង់ភ្លុក ជួយ Share ឲ្យដល់ផលិតកម្ម ថោន និង លោក K01 ឃើញផង»។

គួរបញ្ជាក់ថា ថ្មីៗនេះ ប្រជាពលរដ្ឋ ជាពិសេសអ្នកទេសចរណ៍ជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរទៅកម្សាន្ត នៅក្នុងតំបន់ទេសចរកំពង់ភ្លុក បានប្រទះឃើញនូវ សាកសពដែលត្រូវបាន គេយកទៅចងព្យួរ នៅជាប់នឹងដើមឈើ នៅក្នុងព្រៃគុប(ព្រៃលិចទឹក) កំពង់ភ្លុក ដែលបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង និងបានស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយជាបន្ទាន់ លើករណីនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]