ចិន៖ យោងតាមសារព័ត៌មាន People’s Daily ចិនគ្រោងបង្កើតព្រះចន្ទសិប្បនិម្មិតដើម្បីបំភ្លឺមេឃលើក្រុងមួយ ដែលគេអាចបញ្ជាឱ្យភ្លឺក្នុងរង្វង់ចម្ងាយពី ១០ ទៅ ៨០ គីឡូម៉ែត្រ។

រូបតំណាងព្រះចន្ទសិប្បនិម្មិត

ព្រះចន្ទដែលគេហៅថា “ផ្កាយរណបបំភ្លឺមេឃ” នឹងត្រូវតម្លើងនៅប៉ែកនិរតីនៃក្រុងឆឹងទុ ក្នុងឆ្នាំ ២០២០ ដើម្បីបញ្ចេញពន្លឺស្រទន់ដូចពេលព្រលប់នៅតំបន់នោះ ហើយគេលើកសរសើរថាវាភ្លឺជាងព្រះចន្ទពិតប្រាកដដល់ទៅ ៨ ដងឯណោះ។

មន្ត្រីមួយចំនួនបានបញ្ចេញព័ត៌មានតិចតួចណាស់ទាក់ទងនឹងគម្រោងដ៏ធំខាងលើ ប៉ុន្តែពួកគេបានបញ្ជាក់ថា គំនិតនេះបានយកលំនាំតាមវិចិត្រករបារាំងម្នាក់ ដែលរំលេចខ្សែ-កមួយធ្វើពីកញ្ចក់ ព្យួរលើផែនដី។  

ព្រះចន្ទពេលរាត្រី

បើតាមប្រភពដដែល លោក Wu Chunfend អគ្គនាយកវិទ្យាស្ថានវិទ្យាសាស្រ្តក្នុងលំហ និងបច្ចេកវិទ្យាស្រាវជ្រាវប្រពន្ធ័មីក្រូអេឡិចត្រូនិកប្រចាំក្រុងឆឹងទុ បានបង្ហាញផែនការនេះអំឡុងព្រឹត្តិការណ៍មួយក្នុងក្រុង កាលពីថ្ងៃទី ១០ ខែតុលា។

វានឹងជួយបំពេញបន្ថែមលើព្រះចន្ទដែលមានស្រាប់ ដើម្បីឱ្យមេឃរាត្រីនៃក្រុងឆឹងទុ ភ្លឺជាងមុន និងអាចប្រើជំនួសបង្គោលភ្លើង ឬប្រព័ន្ធបំភ្លឺតាមផ្លូវបាន។

ថ្វីបើស្តាប់ទៅដូចជាមិនអាចទៅរួច ប៉ុន្តែលោក Wu បានបញ្ជាក់ថា បច្ចេកវិទ្យានេះត្រូវបានពិសោធន៍ច្រើនឆ្នាំមកហើយ ដូច្នេះពេលនេះយើងត្រៀមរួចជាស្រេចក្នុងការប្រើប្រាស់។

ទោះយ៉ាងណា ព្រះចន្ទទីពីរនៅក្រុងឆឹងទុ បានប្រឈមនឹងការរិះគន់ពីក្រុមអ្នកមន្ទិលជាច្រើន ព្រមទាំងពលរដ្ឋដែលមានការព្រួយបារម្ភថា ពន្លឺនេះនឹងមានឥទ្ធិពលអវិជ្ជមានដល់បណ្តាសត្វ និងការអង្កេតតារាសាស្ត្រនានា។  

ព្រះចន្ទមួយចំណិត

យ៉ាងណាមិញ បើយោងតាមលោក Kang Weimin ដែលជានាយកវិទ្យាស្ថានអុបទិក សាលាអវកាស វិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន ពន្លឺនេះនឹងបញ្ចេញក្នុងកម្រិតដូចព្រះចន្ទពេលព្រលប់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា នេះមិនមែនជាការប៉ុនប៉ងលើកទីមួយរបស់មនុស្សឡើយ ក្នុងការដំណើរការឧបករណ៍ចំណាំងផ្លាតពន្លឺនៅលើមេឃ ដោយកាលពីអតីតកាល ធ្លាប់មានផែនការមួយចំនួនស្រដៀងគ្នានេះដែរសុទ្ធតែបរាជ័យទាំងអស់៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]