ភ្នំពេញ ៖ ក្រោយពីបាញ់ប្លន់និស្សិតឆ្នាំ ទី៤ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បន្ទាប់មកបាញ់សម្លាប់ប្លន់គ្រឿងអលង្ការ ពីបុរសជាងទង នៅផ្សារចាស់ ស្រាប់តែ នៅវេលាម៉ោង ២ និង២០នាទីរសៀលថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០១២ អំពើប្លន់ មិនខ្លាចញញើតនឹងសមត្ថកិច្ច បានកើតឡើង មួយទៀត ស្ថិតនៅភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ សកម្មភាព ប្លន់ទាំងថ្ងៃដែលក្រុមចោរ មិនខ្លាចញញើត នឹងសមត្ថកិច្ចបន្ដិចសោះនេះ បានបណ្ដាល ឱ្យជនរងគ្រោះអស់ម៉ូតូសេ ១២៥ ស៊េរី ២០១២ មួយគ្រឿង រួមទាំងរងរបួសក្បាល បន្ទាប់ពីក្រុមចោរយកកាំភ្លើងទៅវាយ ខណៈជនរងគ្រោះស្ទាក់ស្ទើរ ក្នុងការប្រគល់ ម៉ូតូ និងចង់តដៃ ។

តែទោះជាយ៉ាងណា អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានបញ្ញាក់ថា ករណីនេះមិនមែនជាករណីប្លន់ ប្រដាប់អាវុធនោះឡើយ គឺជាករណីលួច ប្រដាប់ អាវុធ ខណៈជនសង្ស័យ មានគ្នាតែម្នាក់ បានចូលទៅលួច ម៉ូតូជនរងគ្រោះ នៅក្នុងផ្ទះ ហើយជនរងគ្រោះបានឃើញទាន់ ហើយដេញពីក្រោយ ទើបបានជាដួលបែកក្បាល តែម្តង។

យ៉ាងណាក៍ដោយ យោងតាមប្រភពព័ត៌មាន ពីកន្លែងកើត ហេតុបានឱ្យដឹងថា លោក ចាន់ សុភូ អាយុ ៤៦ឆ្នាំ ខណៈដែលកំពុងដេកលេងនៅក្នុងផ្ទះ ដែលម៉ូតូរបស់គាត់ចតនៅក្បែរខ្លួន ស្រាប់ តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូស៊េរីទំនើប១គ្រឿង ទៅឈប់នៅ មុខផ្ទះ ។ ពេលនោះជនសង្ស័យម្នាក់ដៃ ប្រដាប់ ដោយកាំភ្លើងខ្ចីបានដើរចូលទៅក្នុង ផ្ទះភ្ជង់ជនរងគ្រោះ ដើម្បីយកម៉ូតូ ។

យោងតាមប្រភពព័ត៌មានខាងលើបាន បន្ដថា ខណៈនោះជនរងគ្រោះហាក់បីដូចជា ស្ទាក់ស្ទើរ និងចង់តដៃជាមួយក្រុមចោរ ដោយមិនចង់បាត់បង់ម៉ូតូ ស៊េរីទំនើបរបស់ ខ្លួនដែលទើបនឹងទិញ ស្រាប់តែជនសង្ស័យ រូបនេះ បានយកកាំភ្លើងវាយក្បាលរបស់ គាត់ បណ្ដាលឱ្យបែកទើបយកម៉ូតូដែល សោជាប់នៅជាមួយផងនោះ ជិះចេញទៅ បាត់ ខណៈដែលជនសង្ស័យ ២នាក់ផ្សេង ទៀត ដែលជាបក្ខពួករង់ចាំនៅខាងក្រៅ។

បើយោងតាមជនរងគ្រោះ ម៉ូតូរបស់ គាត់ដែលទើបនឹងទិញ ក្នុងតម្លៃប្រមាណ ២០០០ដុល្លារ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំ ពេញ 1BC 6259 ។ ក្រោយកើតហេតុ ទើបមានការភ្ញាក់ផ្អើល ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅ ដល់កន្លែងកើតហេតុ ដើម្បីសួរនាំខណៈក្រុម ចោរ មិនដឹងគេចខ្លួនទៅដល់ណាហើយនោះ។

គួររំលឹកថា រូបភាពប្លន់ដ៏គឃ្លើននេះបាន កើតឡើងរយៈពេលមួយថ្ងៃ បន្ទាប់ពីសមត្ថ កិច្ចរាជធានីភ្នំពេញ បើកកិច្ចប្រជុំរិះរកវិធាន ការបន្ថែម ក្នុងការតាមប្រមាញ់ និងទប់ ស្កាត់សកម្មភាពប្លន់ប្រដាប់អាវុធ ។

បើទោះបីសមត្ថកិច្ចរាជធានីភ្នំពេញ ជា ពិសេសកម្លាំងនគរបាល ដែលច្រើនតែទទួល ការរិះគន់ច្រើនជាងគេ ក្នុងចំណោមជួរសមត្ថ កិច្ចដទៃទៀតនោះ បានបង្ក្រាប និងចាប់ក្រុម ចោរប្រដាប់អាវុធជាច្រើនក៏ដោយ ប៉ុន្ដែនៅ តែមានសេសសល់ដដែល ។

ប្រជាពលរដ្ឋមានជំនឿថា កម្លាំងសមត្ថ កិច្ចនឹងខិតខំអស់ពីសមត្ថភាព ដើម្បីជួយ រក្សាសន្ដិសុខជូនពលរដ្ឋ និងលុបបំបាត់ការ រិះគន់ពីមាត់មួយទៅមាត់មួយ ពីចំណាត់ការ ដ៏កំសោយរបស់សមត្ថកិច្ច ខណៈដែលខ្លួន បានខិតខំទៅហើយនោះ ពោលកុំឱ្យកសាង ស្នាដៃជាច្រើន មិនត្រូវបានគេមើលឃើញ ប៉ុន្ដែ បែរជាគេរិះគន់យ៉ាងចាស់ដៃនៅពេល មានការបាញ់ប្រហារប្លន់កើតឡើង មួយពីរ ករណីនោះ ដូចពាក្យមួយឃ្លាពោលថា គុណ មួយសំពៅ ទោសមួយចូលទៅ រលាយគុណ អស់ ។

ទាក់ទិនករណីខាងលើនេះ អធិការនគរ បាលខណ្ឌពោធិ៍សែនជ័យ លោក ប៊ន សំអាត បានឆ្លើយឱ្យដឹងថា ករណីនេះគឺជា ករណីលួចប្រដាប់ដោយអាវុធ ហើយជនរង គ្រោះ ដែលបែកថ្ងាសនោះ មិនបណ្ដាលមក ពីក្រុមចោរវាយឡើយ ពោលជនរងគ្រោះ នៅពេលដែលឃើញចោរលួចម៉ូតូរបស់ខ្លួន បានដេញពីក្រោយ ហើយដូលខ្លួនឯងបែក ថ្ងាសតែម្ដងទៅ ។

លោក ប៊ន សំអាត បានបញ្ជាក់ទៀតថា  ក្នុងករណីលួចប្រដាប់ដោយអាវុធនេះ គឺ មានតែជនសង្ស័យម្នាក់ប៉ុណ្ណោះ បានធ្វើ សកម្មភាពនេះ ។ លោកសង្កត់ធ្ងន់ថា ខណៈ ជនរងគ្រោះនៅក្នុងផ្ទះ ស្រាប់តែជនសង្ស័យ ម្នាក់ដើរចូលទៅលួចម៉ូតូ ពេលនោះជនរង គ្រោះឃើញទាន់ ក៏ដេញតាម ប៉ុន្ដែ ដោយ ខ្លួនពិការផង ទើបបណ្ដាលឱ្យដួលពេលរត់ ដេញចោល ហើយបែកថ្ងាសតែម្ដង ។

លោក ប៊ន សំអាត បានបន្តថា កម្លាំងសមត្ថកិច្ចរបស់លោក នឹងខិតខំស្វែងរក ជនសង្ស័យ ដែលធ្វើសកម្មភាព លួចម៉ូតូនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

ដោយ ៖ សេង ឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]