រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ចាប់​ឃាត់ខ្លួន ខណៈ​ដែល​រូបគេ​កំពុង​តែ​ដើរ​រេរា​ៗ​នៅ​ក្បែរ​កា​រ៉ុ​ង​ពណ៌​ស​មួយ​ក្នុង​ការដ្ឋាន​សំណង់​អគារ ព្រី​ន​ស៍​ផ្លា​ហ្សា ហើយ​មេការ​ជនជាតិ​ចិន​ម្នាក់​បានឃើញ ដោយ​មានការ​សង្ស័យ​ក៏​ហៅ​សួរនាំ​ក៏​ស្រាប់តែ​រត់គេច​ខ្លួន​ស្រែក​ឆោឡោ​ទៅ​ដល់​កម្លាំង​មាន​សមត្ថកិច្ច​នៅ​ក្បែរ​ជួយ​ដេញចាប់​បាន​ភ្លាម​ៗ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​រការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​ខាង​មុខ​សំណង់​អគារ មជ្ឈមណ្ឌល ព្រី​ន​ស៍ ផ្លា​ហ្សា ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំកា​មន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជនសង្ស័យ​ដែល​បាន​ចាប់​ឃាត់ខ្លួន​មានឈ្មោះ សុខ សំណាង អាយុ​២៥​ឆ្នាំ មុខរបរ​ជា​ជាងដែក​នៅ​ក្នុង​ការដ្ឋាន​សំណង់​ខាងលើ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

មុន​ពេល​កើតហេតុ​បុរស​មេការ​ជា​ជនជាតិ​ចិន​ម្នាក់​បាន​ប្រទះ​ឃើញ​បុរស​ជា​ជនសង្ស័យ​ម្នាក់​ខាង​លើ​នៅ​ឈរ និង​ដើរ​រេរា​ៗ​ចុះឡើង​ៗ​នៅ​ក្បែរ​កា​រ៉ុ​ង​ពណ៌​ស​មួយ​នៅ​ក្នុង​ការដ្ឋាន​សំណង់​របស់​អគារ​​ខាងលើ​ដោយ​មានការ​សង្ស័យ​ក៏​បាន​ហៅ​ក្នុង​គោលបំណង​សួរនាំ ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​មេការ​ជា​ជនជាតិ​ចិន​បាន​ហៅ​សួរនាំ​នោះ​ក៏​ស្រាប់តែ​រូបគេ​បាន​រត់គេច​ខ្លួន​គេចខ្លួន​ចេញ​មក​ខាងក្រៅ​ហើយ​ក៏​ស្រែក​ឆោឡោ​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ទៅ​ដល់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់​ដែល​កំពុង​តែ​ធ្វើការ​ល្បាត​នៅ​ក្បែរ​នោះ​ជួយ​ដេញចាប់​បាន​ភ្លាម​ៗ​តែ​ម្តង ដោយ​បាន​ដកហូត​បានកា​រ៉ុ​ង​ពណ៌​ស​ចំនួន​មួយ​ដែល​មាន​ខ្ចៅ​បា​ឡុ​ង​សំរាប់​ចាប់​អ​ន្ទា​រ​ជា​ច្រើន​នៅ​ខាងក្នុង​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ចាប់​បញ្ជូន​បុរស​ជាងដែក​ជា​ជនសង្ស័យ​រួម​ទាំង​ខ្ចៅ​បា​ឡុ​ង​ចំនួន​មួយ​កា​រ៉ុ​ង​យក​មក​កាន់​នគរបាល​ប៉ុស្តិ៍​ទន្លេបាសាក់ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]