អង់គ្លេស៖ ប្រវែងនៃម្រាមដៃមនុស្សម្នាក់ អាចផ្តល់ជាគន្លឹះដើម្បីដឹងពីភេទពិតប្រាកដរបស់គេបាន។ អ្នកស្រាវជ្រាវមួយក្រុមនៅសាកលវិទ្យាល័យ Essex University នៃប្រទេសអង់គ្លេស បានឱ្យដឹងថា នារីដែលមានម្រាមដៃនាង (ដៃពាក់ចិញ្ចៀន) វែងគួរសមជាងម្រាមដៃចង្អុល ភាគច្រើនជាមនុស្សស្រលាញ់ភេទដូចគ្នា ដែលគេហៅថា “ឡេស្បៀន ឬ ស្បៀន”។

ចំពោះនារី៖ (ឆ្វេង)​ ធម្មតា - (ស្តាំ) ស្បៀន

ជាធម្មតា ម្រាមដៃនាង និងដៃចង្អុលរបស់ស្រីៗ មានប្រវែងប្រហាក់ប្រហែលគ្នា ខណៈដែលប្រុសៗមានប្រវែងម្រាមដៃទាំងពីរខុសគ្នាឆ្ងាយជាងហ្នឹង ហើយអំឡុងពេលនៅក្នុងផ្ទៃម្តាយ ទារកទាំងប្រុសទាំងស្រីនឹងទទួលឥទ្ធិពលពី អរម៉ូនតេស្តូស្តេរ៉ូនឈ្មោល (ធាតុឈ្មោល) ដូចគ្នា។

គួរឱ្យដឹងថា ភេទរបស់មនុស្សម្នាក់ត្រូវបានកំណត់ជាស្រេចនៅក្នុងផ្ទៃ ហើយវាអាស្រ័យលើកម្រិតនៃអរម៉ូនឈ្មោលដែលទារកនោះទទួលឥទ្ធិពល ឬថាតើទារកនោះប្រតិកម្មចំពោះអរម៉ូនឈ្មោលបែបណា។ បើទារករងឥទ្ធិពលខ្លាំង នោះភាគច្រើនគេនឹងក្លាយជាមនុស្សស្រលាញ់ភេទដូចគ្នា ឬស្រលាញ់ទាំងពីរភេទ (ស៊ីម២)។  

រូបតំណាងនារីស្រលាញ់ភេទដូចគ្នា

នៅក្នុងការសិក្សានេះ គេបានអង្កេតលើទារកភ្លោះស្រី ១៨ គូ ហើយជាលទ្ធផល ទារកស្បៀន មានម្រាមដៃបែបមនុស្សប្រុស (ដៃនាងនិងដៃចង្អុលខុសគ្នាឆ្ងាយ) ខុសពីបងប្អូនភ្លោះម្នាក់ទៀតរបស់ខ្លួន ដែលស្រលាញ់ភេទតាមធម្មជាតិ ថ្វីបើកើតពីផ្ទៃម្តាយតែមួយក្តី។ 

យ៉ាងណាមិញ ទារកភ្លោះប្រុស ១៤ គូ ត្រូវបានអង្កេតដូចគ្នា ខណៈលទ្ធផលគឺចំនួនទារកភេទទី៣ (ខ្ទើយ) មានម្រាមដៃបែបមនុស្សប្រុសច្រើនជាងទារកប្រុសពិត (ហាក់ដូចជាលើសធាតុឈ្មោល) ក៏ប៉ុន្តែភាពខុសគ្នានៃម្រាមដៃប្រុសៗនេះ មិនត្រូវបានចាត់ទុកជាចំណុចសំខាន់ឡើយ។ 

រូបតំណាងនារីស្រលាញ់ភេទដូចគ្នា

យ៉ាងណាមិញ ដុកទ័រ Tuesday Watts ដែលមកពីមន្ទីរចិត្តសាស្រ្តបានបញ្ជាក់ថា “ដោយកូនភ្លោះដែលមានហ្សែនដូចគ្នា ១០០% ទៅហើយ ក៏នៅតែអាចប្រែប្រួលទៅរកចំណូលចិត្តលើភេទខុសពីកូនភ្លោះម្នាក់ទៀត នោះមានន័យថាអ្វីផ្សេងៗក្រៅពីហ្សែន ច្បាស់ជាកត្តាដែលធ្វើឱ្យមានភាពខុសគ្នានេះមិនខាន ហើយដោយសារកម្រិតអរម៉ូន និងប្រវែងម្រាមដៃ មានចំណុចពាក់ព័ន្ធគ្នា នោះគេអាចដឹងពីភេទរបស់មនុស្សម្នាក់បានតាមរយៈការមើលម្រាមដៃទាំងពីរនេះ”៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]