រាជធានី​ភ្នំពេញ ៖ បុរស​សង្ហា​វ័យក្មេង​ម្នាក់​ស្រវឹង​ជោគ​ជាំ​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ទៅ​បុក​គូទ​រថយន្ត​១​គ្រឿង​ទៀត​ដែល​គេ​ចត​ទុក​នៅ​ខាង​មុខ​ផ្ទះ​ត្រង់​ចំណុច​ខាងលិច​ស្តុ​ប​ឧកញ៉ា​ម៉ុង​រិ​ទ្ធី (​ស្តុ​ប​២៤​ម៉ោង​) ប្រមាណ​២០០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវ​សម្តេច​ជា ស៊ី​ម ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។

ព្យាយាម​បើក​រត់​ក៏​ត្រូវ​សមត្ថកិច្ច​ឃើញ​ជិះ​ដេញ​តាម​ស្ទាក់​ឃាត់​ជាប់​នៅ​ខាង​មុខ​យានដ្ឋាន​អ៊ី​ប៉ូ​ល ក្បែរ​សួន​សុបិន​ចំការ​ព្រីង តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង បែរជា​បុរស​សង្ហា​រូប​នោះ​ខឹង​បាន​ជេរ​ប្រមាថ និង​ប្រតាយប្រតប់​ជាមួយ​សមត្ថកិច្ច បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៧ ខែតុលា ឆ្នាំ​២០១៨​។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​វ័យ​៣០​ឆ្នាំ​ម្នាក់ បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស LS460L ពណ៌​ស្ករ គ្មាន​ស្លាក​លេខ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ តាម​បណ្ដោយ​ផ្លូវ​សម្តេច​ជា ស៊ី​ម ទិស​ដៅ​ពី​កើត​ទៅ​លិច និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។

លុះ​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​ខាងលើ បាន​បួង​ចង្កូត​បត់​ឆ្វេង​ត្រលប់​ក្រោយ តែ​មិនដឹង​ថា​យ៉ាងម៉េច​បែរជា​រថយន្ត​ខាងលើ​បត់​មួយ​ជុំ​ទៅ​ទិស​ដៅ​ដដែល​វិញ ។ រួច​ក៏​ជ្រុល​ចង្កូត​ឡើង​ខឿន​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត ម៉ាក​តូ​យូ​តា​ហា​យ​ឡាក់​វី​ហ្គោ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AW-6748 ដែល​ឈប់​ចត​ស្ងៀម​នៅ​ខាង​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាល​ឲ្យ​ក្រពឹត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ ។

ភ្លាម​ៗ​នោះ​រថយន្ត​បង្ក​ខាងលើ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​ចេញពី​កន្លែង​កើតហេតុ​ក៏​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ជិះ​ល្បាត​ប្រទះ​ឃើញ​ក៏​ជិះ​ដេញ​តាម​ពីក្រោយ​រហូត​មក​ដល់​ខាង​មុខ​យានដ្ឋាន​អ៊ី​ប៉ូ​ល ក្បែរ​សួន​សុបិន​ចំការ​ព្រីង តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិត​ក្នុង​សង្កាត់​គោក​ឃ្លាង ទើប​អាច​ស្ទាក់​ឃាត់​ជាប់​។ ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​បាន​ចុះ​ពីលើ​រថយន្ត​ទាំង​ស្ថានភាព​ស្រវឹង​ជោគ​ជាំ ហើយ​ព្យាយាម​ដើរ​គេច​ចេញ​តែ​សមត្ថកិច្ច​បាន​ឃាត់​មិន​ឲ្យ​ចេញ​ទៅ​ណា​នោះ​ទេ បែរជា​បុរស​ខាងលើ​ស្រែក​ជេរ​ប្រមាថ​ពាក្យ​ឆ្កែ​ឆ្មា​ទៅ​លើ​សមត្ថកិច្ច​មូលដ្ឋាន​រហូត​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ខណៈ​ពេល​នោះ​អ្នក​សារព័ត៌មាន​ជា​ច្រើន​រូប​ក៏​បាន​ចុះ​ទៅ​ផ្តិត​យក​ព័ត៌មាន ហើយ​ក៏​ត្រូវ​បុរស​ស្រវឹង​ជោគ​ជាំ​ខាងលើ បំរុង​ស្ទុះ​មក​វាយ​ទៀត តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នាំ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ភ្លាម​ៗ​តែម​ង្ត ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]