សរីរាង្គភ្នែកប្រៀបដូចជាគ្រាប់ពេជ្រគ្មានអ្វីអាចដោះដូរបាន។ យើងអាចមើលឃើញអ្វីៗជុំវិញខ្លួនយើង ក៏ដោយសារសរីរាង្គមួយនេះដែរ។ វាធ្វើឲ្យយើងទទួលបាន និង រុករកបទពិសោធន៍ថ្មីៗបន្តបន្ទាប់គ្នាក្នុងឆាកជីវិត។ បើទោះបីជាយ៉ាងណាក៏ដោយ ការរស់នៅក្នុងសតវត្សរ៍ទី២១នេះ ធ្វើឲ្យអត្រានៃអ្នកជួបបញ្ហាភ្នែកក៏កាន់តែច្រើនដែរ ហើយមនុស្សភាគច្រើនក៏ពុំសូវជាចាប់អារម្មណ៍នឹងបញ្ហាភ្នែកទាំងឡាយ បណ្តាលមកពីកត្តានៃការរស់នៅប្រចាំថ្ងៃ ជាពិសេសរបបអាហារនេះឯង។

ដូច្នេះខាងក្រោមជាអាហារ៤មុខ អ្នកគួរចាប់ផ្តើមរួមបញ្ចូលក្នុងរបបអាហារ បើអ្នកស្រលាញ់និងចង់បានកែវភ្នែកមួយគូដ៏យូរអង្វែង៖ 

១. វីតាមីនA

នេះជាវីតាមីនដ៏សំខាន់បំផុតមិនអាចខ្វះបានសម្រាប់សរីរាង្គកែវភ្នែក។  វាជាសារធាតុចូលរួមផលិតកោសិកាភ្នែក ដែលដើរតួនាទីក្នុងការចាប់យករូបភាព ពន្លឺ និងពណ៌ ពីខាងក្រៅដើម្បីបញ្ជូនទៅកាន់ប្រព័ន្ធប្រសាទ។  ដូច្នេះកង្វះនៃវីតាមីនA អាចបង្កឲ្យមានហានិភ័យនៃជំងឺភ្នែកជាច្រើន ដូចជាជំងឺងងឹតភ្នែក ជំងឺឡើងទឹកបាយក្នុងប្រស្រីភ្នែកជាដើម ។ល។

អាហារសំបូរទៅដោយវីតាមីនA មានដូចជា ការ៉ុត ផ្លែល្ហុង ប៉េងប៉ោះ ម្ទេសប្លោក សាច់ត្រី និងបន្លែបៃតងភាគច្រើន។

អាហារសម្បូរ វីតាមីនA

២. អាហារសម្បូរជាតិរ៉ែស័ង្កសី

ជាទូទៅស័ង្កសីជាសារធាតុរ៉ែមួយដ៏សំខាន់ ជួយដល់ការស្រូបយកសារធាតុចិញ្ចឹម ការដឹកជញ្ជូនអុកស៊ីសែនសម្រាប់កោសិកា ហើយជួយប្រឆាំងនឹងការខូចខាតកោសិកាពីភ្នាក់ងារធ្វើឱ្យរលាកទាំងឡាយ។

សារធាតុរ៉ែមួយនេះមានអត្ថប្រយោជន៍ចំពោះសរីរាង្គភ្នែកដោយសារវាដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការលូតលាស់កោសិកាភ្នែក បញ្ជូនសារធាតុចិញ្ចឹមសម្រាប់សរីរាង្គភ្នែកតាមរយៈចរន្តឈាម  រក្សាលំនឹងនៃអរម៉ូនមួយចំនួន និងជាពិសេសប្រឆាំងការរលាកនៃកោសិកាភ្នែកបណ្តាលមកពីកត្តាទាំងក្នុង និងក្រៅកោសិកា។

អាហារសំបូរទៅដោយស័ង្កសីមានដូចជា ត្រកួន គ្រាប់ធញ្ញជាតិ ពោត និង បន្លែបៃតងស្លឹកជាច្រើនប្រភេទទៀត។

អាហារសម្បូរ សារធាតុស័ង្កសី

៣. ខ្លាញ់ OMEGA3

នេះជាខ្លាញ់តែមួយគត់ដែលល្អខ្លាំងបំផុត សម្រាប់សុខភាពនៃរាងកាយយើងទាំងមូល។ ខ្លាញ់មួយប្រភេទនេះត្រូវបានគេរកឃើញថា វាដើរតួនាទីយ៉ាងសកម្ម ក្នុងការប្រឆាំងនឹងការរលាកជាច្រើនប្រភេទ។ ពិសេសវាជួយរក្សាកម្រិតជាតិស្ករក្នុងចរន្តឈាម ដែលធ្វើឲ្យវាជាភ្នាក់ងារមួយដ៏សំខាន់ក្នុងការកាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺភ្នែកបណ្តាលមកពីជំងឺទឹកនោមផ្អែម។

អាហារសំបូរទៅដោយខ្លាញ់ OMEGA3 មានដូចជា ត្រីពពួកត្រីសាម៉ុងជាអាហារលេខមួយសំបូរដោយខ្លាញ់នេះ,  សណ្តែកសៀង,  គ្រាប់ធញ្ញជាតិ, ស៊ុត, ទឹកដោះគោ, នំបុ័ងពពួកស្រូវសាលី ជាដើម។ 

អាហារសម្បូរ ខ្លាញ់Omega3

៤.  អាហារសំបូរវីតាមីនC

វីតាមីនC មិនត្រឹមជាភ្នាក់ងារការពាររាងកាយពីការប្រឆាំងនឹងជំងឺ វាថែមទាំងដើរតួនាទីយ៉ាងសកម្ម ក្នុងការលាងសម្អាតចោលសារធាតុពុលទាំងឡាយ ឬហៅម៉្យាងទៀតថា ម៉ូលេគុលសេរី ដែលអាចប៉ះពាល់កោសិកាភ្នែក។ ជាពិសេសវាជួយដល់ការដឹកនាំសារធាតុចិញ្ចឹមសំខាន់ៗ ដូចជាសារធាតុរ៉ែ និងវីតាមីន មកឲ្យសរីរាង្គដើម្បីការលូតលាស់ និងដំណើរការធម្មតានៃកោសិកាភ្នែក។

អាហារសំបូរទៅដោយវីតាមីនC មានដូចជា ផ្លែក្រូច ម្នាស់ ក្រូចឆ្មារ ប៉ោម ស្វាយ ល្ហុង ឪឡឹក និង បន្លែបៃតងជាច្រើនមុខទៀត៕

អាហារសម្បូរ វីតាមីនC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]