ជាតិស្ករជាប្រភពនៃថាមពលសម្រាប់រាល់កោសិកាទាំងឡាយនៃរាងកាយយើង ត្រូវការរៀងរាល់វិនាទីដែលខ្វះមិនបានឡើយ។  សារធាតុផ្អែមបើយើងបរិភោគក្នុងកម្រិតមួយល្មម មិនច្រើនពេក ឬតិចពេក នឹងនាំមកនូវផលប្រយោជន៍ចំពោះសុខភាពយើង។ តែបើច្រើនពេកឬតិចពេក វានឹងនាំផលប៉ះពាល់ជាច្រើនមកវិញ។

ខាងក្រោមជាផលប៉ះពាល់មួយចំនួនបណ្តាលមកពីកម្រិតជាតិស្ករច្រើនពេក និង កង្វះនៃកម្រិតជាតិស្ករផង៖

១. តើខ្លួនប្រាណយើងនឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលយើងមានកម្រិតជាតិស្ករខ្ពស់ក្នុងខ្លួន (Hyperglycemia)?

ក. កម្រិតជាតិស្ករខ្ពស់ងាយនឹងធ្វើឲ្យយើងស្រេកទឹក

ដើម្បីកំចាត់ចោលកម្រិតជាតិស្ករដែលលើសក្នុងឈាម ខ្លួនប្រាណយើងបានទាញយកទឹកជាជំនួយបន្ថែមពីជាលិកា ដើម្បីភ្ញោចឲ្យតម្រងនោមមានភាពកាន់តែសកម្មក្នុងការច្រោះ និងផលិតជាទឹកនោម។ ប៉ុន្តែនៅពេលកម្រិតជាតិទឹកធ្លាក់ចុះជាងធម្មតា ខួរក្បាលនឹងត្រូវបានភ្ញោច និងធ្វើឲ្យយើងមានអារម្មណ៍ថាស្រែកទឹក។

ខ. កម្រិតជាតិស្ករខ្ពស់ អាចបណ្តាលឲ្យមានបញ្ហាស្បែក

ដូចបានរៀបរាប់ខាងលើ ការឆ្លើយតបរបស់រាងកាយយើង ជាមួយនឹងជាតិស្ករដែលមានលើសក្នុងឈាម តាមរយៈការស្រូបយកជាតិទឹកពីជាលិកាផ្សេងៗនៃរាងកាយយូរៗទៅអាចនឹងបង្កឲ្យមានបញ្ហាស្បែកមួយចំនួនដូចជា ឡើងបែកស្រកា និងប្រេះស្បែកនៅតាមជើង កែងដៃ បាតជើង និងដៃជាដើម។

នេះដោយសារផ្នែកខាងក្នុងនៃកោសិកាយើងទាំងអស់សុទ្ធតែបង្កឡើងពីសារធាតុទឹក។ ដូច្នេះនៅពេលវាបាត់បង់សារធាតុដ៏សំខាន់មួយនេះ វានឹងបាត់បង់នូវតុល្យភាព និងទ្រង់ទ្រាយផងដែរ។

គ. កម្រិតជាតិស្ករខ្ពស់អាចប៉ះពាល់ទៅដល់ចក្ខុវិញ្ញាណ

កម្រិតជាតិស្ករខ្ពស់មិនត្រឹមភ្ញោចឲ្យរាងកាយធ្វើការទាញយកទឹកពីជាលិកានៃខ្លួនប្រាណប៉ុណ្ណោះទេ វាក៏បានទាញពីជាលិកានៃភ្នែកយើងទៀតផង។ នេះបណ្តាលឲ្យជាលិកាពិសេសម៉្យាងរបស់ភ្នែក ដែលមានតួនាទីទទួលពន្លឺបាត់បង់លំនឹង និងមិនអាចផ្តោតលើរូបភាពខាងក្រៅ ហើយបណ្តាលយើងមានអាការព្រិលភ្នែកជាដើម។ 

២. តើខ្លួនប្រាណយើងនឹងឆ្លើយតបយ៉ាងដូចម្តេច នៅពេលយើងមានកម្រិតជាតិស្ករតិចពេកនៅក្នុងខ្លួនប្រាណ (Hypoglycemia)?

ក. កម្រិតជាតិស្ករតិចពេកងាយនឹងឲ្យយើងហត់អស់កម្លាំង

ជាធម្មតារាងកាយយើងបានប្រើប្រាស់ស្ករដើម្បីផលិតថាមពលដ៏ចាំបាច់ (ATP) ដែលកោសិកាទាំងអស់នៃរាងកាយប្រើប្រាស់សម្រាប់ដំណើរការនៃប្រតិកម្មគីមី។

ដូច្នេះនៅពេលយើងខ្វះជាតិស្ករក្នុងខ្លួន មិនអាចបំពេញនូវតម្រូវការនៃសារធាតុនេះទាន់ វាបណ្តាលឲ្យការផលិតថាមពលATP សម្រាប់កោសិកាក៏មានការធ្លាក់ចុះទៅតាមនោះដែរ។ ជាលទ្ធផលវាបណ្តាលឲ្យយើងមានអារម្មណ៍ហត់ អស់កម្លាំង និងល្ហិតល្ហៃ។

ខ. កម្រិតជាតិស្ករតិចពេកក៏ងាយនឹងឲ្យយើងបែកញើសដែរ

នៅពេលជាតិស្ករយើងធ្លាក់ក្រោមកម្រិតមួយធម្មតា ខ្លួនប្រាណយើងត្រូវបានភ្ញោចឲ្យធ្វើការបញ្ចេញអរម៉ូនពិសេសម៉្យាង(Glucagon) សម្រាប់ធ្វើការរក្សាលំនឹងនៃកម្រិតជាតិស្ករក្នុងឈាមវិញ។ ប៉ុន្តែអរម៉ូននេះកាលណាវាបញ្ចេញច្រើនក៏មានផលប៉ះពាល់ ដែលបណ្តាលឱ្យយើងងាយនឹងបែកញើសយ៉ាងច្រើនផងដែរ។

គ. កម្រិតជាតិស្ករទាប ក៏ងាយនឹងឲ្យយើងឆាប់ឃ្លានផងដែរ

នៅពេលយើងឃ្លានបានន័យថា ខ្លួនប្រាណយើងកំពុងចាប់ផ្តើមអស់ប្រភពថាមពលសម្រាប់ដំណើរការកោសិកាទាំងអស់នៃរាងកាយ។ ចំពោះមនុស្សភាគច្រើន ជាតិស្ករគឺជាប្រភពចម្បងនៃថាមពលរបស់រាងកាយ។ ដូច្នេះនៅពេលកម្រិតជាតិស្ករចាប់ផ្តើមខ្សត់ ខួរក្បាលត្រូវបានភ្ញោចឲ្យយើងមានអារម្មណ៍ឃ្លាន ដើម្បីបំពេញបន្ថែមនូវថាមពលសម្រាប់កោសិកាដែលកំពុងស្រែកឃ្លាននោះ។ 

សន្និដ្ឋាន៖

កម្រិតជាតិស្ករមិនថាតិចក្តី ឬក៏ច្រើនក្តី សុទ្ធតែនាំមកនូវបញ្ហាដល់សុខភាព។ ដូច្នេះ ការទទួលទានរបបអាហារប្រចាំថ្ងៃដែលមានកម្រិតជាតិផ្អែមល្មម ទើបជាការដ៏ប្រសើរ ដើម្បីចៀសឲ្យឆ្ងាយពីជំងឺផ្សេងៗ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]