ខេត្តបាត់ដំបង៖ ក្មេងទំនើងម្នាក់ក្នុងចំណោម២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើ«ប្លន់» កាលពីប៉ុន្មានថ្ងៃមុននៅក្នុងក្រុងបាត់ដំបង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅព្រឹកថ្ងៃទី១៧ តុលា នេះ និងកំពុងតាមចាប់បក្សពួកម្នាក់ទៀតដែលរត់គេចខ្លួន។
លោកឈឿង គឹមសុង នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឱ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះលឿម កូវ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិចុងអូរ ឃុំក្ដុលដូនទាវ ក្រុងបាត់ដំបង ។ លោកនិយាយថា ជននេះ និងបក្សពួកម្នាក់ទៀត បានធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកខ្សែ.កពីយុវជន២នាក់ កាលពីវេលាម៉ោង៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ តុលា នៅក្បែស្ដុបព្រះមុនីវង្ស ក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណៈជនរងគ្រោះទើបជិះម៉ូតូចេញពីក្លិបកំសាន្ត ។
ជនរងគ្រោះទាំង២នាក់ ឈ្មោះផាត សុគី ភេទប្រុស អាយុ១៩ឆ្នាំ និងឈ្មោះឡាំ លាក់ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ដែលធ្វើឱ្យម្នាក់របួសដៃ និងម្នាក់របួសក្បាល ហើយប្លន់យកខ្សែ.កប្លាទីន១ខ្សែ រួចជិះម៉ូតូគេចខ្លួនបាន លុះព្រឹកថ្ងៃដដែល ទើបត្រូវឃាត់ខ្លួន ក្រោយពីស្រាវជ្រាវកំណត់បាននូវមុខសញ្ញាជនដៃដល់ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]