ចិន៖ យោងតាមសារព័ត៌មានចិនមួយបានចុះផ្សាយកាលពីថ្មីៗនេះឲ្យដឹងថា មានបុរសម្នាក់ធ្វើពុតជាស្លាប់ដើម្បីបោកយកលុយធានារ៉ាប់រង ដោយមិនបានប្រាប់ប្រពន្ធជាមុន ចុងក្រោយប្រពន្ធនោះក៏បានសម្លាប់កូនទាំងពីរ រួចក៏សម្លាប់ខ្លួនឯងតាមក្រោយដើម្បីបានជួបជុំប្តី។

រូបគ្រួសាររបស់លោក He

តាមប្រភពបានរាយការណ៍ថា ប្តីនោះមាននាមត្រកូល He វ័យ ៣៤ ឆ្នាំ ហើយដំបូងទ្បើយគាត់បានខ្ចីទ្បានមួយគ្រឿងពីក្រុមហ៊ុនឯកជនមួយកន្លែង កាលពីថ្ងៃទី ១៩ ខែកញ្ញាកន្លងទៅនេះ បន្ទាប់មកគាត់ក៏បានធ្វើពុតជាស្លាប់ដោយបានបើកទ្បាននោះចូលទៅក្នុងទន្លេ Zijiang ខេត្តហ៊ូណាន ប្រទេសចិន។ បន្ទាប់ពីហេតុការណ៍មួយនេះបានកើតទ្បើងភ្លាម ប៉ូលិសក៏បានចុះទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យ និងស្វែងរកសាកសព ប៉ុន្តែពួកគេមិនអាចរកឃើញសាកសពគាត់នោះទេ។

ទ្បានដែលលោក He ធ្វើពុតជាបើកចូលក្នុងទន្លេ

បីសប្តាហ៍ក្រោយមកប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Dai បានរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំង។ មុនពេលដែលអ្នកនាងសម្រេចចិត្តធ្វើអត្តឃាតកូនទាំងពីរ និងខ្លួនឯងនោះ នាងបានបង្ហោះសារមួយនៅលើគណនី WeChat របស់នាងផ្ទាល់ ដោយក្នុងនោះនាងបានរៀបរាប់ថា ក្រុមគ្រួសាររបស់អ្នកស្រីតែងតែចោទប្រកាន់ថា គាត់ចាយលុយខ្ជះខ្ជាយ និងបងប្អូនខាងប្តីគាត់ថែមទាំងបានចោទប្រកាន់ថា នាងជាហេតុបង្កដែលធ្វើឲ្យប្តីរបស់នាងស្លាប់ទៀត។ 

អ្នកនាង Dai បាននិយាយថា គាត់មិនអាចទ្រាំនឹងការចោទប្រកាន់នេះបានទៀតទេ ហើយគាត់ពិតជាអស់សង្ឃឹមនៅក្នុងការបន្តជីវិតទៀតហើយ ដូច្នេះគាត់ក៏សម្រេចចិត្តធ្វើអត្តឃាតកូនទាំងពីរ និងខ្លួនឯងដោយ បានចងដៃកូនទាំងពីរ រួចបោះទម្លាក់ចូលទៅក្នុងទឹកស្រះយ៉ាងជ្រៅ ហើយគាត់ក៏បានលោតចូលទៅក្នុងទឹកស្រះនោះបញ្ចប់ជីវិតតែម្តង។

អ្នកនាង Dai និងកូនទាំងពីរ

ក្រោយមកប្តីរបស់គាត់បានឮដំណឹងនេះភ្លាម ក៏បានឈប់លាក់ខ្លួន ហើយសារភាពប្រាប់ប៉ូលិសតាមត្រង់ ហើយមូលហេតុដែលគាត់ធ្វើពុតជាស្លាប់នេះគឺដើម្បីចង់បោកយកលុយពីក្រុមហ៊ុនធារារ៉ាប់រងមកដោះស្រាយបញ្ហាហិរញ្ញវត្ថុដល់ខ្លួនគាត់ ប៉ុន្តែគាត់មិននឹកស្មានថាប្រពន្ធគាត់បានសម្លាប់កូនទាំងពីរ និងខ្លួនឯងដើម្បីបានជួបជុំជាមួយគាត់សោះ។

លោក He

យ៉ាងណាមិញ ខាងប៉ូលិសបានឃុំខ្លួនបុរសម្នាក់នេះពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងការលួចបន្លំដោយចេតនា ហើយនឹងត្រូវដោះស្រាយទៅតាមនិតិវិធីច្បាប់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]