(ភ្នំពេញ)៖ លួចម៉ូតូបានហើយ បែរជាយកមកទុកកន្លែងដើមវិញ ហើយគេចខ្លួនបាត់១០ថ្ងៃ ស្មានតែរួចខ្លួន ជាលទ្ធផលត្រូវម្ចាស់ម៉ូតូជាមន្ត្រីនគរបាលឃើញចាប់ក្របួចប្រគល់ឲ្យនគរបាលខណ្ឌឬស្សីកែវម្នាក់ ខណៈជនសង្ស័យប្រើប្រាស់គ្រឿងញៀន២នាក់ផ្សេងទៀត ក៍ត្រូវបានឃាត់ខ្លួនផងដែរ រួមជាមួយឧបករណ៍ជក់គ្រឿងញៀនមួយចំនួន នៅក្នុងប្រតិបត្តិការ២ករណីផ្សេងគ្នា។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងរបស់លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ។

លោកអធិការនគរបាលណ្ឌឬស្សីកែវបានឲ្យដឹងថា ជនសង្ស័យជាចោរលួចម៉ូតូ និងជាអ្នកប្រើប្រាស់គ្រឿងញៀនដែលឃាត់ខ្លួនបានឈ្មោះ យ៉ោម ផល្លា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៤១ ក្រុមទី៦ ផ្លូវបេតុង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។ ចំណេកជនរងគ្រោះឈ្មោះ សេង ឫទ្ធី ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរនគរបាលជាតិ ស្នាក់នៅផ្ទះលេខ15H ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ បណ្ដោះអាសន្នផងដែរ។ ឯជនសង្ស័យ២នាក់ផ្សេងទៀត ដែលពាក់ព័ន្ធបទល្មើសប្រើប្រាស់គ្រឿងញៀនមានឈ្មោះ ស៊ុល គីភ្លី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៧១១ ក្រុម១ ភូមិ១សង្កាត់ច្រាំចំរេះ១ ខណ្ឌឬស្សីកែវ និងម្នាក់ទៀតឈ្មោះ សាំង សូនីកា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនរងគ្រោះជាមន្ត្រីនគរបាល បានប្រាប់សមត្ថកិច្ចពីដំណើររឿងមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូយ៉ាងដូច្នេះថា កាលពីថ្ងៃទី៧ តុលា «ពោលគឺកាលពី១០ថ្ងៃមុន» មានគេឃើញជនសង្សយ័ផ្លោះរបងទ្វារមុខផ្ទះរបស់ជនរងគ្រោះចូលទៅក្នុងផ្ទះលួចយកម៉ូតូ នឹងកាបូបលុយបណ្ដើរចេញមកខាងក្រៅបានសម្រេចហើយ ស្រាប់តែនៅថ្ងៃខែឆ្នាំដដែល នាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៨ តុលា ជនសង្ស័យបែរជាយកម៉ូតូនោះទៅទុកនៅផ្ទះជនរងគ្រោះវិញ រួចគេចខ្លួនបាត់តែម្ដង ខណៈដែលជនរងគ្រោះពុំបានដាក់ពាក្យបណ្តឹងឡើយ។ លុះមកដល់រសៀលថ្ងៃទី១៦ ខែតុលា ជនរងគ្រោះជាមន្ត្រីនគរបាល បានឃើញជនសង្ស័យនៅតាមបណ្ដោយផ្លូវបេតុងរថភ្លើង ក្នុងក្រុមទី៦ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ក៏ឃាត់ជនសង្សយ័មកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាត់ការតែម្តង ដោយដកហូតបានម៉ូតូ១គ្រៀងម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅលាយត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 1GQ-5257 ព្រមទាំងបានប្រគល់ជូនទៅឲ្យជនរងគ្រោះជាមន្ត្រីនគរបាលវិញផងដែរ។

លោកអធិការនគរបាលណ្ឌឬស្សីកែវដដែលរូបនេះបានឲ្យដឹងទៀតថា ក្រោយបង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូម្នាក់ និង២នាក់ផ្សេងទៀតប្រើប្រាស់គ្រឿងញៀន រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ត្រូវបាននាំមកឃុំខ្លួនសាកសួបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]