កណ្តាល ៖ បន្ទាប់ពីមាន ការភ្ញាក់ផ្អើលថា ព្រះសង្ឃ នៅវត្តអង្គខ្នា មានជំងឺឆ្កួត ពេញមួយវត្ត នៅពេលដែលកាប់ដើមឈើ ចេញ ដើម្បីកសាងវត្តនោះ ត្រូវគេអះអាងថា សុទ្ធតែល្បិចបោកប្រាស់ ដោយសារសង្ឃនោះពុំមានប្រាក់គ្រប់គ្រាន់សងថ្លៃទិញសំភារៈ សម្រាប់កសាងវត្ត រួចក៏បានយកលេសថា ក្នុងវត្តនេះមានខ្មោចលង។

តាមរបាយការណ៍របស់ អធិការស្រុកពញាឮ  វរៈសេនីយ៍ត្រី ទឹម សាវុធ ផ្ញើជូនឧត្តមសេនីយ៍ ស្នងការខេត្តកណ្តាល អ៊ាវ ចំរើន បានឲ្យដឹងថា ព្រះចៅអធិការវត្តនេះ មានគំនិតចង់កសាងវត្តដោយបានចាប់ផ្តើម ពិភាក្សាជាមួយព្រះសង្ឃផ្សេងៗទៀត ហើយក៏បានសម្រេចឲ្យ គេដឹកសម្ភារៈចូលវត្ត ដូចជាគ្រួស ខ្សាច់ ថ្ម ដើម្បីកសាងវត្ត ប៉ុន្តែបន្ទាប់ពីការដឹកមកដល់វត្តហើយ បែរជាអត់ប្រាក់ឲ្យម្ចាស់សម្ភារៈនោះ ក៏ត្រូវព្រះចៅអធិការវត្ត សុន រស្មី អង្គនេះ បានបង្គាប់បញ្ជាឲ្យព្រះសង្ឃ ជាសាមណេ ៣អង្គតូចៗធ្វើជាខ្មោចចូល។

របាយការណ៍នោះបានឲ្យដឹងទៀតថា រាល់ពេលដែលព្រះចៅអធិការវត្តនេះ បានជួបជាមួយលោកមេឃុំទំនប់ធំ គឺព្រះចៅអធិការ ពុំមានជំងឺឆ្កួតទេ។ ប៉ុន្តែពេលជួបគេផ្សេងៗទៀតព្រះសង្ឃអង្គនេះមានចរឹកដូចខ្មោចចូលទៅវិញ។

កាលពីថ្ងៃទី១០ ខែធ្នូ ព្រះចៅអធិការ សុន រស្មី បានទៅជួលល្ខោនរបស់ លោក នូ ឡេង ជាមេឃុំមកលេងក្នុងវត្ត ដែលមានតម្លៃមួយលានប្រាំសែនរៀល ក្រោយមក បីថ្ងៃក៏បាននាំគ្នាចេញពីវត្ត ដោយហេតុផលថា នៅវត្តអង្គខ្នា មានខ្មោចលង។

លោកមេឃុំថា ព្រះចៅអធិការអង្គនេះ មានបញ្ហាផ្ទាល់ខ្លួន ដោយអត់បាយ អត់ទឹកក៏ក្លាយទៅជាមានជំងឺ ហើយត្រូវក្រុមគ្រួសារយកទៅស្រោចទឹក។

លោក មេឃុំទំបន់បានឲ្យដឹងទៀតថា ព្រះអង្គ សុន រស្មី មានឪពុកឈ្មោះ សុន ឡុក ប្រពន្ធឈ្មោះ ឡៃ បានយកលុយ ដែលព្រះអង្គសន្សំប្រហែលជា៦០០០ដុល្លារ ទៅផ្ញើឈ្មោះ យឹម ពិសិទ្ធិ ហៅ ហេង នៅរាជធានីភ្នំពេញ ហើយព្រះចៅអធិការមានគំនិតចង់កសាងវត្ត ក៏បានពិភាក្សាជាមួយលោក មេឃុំ ហើយសម្រេចឲ្យ គេដឹកគ្រួស ខ្សាច់ ថ្ម ដើម្បីកសាងវត្ត ក្រោយមកត្រូវបានម្ចាស់សម្ភារៈ ទៅយកលុយ ហើយព្រះចៅអធិការវត្តក៏បានឲ្យឳពុកដែលជាអាចារ្យធំនៅក្នុងវត្ត ទៅយក ពីឈ្មោះ យឹម ពិសិទ្ធ ប៉ុន្តែយកពុំបាន ព្រះចៅអធិការវត្តក៏បានគាស់ត្បូងចេញពីធ្មេញចំនួន២គ្រាប់និងខ្សែក្រវ៉ាត់យកទៅលក់បានប្រាក់ត្រឹមតែ១.៥០០ដុល្លារ ទៅ២.០០០ដុល្លារ ក៏សងគេមិនគ្រប់ទៀត។ លោក មេឃុំរៀបរាប់បន្តថា គ្រួសារព្រះចៅអធិការមានគំនិត ឲ្យបួសសន្សំទ្រព្យ ចំណែកព្រះចៅអធិការ មានគំនិតថាបួសត្រូវកសាងវត្ត ដូចព្រះចៅអធិការដទៃទៀត ប៉ុន្តែបែរជាដឹកឥវ៉ាន់ មកមិនមានថវិកាឲ្យគេទៅវិញ៕

ដកស្រង់ពីគេហទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]