រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​គ្រឿងញៀន​ញៀន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់​ត្រូវ​ប្រជាពលរដ្ឋ​ក្នុងភូមិ​តវ៉ា​ឲ្យ​ដោះ​លែង​បាន​ផ្ទុះអាវុធ​៦​គ្រាប់ ហើយ​នាំ​គ្នា​រត់ឡើង​រថយន្ត និង​ម៉ូតូ​គេចខ្លួន​អស់ បណ្តាល​ឲ្យ​អ្នក​ភូមិ​២​នាក់​ភ័យ​រហូត​សន្លប់ ចំណែក​ជនសង្ស័យ​២​នាក់​ដែល​សមត្ថកិច្ច ចាប់​វាយ​ខ្នោះ​រួច​ហើយ​នោះ​ក៏​មិន​បាន​នាំ​យក​ទៅ​ដែរ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែតុលា នៅ​ក្នុងភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។

កុមារី​រង​គ្រោះ​ដោយសារ​តែ​ភ័យ​តក់ស្លុត​នឹង​ស្នូរ​គ្រាប់កាំភ្លើង​រហូត​សន្លប់​មានឈ្មោះ​លី​ហ្សា អាយុ​១៣​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​មាន​ជ​ង្ងឺ​បេះដូង​ឈ្មោះ​អៃ សាស់ អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម ដួល​សន្លប់​ស្ដូកស្ដឹង​ដូច​គ្នា សម្រាក​ព្យាបាល​នៅផ្ទះ​។

ចំណែក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ត្រូវ​សមត្ថកិច្ច​ចាប់​វាយ​ខ្នោះ​មានឈ្មោះ​វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នឹង​ម្នាក់​ទៀត​ឈ្មោះ​ស៊ិ​ន យ៉ា​ស់ អាយុ​៣៥​ឆ្នាំ ភេទ​ស្រី អ្នក​ទាំង​ពីរ​ជា​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​មានការ​ភ្ញាក់ផ្អើល​មាន​ស្ត្រី​ម្នាក់​ដែល​អ្នក​ភូមិ​ស្គាល់​ថា ឈ្មោះ​ស្រី​កា ជា​ជនជាតិ​វៀតណាម និង​ជា​អ្នកស៊ើប​ការណ៍​អោយ​សមត្ថកិច្ច​បាន​ដើរ​ចូល​ទៅ​ក្នុងភូមិ ។

អ្នក​ភូមិ​បាន​បញ្ជាក់​ទៀត​ថា នៅ​ក្នុង​ខ្លួន​ស្ត្រី​នោះ​មាន​គ្រឿងញៀន​នៅ​ជាប់​នឹង​ខ្លួន​ទៀត​ដើរមក​ហៅ​អោយ​គេ​ទិញ លុះ​មួយសន្ទុះ​ក្រោយ​ក៏​មាន​ខាង​កម្លាំង​មន្ទីរ​ប្រឆាំង​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ​(​មិន​ច្បាស់​ថា​មក​ពី​ការិយាល័យ​មួយ​ណា​ទេ​) មួយ​ក្រុម មាន​គ្នា​ច្រើន​នាក់​បាន​ចុះ​មក​ដល់​ដោយ​ជិះ​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក ហើយ​នាក់​ជិះ​ក្នុង​រថយន្ត​នោះ​មាន​ស្លៀកពាក់​ឯកសណ្ឋាន​សមត្ថកិច្ច នឹង​មាន​ម៉ូតូ​២​គ្រឿង​ទៀត ជិះ​ដោយ​បុរស​៤​នាក់ ស្លៀកពាក់​ស៊ី​វិល ជិះ​ចូល​មក​ក្នុងភូមិ​បាន​ធ្វើ​សកម្មភាព​បង្ក្រាប នឹង​ឃាត់ខ្លួន​បុរស​ស្ត្រី​២​នាក់​ខាងលើ​វាយ​ខ្នោះ ។

ភ្លាម​ៗ​ដោយ​ចោទប្រកាន់​ថា​សង្ស័យ​មាន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​សួរនាំ ពី​ការ​បង្ក្រាប និង​សួរ​រក​អង្គភាព ត្រូវ​ខាង​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​នោះ​ឆ្លើយ​តប​វិញ​ដោយ​សម្តី​គ​ម្រួ​ស​គម្រើយ នឹង​គ្មាន​សុជីវធម៌​ថា​កុំ​ចេះ​ដឹង អាណា​ហ៊ាន​ថតរូប និ​ងសួរនាំ​ច្រើន​ប្រយ័ត្ន​អញ​បាញ់​បំបែក​ក្បាល​ចោល​។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]