ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​យី​ឌុ​ប​បុក និង​កិន​បណ្តាល​អោយ​បែកក្បាល​ធ្លាយ​ខួរ ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​បុរស​រង​គ្រោះ​ធ្វើ​អត្តឃាត​ដោយ​រត់​ចូល​រថយន្ត ។

ហេតុការណ៍​ដ៏​គួរ​អោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​តុលា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨​អា ត្រង់​ចំណុច​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ ខាង​មុខ​ហាង​ម៉ែក្មេក ហេង​ហេង ដែល​ស្ថិត​ក្នុងភូមិ​ស្វាយ​អ​ន្ទ​រ​ទី​1 ឃុំ​និង​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឆាយ ផានិត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាច់ ឃុំ​ចុង​អំពិល ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង​។

បើ​យោង​តាម​សម្តី​របស់​អ្នកស្រុក​ដែល​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នៅ​ចំណុច​រង្វង់​មូល​នោះ​បានឱ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ឈរ​តែ​ម្នាក់ឯង​នៅ​ក្បែរ​ចិញ្ចើមថ្នល់​ក្នុង​សភាព​ស្ងៀមស្ងាត់ ទឹកមុខ​ក្រៀមក្រំ លុះ​ពេល​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ធំ ៣A-០៩៨៨ បើក​មក​ក្បែរ ស្រាប់តែ​បុរស​រង​គ្រោះ​ស្ទុះ​រត់​ចូល​ពីមុខ​រថយន្ត បណ្តាល​អោយ​រថយន្ត​បុក​ និង​កិន​ពីលើ​ចំ​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​អ្នកបើកបរ​រថយន្ត​ក្រោយ​កើតហេតុ​ភ្លាម ក៏​បាន​ចត​រថយន្ត​ចោល​ហើយ​រត់គេច​ខ្លួន​បាត់​។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ខាងលើ​នេះ បើ​តាម​សំដី​របស់​អ្នកស្រុក​ដែល​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​បាន​អះអាង​ថា ជន​រង​គ្រោះ​រត់​ចូល​ឡាន​សម្លាប់​ខ្លួន ដោយសារ​តែ​តូចចិត្ត ព្រោះ​ប្រពន្ធ​រត់​ចោល ទើប​គិត​ខ្លី​លែង​ចង់​រស់​។

ដោយឡែក​ខាង​សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ព្រោះ​នៅ​ជុំវិញ​កន្លែង​កើតហេតុ​ពុំ​មាន​សាក្សី​ណា ហ៊ាន​អះអាង​បញ្ជាក់​អោយ​ច្បាស់ ដូច្នេះ​ជំហាន​ដំបូង​សមត្ថកិច្ច​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ជន​រង​គ្រោះ​ដើរ​ឆ្លងថ្នល់​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ទើបត្រូវ​រថយន្ត​បុក​ស្លាប់​។ តែ​ទទួលស្គាល់​ថា រឿង​ជន​រង​គ្រោះ​ត្រូវ​ប្រពន្ធ​រត់​ចោល​នោះ គឺ​ពិតមែន​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]