អេស្ប៉ាញ៖ លោក Eric Abidal ដែលធ្លាប់ជាអតីតខ្សែការពាររបស់ក្លិប FC Barcelona បាននិយាយថា នៅពេលដែលកីឡាករ Lionel Messi បានដើរចេញពីមិត្តរួមក្រុមរបស់គេដោយស្ងាត់មិននិយាយអ្វីនោះ គឺបានន័យថារូបគេកំពុងមានការខឹងសម្បារហើយ។ 

Messi ត្រូវបានលោក Diego Maradona ដែលជាអតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន ធើ្វការរិះគន់ទៅលើរូបគេជុំវិញបញ្ហាការស្ងាត់ស្ងៀមរបស់គេ រាល់ពេលបញ្ចប់ការប្រកូតដែលបានបរាជ័យ ទាំងក្នុងក្លិប និងក្នុងក្រុមជម្រើសជាតិ។ 

Lionel Messi
Eric Abidal

ឆ្លើយតបទៅនឹងការរិះគន់ នាយកផ្នែកកីឡារបស់ក្លិប Sevilla លោក Joaquin Caparros បានបញ្ជាក់ដែរថា៖ «តាមពិតទៅ Messi ចូលចិត្តសត្វតោ ដូច្នេះហើយនៅពេលដែលគេខឹងម្តងៗគឺដូចជាតោដែលមិនចេះនិយាយ ប៉ុន្តែបញ្ចេញកាយវិការឲ្យគេដឹងភ្លាម»។ 

លោក Abidal ក៏បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ក្លិបថា៖ «គេជាប្រធានក្រុមដែលអាចដឹកនាំកីឡាករបានល្អ ព្រោះថាគេមានទេពកោសល្យហើយក៏ជាមនុស្សម្នាក់ដែលឥទ្ធិពលមួយរូបផងដែរ។ គេមិនសូវចេះនិយាយច្រើននោះទេ ប៉ុន្តែគេបានបង្ហាញយើងគ្រប់គ្នាឲ្យដឹងតាមរយៈកាយវិការរបស់គេនៅលើទីលានប្រកួត។ នៅក្នុងបន្ទាប់ផ្លាស់សម្លៀកបំពាក់វិញគេជាកីឡាករដែលសំខាន់មួយរូបសម្រាប់យើង ហើយពួកយើងតែងតែនិយាយថា Leo មិនចាំបាច់និយាយទេខ្ញុំដឹងថាអ្នកគិតអ្វីហើយ»។

Abidal បានបន្ថែមថា៖ «គ្រប់គ្នាសុទ្ធតែបានដឹងនៅពេលដែលគេខឹង ហើយគ្រប់គ្នាក៏ដឹងដូចគ្នានៅពេលដែលគេសប្បាយចិត្ត។ ហើយគេក៏មានតួនាទីសំខាន់មួយដែរ នៅពេលដែលជ្រើសរើសកីឡាករយុវជនមកចូលរួមជាមួយពួកយើង។ គេគឺជាកីឡាករដ៏អស្ចារ្យ ហើយពួកយើងក៏អរគុណដល់គេចំពោះការជួយកីឡាករដទៃទៀតឲ្យបានកើនឡើងសមត្ថភាពដូចគេដែរ»។ 

Lionel Messi និង Eric Abidal
Lionel Messi

គួរឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi បានសូមដកខ្លួនពីក្រុមជម្រើសជាតិអាហ្សង់ទីនមួយរយៈ បន្ទាប់ពីពូកគេបានធ្លាក់នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកក្រោមថ្វីជើងរបស់ក្រុមមាន់គោកបារាំង នៅក្នុងប្រទេសរុស្ស៊ីកន្លងទៅ។

ចំពោះការប្រកួតនៅក្នុងក្លិប FC Barcelona សម្រាប់រដូវកាលនេះវិញ រូបគេអាចស៊ុតបញ្ចូលទីបានចំនួន ៦គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៨លើកឲ្យក្រុមការពារដំណែងជើងឯកក្របខណ្ឌលីកកំពូលរបស់អេស្ប៉ាញមួយនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]