ថ្នាំអាស្ពៀរីន (ASPIRIN) ជាប្រភេទថ្នាំបំបាត់ការឈឺចាប់ ដែលអាចរកបាននៅតាមឱសថស្ថាននានា។  វាត្រូវបានប្រើប្រាស់សម្រាប់បំបាត់អាការមួយចំនួនដូចជា ឈឺសាច់ដុំ  ឈឺធ្មេញ  ផ្តាសាយ  ឈឺក្បាល  និងកាត់បន្ថយអាការរលាកក្តៅខ្លួនទៀតផង។

ថ្មីៗនេះការស្រាវជ្រាវពីមន្ទីរពេទ្យទូទៅនៅរដ្ឋ Massachusetts សហរដ្ឋអាមេរិក បានរកឃើញថាថ្នាំ ASPIRIN អាចកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺមហារីកថ្លើមទៀតផង។

បើយោងទៅតាមការសិក្សាទៅលើសំណាកជាង ១៧០ ០០០នាក់ អស់រយៈពេល ៣ទសវត្សរ៍  គេបានប្រមូលទិន្នន័យអំពីទម្លាប់  របៀបលេបថ្នាំ  បរិមាណ និងរយៈពេល ដែលពួកគេប្រើប្រាស់ថ្នាំ ASPIRIN។ ចំណែកទិន្នន័យមួយទៀត គេសិក្សាលើការធ្វើរោគវិនិច្ឆ័យមើលជំងឺមហារីកថ្លើម។

ជាលទ្ធផលបង្ហាញឲ្យឃើញថា សំណាកដែលប្រើប្រាស់ថ្នាំនេះអស់រយៈពេល ៥ឆ្នាំ ក្នុងកម្រិតត្រឹម ៣២៥មីលីក្រាម២ដង (ឬច្រើនជាងនេះ) រៀងរាល់សប្តាហ៍មានហានិភ័យវិវឌ្ឍជំងឺមហារីកថ្លើមធ្លាក់ចុះរហូត ៥៩%។ រីឯក្រុមសំណាកមួយចំនួនទៀត ដែលបញ្ឈប់ការប្រើប្រាស់ថ្នាំ ASPIRIN ហានិភ័យនៃការវិវឌ្ឍន៍ជំងឺនេះក៏មានកើនឡើងវិញដែរ។

អ្វីដែលពិសេសនោះគឺ ប្រភេទថ្នាំបំបាត់ការឈឺចាប់ដទៃទៀតដូចជា Ibuprofen ឬ Acetaminophen ពុំមានបង្ហាញឲ្យឃើញឥទ្ធិពលប្រឆាំងនឹងការវិវឌ្ឍន៍ជំងឺមហារីក ដូចថ្នាំ ASPIRIN ឡើយ។

បើទោះបីជាយ៉ាងណាក៏ដោយ នេះគ្រាន់តែការស្រាវជ្រាវដោយប្រើប្រាស់សំណាក ទាញយកទិន្នន័យ ដើម្បីធ្វើការសន្និដ្ឋានប៉ុណ្ណោះ។ ប៉ុន្តែគេពុំទាន់ដឹងនៅឡើយអំពីមូលហេតុមេកានិចជាក់លាក់ដែលថ្នាំ ASPIRIN មានឥទ្ធិពលទៅលើកោសិកាមហារីកថ្លើមនៅឡើយ។

#បម្រាម៖

ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រាល់ប្រភេទណាក៏ដោយ ក្នុងបរិមាណមួយច្រើនលើសកម្រិត មិនថាតែ ASPIRIN នោះទេ សុទ្ធតែអាចបង្កផលប៉ះពាល់ផ្សេងៗទៀតដូចជា បញ្ហារលាកក្រពះ ដំបៅក្រពះ ឈឺក្បាលវិលមុខ អាឡែកស៊ី និងបញ្ហាតម្រងនោមទៀត៕

ថ្នាំASPIRIN
ថ្នាំASPIRIN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]