អេស្ប៉ាញ៖ ក្រោយពីក្លិបអធិរាជស Real Madrid សម្រេចចិត្តចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Zinedine Zidane និងបានលក់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ទៅឲ្យក្លិប Juventus រួចមក ខ្សែបម្រើ Luka Modric បានសារភាពថាគេមិនដែលនឹងស្មាន ពួកគេទាំង ២នាក់ដាច់ចិត្តចាកចេញពីក្លិបបែបនេះសោះ។

Luka Modric
Cristiano Ronaldo

ខ្សែបម្រើឆ្នើមរបស់ក្រុមជម្រើសជាតិក្រូអាតនេះ បានសារភាពប្រាប់សារព័ត៌មាន France Football ឲ្យដឹងថា៖ «ខ្ញុំមិនដែលរំពឹងថាកីឡាករ Cristiano Ronaldo និង Zinedine Zidane អាចនឹងចាកចេញពី Santiago Bernabeu នៅក្នុងរដូវកាលក្តៅនៃការផ្លាស់ប្តូរកីឡាករនោះទេ»។

នៅក្នុងរដូវកាល ២០១៧-១៨ក្រុម Real Madrid បានបញ្ចប់ទៅដោយភាពជោគជ័យបំផុតដែលពួកគេអាចទទួលជ័យជម្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ដល់ទៅ ៣លើកជាប់ៗគ្នា ប៉ុន្តែពួកគេក៏បានបាត់បង់គ្រូបង្វឹក Zidane និង Ronaldo ផងដែរនៅក្នុងរដូវកាលថ្មីនេះ។

ជាមួយគ្នានេះដែរ Modric បានប្រាប់ឲ្យ France Football ដឹងថា៖ «ខ្ញុំក៏មិនដែលគិតថា Zidane នឹងចាកចេញហើយ Ronaldo ក៏ដូចគ្នា។ ជាការពិតនៅពេលដែលមានពាក្យចចាមអារ៉ាមអំពី Cristiano ថាគេនឹងចាកចេញ សម្រាប់ខ្ញុំវិញ គឺខ្ញុំប្រាកដក្នុងចិត្តថាគេនឹងស្នាក់នៅបន្តជាមួយពួកយើង។ ខ្ញុំពិតជាមានសំណាងដែលមាន Zidane ជាគ្រូបង្វឹក ខ្ញុំតែងតែគិតថាលោកនឹងជួយពួកយើងរហូត ប៉ុន្តែធាតុពិតទៅវាខុសស្រលះពីការគិតរបស់ខ្ញុំ»។ 

Luka Modric និង Zinedine Zidane
Cristiano Ronaldo និង Zinedine Zidane

នៅក្នុងឆ្នាំ ២០១៨-១៩នេះ អាចថាជាឆ្នាំដ៏ជោគជ័យមួយរបស់ខ្សែបម្រើ Luka Modric ដោយរូបគេបានឈ្នះនូវពានរង្វាន់ដូចជាពានរង្វាន់ Golden Ball ជាមួយក្រុមជម្រើសជាតិក្រូអាត, ពានរង្វាន់ UEFA Men's Player of the Year និង ពានរង្វាន់ The Best FIFA Men's Player ជាមួយក្រុម Real Madrid ផងដែរ៕

Luka Modric

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]