ខេត្តកំពង់ចាម ៖ ព័ត៌មាន​គួរ​ឲ្យ​រន្ធត់ ​និង​បាន​បង្ហាញ​ពី​ភាព​សាហាវ​នឹក​ស្មាន​មិន​ដល់​មួយ​ ធ្វើ​ឱ្យ​​៣​នាក់​ឪពុក​កូនត្រូវ​ស្លាប់​ក្នុង​ការ​កាប់ប្រហារ​​និង​កាំបិត​ផ្គាក់ ខណៈ​លើកគ្នា​មក​សងសឹក​គូ​ជម្លោះ កាលពី​វេលា​ម៉ោង​៥​និង​​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ស្ថិត​នៅ​ក្នុងភូមិ​ថ្មកែវ ឃំ​ុ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។

៣​នាក់​ឪពុក​កូន ​ដែល​ត្រូវ​កាប់​ស្លាប់​ក្នុង​ថ្លុកឈាម​ គឺ​បុរស​ជា​ឪពុក​ឈ្មោះ នី ណុ​ន អាយុ​៥៣​ឆ្នាំ និង​កូន​ទាំង​២​ ម្នាក់ឈ្មោះ ណុ​ន ឆ​វ័ន អាយុ​១៩​ឆ្នាំ និង​ម្នាក់​ទៀត​ ឈ្មោះ ណុ​ន វី អាយុ​២១​ឆ្នាំ ។ ឪពុក​និង​កូន​មាន​ទីលំនៅ​ភូមិ​ថ្មកែវ ឃំ​ុ​ត្រប់ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម ។ ចំណែក​ជន​ដៃដល់​ម្នាក់​ឈ្មោះ ឯម ភៀ​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ ជាមួយ​គ្នា ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ​ក្រោយ​ពេល​កើតហេតុ​ផង​ដែរ ។វត្ថុ​តាង​កាំបិត​ផ្គាក់​ក​កុក ​មាន​ដង​វែង​មួយ​ដើម​របស់​ជន​ដៃដល់ ។

ដើមចម​ ដែល​បណ្តាល​ឲ្យ​កើត​មាន​ឈុត​ឆាកប្រយុទ្ធ​គា្ន​សុ​ី​សាច់​ហុតឈាម​នោះ ត្រូវ​បាន​ជន​ដៃដល់​ឈ្មោះ ឯម ភៀ​ង ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ​ ខ្លួន​និង​ឈ្មោះ ណុ​ន វី បាន​ផឹក​សុ​ី​ជាមួយ​គ្នា​នៅ​នឹង​ផ្ទះ​របស់​​ខ្លួន ​(​ឯម ភៀ​ង​) ។ ពេល​កំពុង​ផឹក​សុ​ី​ជុំ​គ្នា​នោះ ពួក​គេ​បាន​លើកយក​រឿងរ៉ាវ​ផ្សេង​ៗ​មក​ជជែក​ក្នុង​វង់​ផឹក​ដែល​គេ​ហៅ​ថា​ ផឹកស្រា​ក្លែម​សំដី ។ លុះ​បន្តិច​ក្រោយមក​ ជាតិ​សុរា​ជ្រាប​ចូល​ក្នុង​ខ្លួន​គេ​ម្នាក់​ៗ ក៏​កើត​មាន​ទំនាស់​ពាក្យ​សំដី​ខ្លាំង​ៗ​តែ​ម្តង ។ ជន​ដៃដល់​បន្ត​ថា នៅ​ពេល​មាន​ទំនាស់​ពាក្យ​សំដី​គ្នា​កើតឡើង ខ្លួន​ក៏​បាន​ស្ទុះ​ទៅ​ទាញ​យក​កា​បិត​ផ្គាក់ ​ក្នុងផ្ទះ​មក​កាប់​ឈ្មោះ ណុ​ន វី បណ្តាល​ឲ្យ​រង​របួស​តែ​បន្តិច​ទេ ប៉ុន្តែ​ពេល​នោះ​ឈ្មោះ ណុ​ន វី ក៏​និយាយ​ថា មិន​អី​ទេ​ប៉ុណ្ណឹង ! ហើយ ណុ​ន វី ក៏​ឈប់​ផឹក​ដើរទៅ​ផ្ទះ​របស់​ខ្លួន​បាត់​ទៅ ។

មួយសន្ទុះ​ក្រោយមក ឈ្មោះ ណុ​ន វី ក៏​បាន​នាំ​ឈ្មោះ នី ណុ​ន និង​ឈ្មោះ ណុ​ន ឆ​វ័ន ត្រូវជា​ឪពុក​និង​ប្អូន មក​រករឿង​គាត់​​ដល់​ផ្ទះ​ម្តងទៀត ដោយ​មាន​ខ្លះ​កាន់​ពូថៅ​ និង​ខ្លះ​កាន់ដំបង​ជាប់ដៃ ជា​សកម្មភាព​មួយ​ក្នុង​គោល​បំណង​លើកគ្នាសងសឹក​សុ​ី​សាច់​ហុតឈាម​គ្នា​តែ​ម្តង ។ ឈ្មោះ ឯម ភៀ​ង សារភាព​ប្រាប់​ប៉ូលិស​ទៀត​ថា ឃើញ​ដូច្នោះ​ ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ឪពុក​និង​កូន​មក​រំលោភ​បំពាន បាន​ដោយ​ស្រួល​ៗ​នោះ​ទេ ក៏​ទាញ​យក​កាំបិត​ផ្គាក់​កាន់​ជាប់ដៃ និង​បាន​កាប់​ទៅ​លើ​ឪពុក​ និង​កូន​ទាំង​៣​នាក់​មុន ទើប​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​២​នាក់​ឪពុក​និង​កូន គឺ​ឈ្មោះ នី ណុ​ន និង​ឈ្មោះ ណុ​ន ឆ​វ័ន ។ ចំណែក​ឈ្មោះ ណុ​ន វី ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​បា​ធា​យ ។

ពេល​ដឹង​ថា ខ្លួន​បាន​កាប់​មនុស្ស​ស្លាប់​ទាំង​៣​នាក់​ឪពុក​និង​កូន​ក្នុង​ថ្លុកឈាម​ហើយ​នោះ ខ្លួន​ចង់​រត់គេច​ដែរ បុ​៉​ន្តែ​ដោយ​ជាតិ​សុរា​ស្រវឹង​ធ្លាក់​ភ្នែក​ មិន​អាច​គេច​ទៅ​ណា​រួច ទើប​បណ្តោយ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។ ជន​ដៃដល់​បាន​បញ្ជាក់​ចុង​ក្រោយ​ថា រឿងរ៉ាវ​ដំបូង​មិនជា​ធំដុំ​ទេ ហើយ​ពួក​គេ​ ក៏​គ្មាន​ទំនាស់​គ្នា​កន្លង​មក​ដែរ ប៉ុន្តែ​នេះ​ ដោយសារ​សុរា​ជា​ត្រីមុខ​ ផឹកស៊ី​ក្លែម​សំដី ទើប​បណ្តោយ​ឲ្យ​មោ​បាំងជញ្ជាំង​បិទ​លែង​ស្គាល់​​មិត្ត​ស្គាល់​សត្រូវ​បែប​នេះ។

សាកសព​៣​នាក់​ឪពុក​និង​កូន​ ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ដោយ​ក្តី​វិយោគ​ក្តុកក្តួល​អួលអាក់ និង​រន្ធត់​ចិត្ត​ក្រៃ​លែង​ឮ​តែ​សម្លេង​ខ្ល​ង​ខែ​ក​លាន់​រំពង​ពេញ​ភូមិ​និយាយ​លែង​ចេញ ។ លោក​អធិការ​នគរបាល​ស្រុក​បា​ធា​យ​បញ្ជាក់​ថា ជនល្មើស​ដែល​បាន​ក្លាយជា​ឃាតករ ត្រូវជា​ប្អូនថ្លៃ​របស់​អ្នក​ស្លាប់​ឈ្មោះ នី ណុ​ន (​ប្រពន្ធ​នឹង​ប្រពន្ធ​បងប្អូន​បង្កើត​) ។ ពេល​នេះ​ ជំនាញ​កំពុង​តែ​បំពេញ​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​ទៅ​សាលាដំបូង​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​ដោយ​ចេតនា​ដែល​អាច​ប្រឈម​នឹង​ទោស​មួយ​ជីវិត​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]