(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ ឲ្យដឹងថា កម្លាំងនគរបាលរបស់លោក មានប៉ុស្ដិ៍ និងខណ្ឌ បានតាមស៊ើបអង្កេត រហូតឈានដល់សហការគ្នាបង្ក្រាបឃាត់ខ្លួនបានជាក់ស្ដែង ទាំងព្រឹក-ល្ងាច និងនៅពេលរាត្រី ចំពោះក្រុមជនសង្ស័យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន ជាបន្តបន្ទាប់ចំនួន៥នាក់ ដកហូតបានវត្ថុតាងថ្នាំញៀនចំនួន៤កញ្ចប់ថង់ រួមជាមួយឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ក្នុង៣ករណី និង៣ទីតាំងផ្សេងគ្នា។

នៅក្នុងប្រតិបត្តិការខាងលើនេះដែរ បានធ្វើឡើងនៅត្រង់ចំណុចសំណង់មិនរៀបរយ តាមបណ្ដោយផ្លូវលំ ក្រុមទី១៤ ភូមិផ្សារតូច សង្កាត់ទួលសងែ្ក១ និងនៅត្រង់ចំណុចក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ និងមួយកន្លែងទៀត នៅត្រង់ចំណុច ក្រុមទី៧ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់ឲ្យបានដឹងរបស់លោកវរសេនីយ៍ឯក គល់ យី ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

លោកអធិការបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចតាមស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែងទី១-ឈ្មោះ សុទ្ធ សុខុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះ៣១K ផ្លូវលំ ភូមិទួលគោក សងា្កត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (ជាអ្នកប្រើប្រាស់) ទី២-ឈ្មោះ ង្វៀង វាំងញី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាកឬស្សីកែវ (ជាអ្នកប្រើប្រាស់) ទី៣-ឈ្មោះ យ៉ា ប្រហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣៦៥ ក្រុម៥ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (ជាអ្នកប្រើប្រាស់) ទី៤-ឈ្មោះ ង្វៀង ធីជីម ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម៤ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ (ជាអ្នកប្រើប្រាស់) ទី៥-ឈ្មោះ ម៉ើ ហ្វារីនិន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៦៥ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ (រក្សាទុកគ្រឿងញៀន)។

លោកអធិការបានឲ្យដឹងទៀតថា ក្រោយពីបង្ក្រាបបានក្រុមជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ក្នុង៣ករណី និង៣ទីតាំងផ្សេងគ្នា ត្រូវបាននាំមកឃុំខ្លួនសាកសួបណ្ដោះអាសន្នភ្លាមៗ នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]