(ភ្នំពេញ)៖ កវីនិពន្ធបទ «អ្នកណាកែចិត្តបង» ដែលកំពុងតែល្បីល្បាញខ្លាំង ក្នុងមជ្ឈដ្ឋានសិល្បៈ និងមហាជនទូទៅ ហើយទើបតែបញ្ចេញ Full MV ថ្មីៗនេះ បានបង្ហាញមុខជាសាធារណៈ ឲ្យមហាជនបានស្គាល់រូបលោក និងដឹងពីប្រវត្តិតស៊ូទាំងលំបាក ខណៈដែលកន្លងមកលោកក៏ធ្លាប់មាន ស្នាដៃនិពន្ធបទច្រើនមកហើយដែរ។ មានហាជនមួយចំនួនធំ តែងតែមានភាពងឿងឆ្ងល់ថា តើកវីនិពន្ធបទនេះ គឺជានរណា ដោយសារតែភាពងឿងឆ្ងល់ និងការចង់ដឹងនេះហើយ ទើបធ្វើឲ្យលោកបានបង្ហាញពីមុខមាត់ពិត និងប្រាប់ពីប្រវត្តិរបស់ខ្លួន ដ៏គួរឲ្យភ្ញាក់ផ្អើល។

អ្នកនិពន្ធបទនេះ មានឈ្មោះថា សូរ រ:បូរី មានស្រុកកំណើតនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ជាកវីនិពន្ធប្រកបដោយមនោសញ្ចេតនា និងអត្ថន័យចាក់ដោត ញាប់ញ័រអារម្មណ៍ ទឹកដៃនិពន្ធរបស់លោកមានទម្ងន់ មានភាពប៉ិនប្រសប់ក្នុងការតាក់តែង។ លោក សូរ រ:បូរី បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា លោកបានចាប់អាជីពក្នុងការនិពន្ធ ចាប់ផ្ដើមតាំងពីឆ្នាំ២០១១មកម្ល៉េះ ប៉ុន្តែក្នុងការតែងនិពន្ធរបស់លោក ក្នុងពេលនោះមិនទាន់មានភាពជោគជ័យនៅឡើយទេ លោកបានបោះបង់ចោលម្តងរួចមកហើយ ដោយមូលហេតុសំខាន់ គឺរាល់បទដែលគេទម្លាក់ឲ្យនិពន្ធ គឺមិនឃើញតារាចម្រៀង រូបណាម្នាក់ច្រៀង ហើយមានពេលខ្លះទៀត គឺមានគេយកប៉ារូលបទទៅកែ ទាំងមិនប្រាប់ ឬសូម្បីតែបទបានច្រៀងហើយ មិនដាក់ឈ្មោះលោកក៏មាន។

លោកបានបន្តទាំងអារម្មណ៍អាក់អត់ចិត្ត ស្ទើរអួលដើមកថា ទោះបីជាមានរឿងបែបនេះកើតឡើង លើរូបគាត់ជាច្រើនលើកច្រើនសារក៏ដោយ តែក្ដីសង្ឃឹមនិងបន្តក្ដីស្រមៃ ក្នុងបេះដូងនៅតែមានជានិច្ច ដោយសារតែការស្រឡាញ់ លើវិថីក្នុងការតែងនិពន្ធខ្លាំងពេក។ ក្នុងឆ្នាំ ២០១៤ លោកបានឃ្លាតឆ្ងាយស្រុកឆ្ងាយភូមិ ខំមករស់នៅទីក្រុងភ្នំពេញ ទាំងភាពលំបាកវេទនា ធ្វើការបណ្តើរ សរសេរបទចម្រៀងបណ្តើរ។ ម្យ៉ាងវិញទៀតលោកបានដាក់រនាំងលាក់បាំងគ្រួសារថា លោកមករស់នៅភ្នំពេញ មានការងារល្អធ្វើហើយ ក្ដីស្រមៃរបស់លោកជិតបានជោគជ័យហើយ សូមកុំបារម្ភ លោកខំលាក់បាំងគ្រួសារទាំងទឹកមុខញញឹមតែយំក្នុងចិត្ត ព្រោះមិនចង់ឲ្យអ្នកណាម្នាក់ដឹង ពីភាពលំបាករបស់លោក មិនចង់ឲ្យគ្រួសារដឹងហើយពិបាកចិត្តហើយម្យ៉ាងវិញទៀត នៅសល់តែអ្នកម្ដាយ។

ជារៀងរាល់ថ្ងៃ កវីរូបនេះ តែងតែខិតខំប្រឹងប្រែងធ្វើការ និងខិតខំសរសេរបទចម្រៀង ទាំងមិនខ្លាចពាក្យថា «ហត់» លោកតែងតែប្រាប់ខ្លួនឯងថា ក្ដីស្រមៃនឹងរត់មករក ក្នុងពេលណាមួយ ដោយភាពប្រឹងប្រែងការអត់ធ្មត់ លោកបានសម្រេចនៅក្ដីសង្ឃឹម។ បទដែលមានការគាំទ្រ ចំពោះស្រទាប់យុវវ័យ ដែលមានអត្ថនយ័ឈឺផ្សា ពោរពេញដោយការឈឺចាប់ខកចិត្ត ព្រោះស្នេហានោះ គឺបទ «អ្នកណាកែចិត្តបង» ដែលជាស្នាដៃនិពន្ធរបស់លោក។ មិនតែប៉ុណ្ណោះស្របពេលនោះដែរ កវីនិពន្ធរូបនេះ បានសរសេរបទចម្រៀងជាច្រើនដូចជាបទ «ខ្យល់បក់ដីហុយ» ច្រៀងដោយលោក សុខ ដែន បទ «វិលវិញមកសង្សារបងអើយ» ច្រៀងដោយ មោឌិញ បទ «ប្រាកដទេថា គេស្នេហ៍បងជាងអូន» ច្រៀងដោយ ណាណៃ បទ «បានប្រពន្ធមេម៉ាយសប្បាយចិត្ត» ច្រៀងដោយ ឆែម សេរីរដ្ឋា និងមានបទជាច្រើនបទទៀត ខណៈបទទាំងនេះមានការគាំទ្រមិនចាញ់បទ «អ្នកណាកែចិត្តបង»ប៉ុន្មានឡើយ។

លោក សូរ រ:បូរី មានតែម្រាមដៃដប់ អរគុណដល់ពុកម៉ែបងប្អូន ដែលតែងតែគាំទ្រ និងស្រឡាញ់រាប់អានរូបលោក ហើយសង្ឃឹមថា ពុកម៉ែបងប្អូន និងបន្តការគាំទ្រ នូវបទថ្មីៗ ដែលត្រៀមចេញក្នុងពេលឆាប់ៗនេះទៀត៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]