ការហូបផ្លែឈើដែលជាផ្នែកមួយនៃរបបអាហារ នឹងមិននាំមកនូវហានិភ័យនៃជំងឺទឹកនោមផ្អែមនោះទេ។ ប៉ុន្តែវាថែមទាំងផ្តល់នូវសារៈប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។

១. អ្វីជាជំងឺទឹកនោមផ្អែម?

ជំងឺទឹកនោមផ្អែមបណ្តាលឲ្យបុគ្គលមាននូវកម្រិតជាតិស្ករក្នុងឈាមខ្ពស់ខ្លាំង ដែលធ្វើឲ្យតម្រងនោមច្រោះមិនទាន់ត្រូវបញ្ចេញចោលតាមរយៈទឹកនោម។

ជាដំបូងយើងត្រូវស្គាល់អរម៉ូនអាំងស៊ុយលីន ដែលជាប្រភេទអរម៉ូនដ៏សំខាន់ខ្លាំងផលិតឡើងដោយកោសិកាលំពែង ដែលវាមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាកម្រិតជាតិស្ករឲ្យនៅធម្មតា តាមរយៈការភ្ញោចកោសិកាទាំងឡាយនៃរាងកាយ(ជាពិសេសកោសិកាសាច់ដុំ ថ្លើម និងជាលិកាខ្លាញ់) ឲ្យធ្វើការចាប់យកជាតិស្ករដែលនៅសល់តាមចរន្តឈាម រក្សាទុក។

ជំងឺទឹកនោមផ្អែមមាន២ប្រភេទ៖

ជំងឺទឹកនោមផ្អែមប្រភេទទី១ គឺជាជំងឺសេនេទិចបង្កពីកំណើត ហើយបុគ្គលមាននូវអាការៈមួយ ដែលរាងកាយពុំអាចផលិតនូវអរម៉ូនអាំងស៊ុយលីនបានទេ។

ជម្ងឺទឹកនោមផ្អែមប្រភេទទី២ គឺបណ្តាលមកពីកោសិកាលំពែងដំណើរការមិនបានល្អ ផលិតអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់បរិមាណជាតិស្ករក្នុងឈាម ឬក៏ដោយសារកោសិកាយើងមានភាពរេស៊ីស្តង់ជាមួយអរម៉ូនអាំងស៊ុយលីន ដែលជាហេតុបណ្តាលឲ្យកោសិកាមិនអាចធ្វើការស្រូបយកជាតិស្ករពីក្នុងឈាមបាន។

បើទោះបីជាជំងឺទឹកនោមផ្អែមប្រភេទទី១ ពុំទាន់មានវិធីសាស្ត្ព្យាបាល ឬបង្ការនៅឡើយក៏ដោយ  តែអ្នកកើតជំងឺនេះមានភាគរយតិចបំផុត បើប្រៀបធៀបជាមួយជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមនុស្សទូទាំងពិភពលោកកើតមាន។ ជំងឺទឹកនោមផ្អែមប្រភេទ២នេះ អាចបង្ការបានតាមរយៈការអនុវត្តនូវរបៀបរបបរស់នៅមួយដ៏ល្អ ដូចជារបបអាហារ និងការធ្វើលំហាត់ប្រាណជាដើម។

២. តើផ្លែឈើអាចបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមដែរឬទេ?

ផ្លែឈើជាប្រភពនៃស្ករធម្មជាតិ ដែលជាផ្នែកមួយនៃប្រភពថាមពលសម្រាប់រាងកាយយើងដ៏ចាំបាច់។ ដូចបានរៀបរាប់ខាងលើអីចឹង កាលណាកម្រិតជាតិស្ករឡើងខ្ពស់ វានឹងភ្ញោចឲ្យអរម៉ូនអាំងស៊ុយលីនធ្វើសកម្មភាពទម្លាក់កម្រិតជាតិស្ករនោះមកធម្មតាវិញ។ ប៉ុន្តែនៅពេលរបបអាហារយើងប្រចាំថ្ងៃសម្បូរទៅដោយជាតិស្ករ (ជាពិសេស ការពិសាភេសជ្ជៈប៉ូវកម្លាំងដែលមិនមែនជាស្ករធម្មជាតិ) អាចបណ្តាលឲ្យដំណើរការនៃអរម៉ូនអាំងស៊ុយលីនខុសប្រក្រតី។

ទោះបីយ៉ាងណាការហូបផ្លែឈើជាចំណែកមួយនៃរបបអាហារដែលនឹងមិនបង្កហានិភ័យនៃជំងឺទឹកនោមផ្អែមឡើយបើយើងហូបក្នុងកម្រិតមួយល្មមដែលមានកំណត់។ ជាការពិតមិនអាចប្រកែកបានឡើយ រាងកាយយើងតែងតែត្រូវការលំនឹងមិនថាលក្ខណៈជីវសាស្ត្រមួយណាឡើយ ពោលគឺមិនត្រូវតិចពេក ឬក៏ច្រើនពេកឡើយគឺសមល្មម។

ការហូបផ្លែឈើក្នុងកម្រិតមួយល្មម ជារបបអាហារមួយដ៏សំខាន់ខ្លាំង ព្រោះវាមិនត្រឹមផ្តល់ឲ្យនូវសារធាតុចិញ្ចឹមសំខាន់ជាច្រើនប៉ុណ្ណោះទេ (ដូចជាវីតាមីនជាច្រើនប្រភេទ សារធាតុរ៉ែ និងសារធាតុសរសៃជាដើម) លើសពីនេះទៅទៀត វាថែមទាំងជាប្រភពនៃស្ករធម្មជាតិដែលផ្តល់នូវថាមពលដល់រាងកាយយើងប្រសើរខ្លាំងជាងការស្ករសំយោគផលិតចេញពីរោងចក្រទៅទៀត៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]