ជាការពិត វីតាមីនA ជាសារធាតុចិញ្ចឹមដ៏សំខាន់មួយបែប ដែលរាងកាយយើងត្រូវការជាប្រចាំសម្រាប់ការលូតលាស់ និងការពង្រឹងប្រព័ន្ធភាពស៊ាំ។ បើទោះបីជាខ្លួនប្រាណយើងពុំអាចផលិតវីតាមីននេះបានដោយខ្លួនឯងក្តី  តែយើងអាចទទួលវាបានតាមរយៈចំណីអាហារបានយ៉ាងគ្រប់គ្រាន់ដូចជា ការ៉ុត ដំឡូងផ្អែម ថ្លើមមាន់ ថ្លើមគោ ត្រីសាម៉ុង និងអាហារកំប៉ុងមួយចំនួន (ទឹកដោះគោ យ៉ាអ៊ួរ ជាដើម)

បរិមាណនៃវីតាមីនA ដែលបុគ្គលមួយត្រូវទទួលទានប្រចាំថ្ងៃគឺអាស្រ័យទៅលើកត្តាផ្សេងៗផងដែរដូចជា អាយុ និងភេទជាដើម។  បើយោងទៅតាមវិទ្យាស្ថានជាតិនៃសុខភាពនៅសហរដ្ខអាមេរិកបានឲ្យដឹងថា កម្រិតវីតាមីនAដ៏ល្អបំផុត គឺ៩០០មីលីក្រាម ពោលគឺប្រហែល៣ផ្លែធំៗនៃការ៉ុត ឬក៏ ១ផ្លែនៃដំឡូងផ្អែម (Sweet Potato) អាចផ្តល់បានរហូតដល់ទៅ ១០០០មីលីក្រាមនៃវីតាមីនA ទៅហើយ។ វាបានន័យថាការហូបដំឡូងផ្អែម១ គឺគ្រប់គ្រាន់សម្រាប់តម្រូវការនៃវីតាមីនA ក្នុងមួយថ្ងៃ។

បើទោះបីជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនពុំយល់ច្បាស់អំពីតម្រូវការនៃសារធាតុចិញ្ចឹមទាំងនេះ ហើយយល់ឃើញថាការហូបកាន់តែច្រើន កាន់តែប្រសើរសម្រាប់សុខភាពខ្លួនទៅវិញ។ ដូច្នេះពួកគេបានប្រើប្រាស់នូវថ្នាំជំនួយបន្ថែមនៃវីតាមីនA ដោយពុំដឹងថា របបអាហារ ដែលពួកគេបរិភោគប្រចាំថ្ងៃគឺគ្រប់គ្រាន់សម្រាប់តម្រូវការសារធាតុចិញ្ចឹមនៃវីតាមីនAនេះទៅហើយ។

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានសិក្សាទៅលើកម្រិតកានៃរទទួលទានវីតាមីនមួយនេះ។ ជាលទ្ធផលគេបានសន្និដ្ឋានថា ការទទួលទានវិតាមីនAច្រើនហួសហេតុ អាចបង្កនូវផលប៉ះពាល់ចំពោះឆ្អឹងយ៉ាងខ្លាំង។ វាអាចធ្វើឲ្យឆ្អឹងបាត់បង់ដង់ស៊ីតេ ឡើងផុយ ស្តើង និងងាយបាក់ដែលសុទ្ធតែជារោគសញ្ញានៃជំងឺពុកឆ្អឹង។

បើទោះបីជាវីតាមីនA ជាសារធាតុចិញ្ចឹមមួយដ៏សំខាន់មិនអាចខ្វះបានក្តី ប៉ុន្តែការទទួលទានក្នុងកម្រិតមួយច្រើនលើសលប់នឹងអាចនាំមកនូវផលប៉ះពាល់ដល់សុខភាពឆ្អឹងរបស់លោកអ្នក។ ដូច្នេះការទទួលទានចំណីអាហារប្រចាំថ្ងៃដែលមានការ៉ុត ដំឡូងផ្អែម ថ្លើមមាន់ ឬ គោ និងសាច់ត្រីជាដើម បានផ្តល់នូវតម្រូវការនៃវីតាមីនAគ្រប់គ្រាន់សម្រាប់រាងកាយលោកអ្នកទៅហើយ៕

ប្រភេទថ្នាជំនួយវីតាមីនហៅថា Supplement
ភាពខុសគ្នានៃដង់ស៊ីតេឆ្អឹង មុន និង ក្រោយ ប្រើប្រាស់ថ្នាំជំនួយវីតាមីនA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]