បេះដូងជាសរីរាង្គមួយដ៏សំខាន់នៃរាងកាយយើង ដែលដំណើរការមិនចេះឈប់ ហើយដើរតួនាទីយ៉ាងសំខាន់ដឹកនាំឈាមទៅគ្រប់កោសិកាទាំងអស់នៃរាងកាយ ដើម្បីដឹកនាំឧស្ម័នអុកស៊ីសែនចូលនិងយកកាបូនឌីអុកស៊ីតចេញ។ ជាពិសេសវាធ្វើការនាំយកសារធាតុចិញ្ចឹមសំខាន់ៗសម្រាប់កោសិកានិងបំពេញតួនាទីរៀងរាល់វិនាទី។

យើងឃើញហើយថាសរីរាង្គមួយនេះពិតជាសំខាន់មិនអាចខ្វះបានឡើយ។ ទោះបីជាយ៉ាងណា យូរៗទៅកត្តាអាយុ  របបអាហារ ឬកង្វះការធ្វើលំហាត់ប្រាណសុទ្ធតែអាចធ្វើឲ្យបេះដូងចុះខ្សោយ និងធ្វើការរុញឈាមដែលផ្តល់ឲ្យរាងកាយមិនបានគ្រប់គ្រាន់ ឬមិនទាន់ពេល។  វាអាចធ្វើឲ្យខ្លួនប្រាណបាត់បង់តុល្យភាព ដំណើរការមិនប្រក្រតី  និងជាពិសេសធ្វើឲ្យយើងឈឺក្បាលខ្លាំង បាត់បង់សតិអារម្មណ៍ និងអាចឈានដល់ការសន្លប់ទៀតផង ព្រោះកោសិកាខួរក្បាលត្រូវការអុកស៊ីសែនយ៉ាងចាំបាច់។

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញមូលហេតុចំបងមួយទៀតដែលជាដើមហេតុនៃជំងឺខ្សោយបេះដូង នោះគឺលំហូរនៃសារធាតុកាល់ស្យូមចេញចូលកោសិកាបេះដូងមិនទៀងទាត់។

អ្នកដឹងទេសារធាតុកាល់ស្យូមមិនត្រឹមតម្រូវការរបស់កោសិកាឆ្អឹងសម្រាប់ការលូតលាស់និងភាពរឹងមាំប៉ុណ្ណោះទេ វាក៏ជាតម្រូវការកោសិកានៃសាច់ដុំបេះដូង សម្រាប់រាល់ការកន្ត្រាក់ទាំងឡាយរៀងរាល់វិនាទីដែរ។ បើខ្វះកាល់ស្យូមនេះវានឹងធ្វើឲ្យការច្របាច់បេះដូងមិនខ្លាំង ឬខុសចង្វាក់ដែលសុទ្ធសឹងនាំមកនូវបញ្ហាបេះដូង និងប៉ះពាល់ដល់ការផ្គត់ផ្គង់ឧស្ម័នអុកស៊ីសែន និងសារធាតុចិញ្ចឹមសម្រាប់កោសិកាទាំងឡាយនៃរាងកាយ។

មូលហេតុនៃបញ្ហាលំហូរសារធាតុកាល់ស្យូមទាំងអំបាលមាណ ព្រោះសារធាតុពិសេសម៉្យាងឈ្មោះ SERCA ដែលដឹកនាំសារធាតុកាល់ស្យូម វាដើរតួនាទីមិនបានល្អនិងមិនត្រឹមត្រូវ។ ដូច្នេះក្រុមអ្នកស្រាវជ្រាវ បានផ្តោតលើមេកានិចជីវសាស្ត្រមួយនេះ ហើយបានព្យាយាមធ្វើការផលិតម៉ូលេគុលពិសេសម៉្យាង (DWORF) ដែលជាសារធាតុប្រូតេអ៊ីនល្អិតៗអាចភ្ជាប់ជាមួយសារធាតុ SERCA ដើម្បីភ្ញោចឲ្យវាមានភាពសកម្មឡើងវិញ និងបំពេញតួនាទីរបស់វាឲ្យបានត្រឹមត្រូវក្នុងការដឹកនាំសារធាតុកាល់ស្យូមចេញចូលក្នុងកោសិកាបេះដូង។

នេះជារបកគំហើញមួយដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាស្រាវជ្រាវបន្ថែមទៀតដល់ការផលិតថ្នាំប្រើប្រាស់សម្រាប់ព្យាបាលជំងឺខ្សោយបេះដូង ដែលវា ច្រើនជាមូលហេតុនៃជំងឺគាំងបេះដូងនេះឯង៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]