(ភ្នំពេញ)៖ កំហឹងមិនមែនជាដំណោះស្រាយទេ សម្រាប់មនុស្សគ្រប់រូប បើយើងចេះធ្វើចិត្តទប់កំហឹងខ្លួនឯងបាន នោះរឿងធំនឹងក្លាយជារឿងតូច រឿងតូចនឹងក្លាយជាមិត្តភាព បើសិនជាយើងមិនអាចធ្វើចិត្តទប់កំហឹងខ្លួនឯងបានទេ នោះយើងនឹងអាចក្លាយជាជនល្មើសដោយប្រការណាមួយ។

ចំណែកអំពើលួច ឆក់ប្លន់នេះវិញ ក៏ជាអំពើដែលប្រជាជនគ្រប់រូបស្អប់ខ្ពើមបំផុត មិនថាឋិតក្នុងរូបភាពណានោះទេ ជាការពិតណាស់រាជធានីភ្នំពេញ ជាទីក្រុងដែលពោរពេញទៅដោយទីប្រជុំជន មនុស្សអូរអរច្រើន និងមានរមណីដ្ឋានច្រើនកន្លែងផងដែរ ដែលប្រជាជនជាច្រើន បានធ្វើដំណើរកំសាន្តតាមរមនីយដ្ឋានផ្សេងៗ ហើយក្នុងពេលធ្វើដំណើរបងប្អូនខ្លះជិះឡាន ខ្លះជិះម៉ូតូ ហើយថែមទាំងមានសម្ភារមានតម្លៃ លុយកាក់យកទៅជាមួយផងដែរ ហើយក៏ជាពេលដែលជនអគតិមួយចំនួន ដែលសង្គមស្អប់ខ្ពើម បានឆ្លៀតឱកាស ធ្វើសកម្មភាពលួច ឆក់ ប្លន់ តាមគ្រប់រូបភាពដោយមិនគិតពីសុវត្ថិភាពអ្នកដទៃ ពេលខ្លះបណ្តាលឲ្យមានប្រជាពលរដ្ឋគ្រោះថា្នក់ ពិការ និងអាចប៉ះពាល់ដល់អាយុជីវិតផងដែរ។

យ៉ាងណាក្តីអាវុធហត្ថរាជធានីភ្នំពេញ តែងតែបានបង្ក្រាបពួកទាំងនេះជារឿយ បញ្ជូនទៅគុកព្រៃសរជាច្រើនរយនាក់ ច្រើនករណីមកហើយ ដោយជានិច្ចជាកាលអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌទាំង១២ តែងតែល្បាតការពារសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋទាំងថ្ងៃទាំងយប់ ពេញ២៤ម៉ោង នៅតាមភូមិសាស្រ្តគោលដៅរៀងៗខ្លួន ដោយមិនខ្លាចភាពនឿយហត់។

ជាក់ស្តែងនៅម៉ោង០២៖០០រសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ពាក់ព័ន្ធ០២ករណីផ្សេងគ្នា ហើយរូបគេទាំង០២នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លូនកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨។

ក្នុងនោះមាន៖

*ទី១៖ ឈ្មោះ គុណ ភារឹទ្ធ ហៅពៅ អាយុ២៤ឆ្នាំ មុខរបរសន្តិសុខ ដែលជាប់ពាក់ព័ន្ធករណីគំរាមសម្លាប់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក វេលាម៉ោង១៦:៣០នាទី នៅចំណុចផ្ទះលេខ៩១ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បន្ទាប់ពីជននេះបានយកកាំបិតប៉័ងតោ និងពូថៅ ទៅគំរាមបំរុងកាប់ទៅលើជនរងគ្រោះឈ្មោះ សឿង គឹមស្រី ភេទស្រី អាយុ៤២ឆ្នាំ និងកូនស្រីរបស់គាត់ដែលកំពុងលក់ឥវ៉ាន់នៅមុខផ្ទះស្ថិតនៅចំណុចខាងលើ។

ដោយឃើញសកម្មភាពរបស់ជនសង្ស័យ ធ្វើអំពើខាងលើមកលើខ្លួនទាំងកម្រោលដូចមនុស្សញៀនថ្នាំ ទើបធ្វើឲ្យជនរងគ្រោះភ័យ រត់ចូលទៅក្នុងផ្ទះ ហើយជនសង្ស័យបានយកពូថៅគប់ចូល ទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងនៅបន្តស្រែកជេរប្រមាថ គំរាមសម្លាប់ នៅមុខផ្ទះរបស់ជនរងគ្រោះបន្តទៀត ព្រោះតែឃើញជនសង្ស័យ មិនព្រមឈប់ធ្វើសកម្មភាព ទើបជនរងគ្រោះបានប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ចុះមកធ្វើការឃាត់ខ្លួនភ្លាមៗតែម្តង។

តាមការសាកសួរ ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យខាងលើ បានសារភាពឲ្យដឹងថា រឿងហេតុបណ្តាលឲ្យខ្លួនយកកាំបិតប៉័ងតោ និងពូថៅ យកទៅគំរាមជនរងគ្រោះ គឺមកពីខ្លួនខឹងរឿងបាត់រង្វាន់អ៊ីឈីតាន់ ហើយបានទៅស្រែកឡូឡារកមុខអ្នកដែលយកគំរបអ៊ីឈីតាន់របស់ខ្លួន នៅផ្ទះទ្រូម៉ាន់នីយីហោ តោពី និងលក់ចាប់ហួយដែលជាផ្ទះរបស់ជនរងគ្រោះខាងលើ ហើយក៏ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចអាវុធហត្ថ មកឃាត់រូបខ្លួនតែម្តង។

រូបគេបានបន្ថែមទៀតថា កន្លងមកធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល០២ឆ្នាំមកហើយ ហើយគ្រឿងញៀនដែលខ្លួនទិញយកមកប្រើប្រាស់នោះ គឺនៅម្តុំងអង់តែនទួលគោក ក្នុងតម្លៃ១,៥០០០រៀល ទៅ២,០០០០រៀល។

*ទី២៖ ឈ្មោះ កាន នីម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបកប្រែភាសាចិន ដែលជាប់ពាក់ព័ន្ធករណីលួច រូបគេត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ឃាត់ខ្លួនបានកាលពីវេលាម៉ោង១៦:២០នាទី នៅចំណុច ក្រុមហ៊ុន អាស៊ីបូពា៍ ផ្លូវម៉ៅសេទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយរូបគេបានលួចបារីម៉ាក ៥៥៥ របស់ក្រុមហ៊ុនយីហោ លី ណាណា International Trading Co,LTD ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤០២C ផ្លូវ២៤៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលកាលនោះរូបគេជាបុគ្គលិករបស់ក្រុមហ៊ុន មានតួនាទីជាអ្នកបកប្រែភាសាចិន និងជាអ្នកកាន់សោរឃ្លាំងទុកបារី។

ឈ្មោះ កាន នីម៉េង នេះ បានចូលធ្វើការជាបុគ្គលិករបស់ក្រុមហ៊ុនចែកចាយបារីយីហោ លី ណាណា International Trading Co,LTD កាលពីអំឡុងខែមីនា ឆ្នាំ២០១៨ ក្រោយពេលរូបគេចូលធ្វើការ បានរយៈពេល០២ខែ តែងតែមានការបាត់បារីក្នុងឃ្លាំងជាបន្តបន្ទាប់ រហូតដល់ខែកក្កដា ឆ្នាំ២០១៨ ទើបក្រុមហ៊ុនពិនិត្យ ផ្ទៀងផ្ទាត់បារីក្នុងឃ្លាំងឃើញថា បាត់អស់ប្រហែល១០០ប៊ិច ដោយក្នុង ០១ប៊ិចតម្លៃ២៨០ដុល្លារ។

លុះដល់អំឡុងខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យខាងលើ បានសុំឈប់ពីការងារនៅទីនោះ ក្រោយពេលរូបគេឈប់បានកន្លះខែ ក៏បាត់ម៉ូតូ០១គ្រឿង ម៉ាក អាយខន ពណ៌ផ្កាឈូក ស្លាកលេខ ភ្នំពេញ 1AL-8045, កុំព្យូទ័រ០៥គ្រឿង, លិខិតឆ្លងដែន០១ច្បាប់, ប្រាក់២០០ដុល្លារ។ រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យ ឈ្មោះ កាន លីម៉េង បានប្រើឈ្មោះ រិច ចំរើន ទៅយកបារីក្នុងឃ្លាំងរបស់ក្រុមហ៊ុន ខាងលើ០២កេះ ក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនឈ្មោះ រិច ចំរើន តែម្តង។

បញ្ជាក់ផងដែរថា ឈ្មោះ វិច ចំរើន នេះជាអ្នកទទួលទិញបារីពីជនសង្ស័យខាងលើប៉ុណ្ណោះ រូបគេពុំដឹងថា ជនសង្ស័យរូបនេះ លួចបារីរបស់ក្រុមហ៊ុនលក់ឲ្យរូបខ្លួននោះទេ ទើបដល់វេលាម៉ោង១៨៖១២នាទី ថ្ងៃដដែលសមត្ថកិច្ចអាវុធហត្ថបានបន្តឃាត់ខ្លួនឈ្មោះ កាន នីម៉េង ខណៈពេលដែលរូបគេអង្គុយចាំយកលុយថ្លៃបារីពីឈ្មោះ រិច ចំរើន ជាជនរងគ្រោះម្នាក់ផងដែរនោះ។

តាមការសាកសួរ របស់សមត្ថកិច្ចអាវុធហត្ថ រូបគេបានប្រាប់ឲ្យដឹងថា ខ្លួនធ្លាប់ជាបុគ្គលិកបំរើការងារក្រុមហ៊ុនយីហោ លី ណាណា International Trading Co,LTD មានតួនាទីជាអ្នកបកប្រែភាសាចិន ទទួលបានប្រាក់ខែ៤២០ដុល្លារក្នុងមួយខែ។ ក្រោយពេលរូបគេធ្វើការបានរយៈពេលប្រហែល០៦ខែ ក៏សុំឈប់ពីរការងារ ហើយរូបគេបានបន្តទៅធ្វើការនៅក្រុមហ៊ុន មីតស៊ុយប៊ីស៊ី ក្បែរណាហ្កាវើល រហូតដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ ខណៈដែលរូបគេកំពុងធ្វើការ ស្រាប់តែឈ្មោះ ចំរើន បានទូរស័ព្ទមកទិញបារីពីខ្លួន ម៉ាក៥៥៥ ០២ប៊ិច ក្នុង ០១ប៊ិច តម្លៃ២០០ដុល្លារអាមេរិក បន្ទាប់រូបគេបានទាក់ទងទៅឈ្មោះ ឆាយ អ្នកបកប្រែភាសាចិននៅក្រុមហ៊ុន លី ណាណា នោះ ដើម្បីឲ្យយកបារីទៅឲ្យឈ្មោះ ចំរើន នោះនៅមុខក្រុមហ៊ុនចាស់ដែលរូបគេធ្វើការ ហើយរូបគេទាំង០២នាក់ បានណាត់ជួបគ្នាយកលុយនៅផ្សារអ៊ីអន ហើយក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន នៅចំណុច បុរីវិមានកូលាប ខណ្ឌចំការមន រាជធានីភ្នំពេញ តែម្តង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]