ភ្នំពេញ៖ បារខែម​អាស៊ាន ២០១៨ គឺជាព្រឹត្តិការណ៍ដែល​ប្រារព្ធ​ឡើង​ក្នុង​គោល​បំណង​ធ្វើការ​ជួបជុំ​រវាង​សិស្ស​និស្សិត​ បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម និង​អ្នកជំនាញ​ដើម្បី​ពិភាក្សាចែករំលែក​ចំណេះដឹង និងបទពិសោធន៍​ដល់​សិស្សនិស្សិត អាជីវកម្មធុនតូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុននានា និងមហាជនទូទៅ អំពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យា ​សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការច្នៃប្រឌិត និង​ឌីជីថលក្នុង​ប្រទេស​កម្ពុជា​ក៏ដូច​ជា​ក្នុង​តំបន់។ល។

ព្រឹត្តិការណ៍បារខែមអាស៊ាន ២០១៨ នេះ នឹង​ផ្ដោតលើការស្វែងយល់ ពីបច្ចេកវិទ្យាឌីជីថល​ ក្នុងការបង្កើនល្បឿនកំណើនសេដ្ឋកិច្ចឌីជីថល ធ្វើឱ្យជីវិតកាន់តែប្រសើរ ជម្រុញគំនិតច្នៃប្រឌិត និងជួយប្រព័ន្ធអេកូ​​ឡូហ្សី បច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្ម។

នេះជាលើកទី ៣ ហើយ ដែលបារខែម​អាស៊ានបានប្រារព្ធឡើង​ ដើម្បី​ចែករំលែក​បទពិសោធន៍ពី​អ្នក​មាន​ជំនាញ​ប្រកប​ដោយបទ​ពិសោធន៍ល្អ​ៗ​មកពីរាជធានីភ្នំ​ពេញ និងបណ្តាប្រទេស​តំបន់​អាស៊ាន ហើយសម្រាប់ឆ្នាំនេះផងដែរ ព្រឹត្តិការណ៍បារខែមអាស៊ាននឹងប្រព្រឹត្តឡើងនៅ​ថ្ងៃទី ២០-២១ ខែតុលា ​ឆ្នាំ​២០១៨​ ចាប់​ពី​ម៉ោង​ ៨ ព្រឹក ដល់​ម៉ោង ​៥ ល្ងាច​ ​នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា​ ហៅកាត់ សាលាតិចណូ កម្មវិធី​នេះ​ធ្វើ​​ឡើង​ក្រោមប្រធានបទ «Powering Your Future in Digital Era» ព្រមទាំង​មាន​ពិព័រណ៍បង្ហាញ​ផលិតផល និង​សេវាកម្ម និងស្នាដៃសិស្សនិស្សិតកម្ពុជា​ ក្នុងវិស័យ​បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មាន។

កម្មវិធី​នេះនឹង​ចូលរួម​ដោយ​វាគ្មិន​ ៧៥ ​រូប ដោយពាំនាំមកនូវ​ប្រធានបទចំនួន ៨០ ​ខុសៗគ្នា ទាក់ទងនឹង​វិស័យបច្ចេកវិទ្យា សហគ្រិនភាព និង​ការច្នៃប្រឌិតដើម្បី​ធ្វើការ​ផ្លាស់ប្ដូរចំណេះដឹងជំនាញ ​និង​បទពិសោធន៍​ជាមួយ​គ្នា និង​ចែករំ​លែកទៅសហគ្រាស​ធនតូច និង​មធ្យមសម្រាប់ការអភិវឌ្ឍអាជីវកម្ម​របស់​គាត់។ អ្វីដែលពិសេសឆ្នាំនេះក្រុមការងារនឹងរៀបចំ ប្រភេទប្រធានបទទៅតាមជំនាញរួមមាន ផ្នែក​គំនិត​ច្នៃប្រឌិត សហគ្រិនភាពនិង​ការចាប់ផ្ដើមអាជីវកម្ម បង្កើត​មាតិកាឌីជីថល អភិវឌ្ឍន៍ហ្គេម និងអភិវឌ្ឍន៍​កម្មវិធី​កុំព្យូទ័រ។

អ្នកចូលរួមមិនត្រឹមតែអាចចូលស្តាប់បទបង្ហាញនានារបស់វាគ្មិននោះទេ តែក៏​អាច​ទស្សនា​ស្តង់ពិព័រណ៍បង្ហាញ​ផលិតផល និង​សេវាកម្ម និងស្នាដៃសិស្សនិស្សិតកម្ពុជា ចំនួន ៦0 ស្តង់​ ដែលនឹង​មានវត្តមាននៅក្នុងព្រឹត្តិការណ៍នេះ ដើម្បីស្វែងយល់បន្ថែម អំពីផលិផល និងសេវាកម្មរបស់ពួកគាត់។ ម្យ៉ាងវិញទៀតអ្នក​ចូលរួម​​អាច​នឹង​ភ្ជាប់​ទំនាក់ទំនង​ជាមួយ ​វាគ្មិន និង​អ្នក​ចូលរួម​ដទៃទៀតសម្រាប់​អាជីវកម្ម និង​ការទំនាក់ទំនងរបស់អ្នក​ទៅ​ថ្ងៃ​មុខ​ពី​វាគ្មិនជាតិ និង​អន្តរជាតិ ​ដែល​អញ្ជើញ​មកពី​បណ្ដា​ក្រុមហ៊ុន និង​ស្ថាប័ន​ផ្សេងៗគ្នា ​។

កម្មវិធីនេះ​ទទួល​បានការ​គាំទ្រពី​ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុន Smart Axiata សហការ​ឧបត្ថម្ភដោយក្រុមហ៊ុន EZECOM និងចូលរួម​ឧបត្ថម្ភ​ដោយក្រុមហ៊ុន TOTAL និង PassApp រួមទាំងស្ថាប័នជាច្រើនទៀត​មានដូចជា វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា Koompi BookMeBus Kouprey​ Creative វិទ្យាស្ថានជាតិ NIPTICT Emerald HUB វិទ្យាស្ថានបើកទូលាយ សមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បណ្តាញសារព័ត៌មាន Sabay Geeksin Cambodia KhmerLoad និង BizKhmer ជាដើម៕

ដៃគូសហការឧបត្ថម្ភធំៗ
វាគ្មិនកិត្តិយស
វាគ្មិនកិត្តិយស
វាគ្មិនកិត្តិយស
វាគ្មិនកិត្តិយស
វាគ្មិនកិត្តិយស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]