ម្រុំ គឺជាបន្លែ (ស្លឹកឈើ) រុក្ខជាតិម្យ៉ាងដែលមិនត្រឹមតែអាចយកមកចម្អិនជាសម្លសម្រាប់ទទួលទានប៉ុណ្ណោះទេ តែក្រោយៗមកគេបានដឹងថានៅក្នុងម្រុំមានសារធាតុពិសេសៗសំខាន់ៗជាច្រើន ដែលអាចជំនួយសុខភាពទូទៅបានច្រើនមុខ ដូច្នេះហើយបានជាមានមនុស្សជាច្រើនបានច្នៃស្លឹកម្រុំមកធ្វើជាតែទទួលទាន ជាម្សៅ និងជាគ្រាប់ថ្នាំរក្សាសុខភាពជាដើម។

ប៉ុន្តែគុណសម្បត្តិម្រុំមិនមែនមានតែប៉ុណ្ណឹងនោះទេ ដោយថ្មីៗនេះក៏រកឃើញដែរថា ស្លឹកម្រុំក៏អាចយកធ្វើជាគ្រឿងថែសម្រស់ផ្ទៃមុខដ៏ពូកែស័ក្តិសិទ្ធផងដែរ។

ដូច្នេះចង់ដឹងថាម្រុំជួយដល់ផ្នែកសម្ផស្សបានអ្វីខ្លះ និងមានវិធីអនុវត្តងាយៗបែបណា តោះ! ទៅតាមដានទាំងអស់គ្នា៖

ម្សៅម្រុំ

# គុណសម្បត្តិម្រុំសម្រាប់សុខភាពសម្រស់

១. ពន្យារភាពចាស់៖ ម្រុំ អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ការពារ និងបំបាត់ភាពចាស់ រួមទាំងការពារផលប៉ះពាល់នានាដល់ស្បែកមុខផងដែរ។ បន្ថែមពីនេះម្រុំថែមទាំងអាចជួយបន្តឹងស្បែកមុខឱ្យតឹងណែន កម្ចាត់ស្នាមជាំ និងធ្វើឱ្យស្បែកមុខក្មេងជាងវ័យទៀតផង។

២. ជំនួយឱ្យស្បែកស្រស់ស្អាតឡើង៖ ម្រុំ ក៏អាចជួយធ្វើឱ្យសុខភាពស្បែកមុខរបស់អ្នកកាន់តែល្អប្រសើរជាងមុនផងដែរដូចជា៖ ជួយធ្វើឱ្យស្បែកមុខភ្លឺ ម៉ដ្ឋ រលោង កម្ចាត់ស្នាម ជាំ និងអុចខ្មៅបានយ៉ាងមានប្រសិទ្ធភាព។

៣.កម្ចាត់បញ្ហាមុខមុន៖ នៅពេលដែលស្បែកមុខរបស់អ្នកពោរពេញដោយជាតិកខ្វក់ កាកសំណល់មិនល្អ និងជាតិខ្លាញ់ជាដើម វានឹងបង្កឱ្យមេរោគបាក់តេរីមិនល្អជាប់តោងបិទបាំងរន្ធញើសរបស់អ្នក ហើយវាក៏ប្រែជាមូលហេតុធ្វើឱ្យអ្នកមានបញ្ហាមុខមុនផងដែរ។ ដូច្នេះម្រុំ ពិតជាអាចធ្វើការលាងសម្អាតផ្ទៃមុខ កម្ចាត់មេរោគបាក់តេរីលើផ្ទៃមុខរបស់អ្នកបានយ៉ាងល្អ ជាពិសេសគឺអាចព្យាបាល និងកាត់បន្ថយបញ្ហាមុខមុនបានគ្រប់ប្រភេទផងដែរ។

៤. បង្រួមរន្ធញើស៖ ដូចដែលបានរៀបរាប់ខាងលើ ជាតិពុល ភាពកខ្វក់លើផ្ទៃមុខអាចធ្វើឱ្យកកស្ទះរន្ធញើសរបស់អ្នក ហើយធ្វើឱ្យរន្ធញើសរីកធំបង្កជាបញ្ហាកកើតមុនបាន។ ដូច្នេះការប្រើប្រាស់ម្រុំ មិនត្រឹមតែជួយការពារ និងកម្ចាត់បញ្ហាមុនប៉ុណ្ណោះទេ តែវាក៏មានប្រសិទ្ធភាពនៅក្នុងការជួយបង្រួមរន្ធញើសលើផ្ទៃមុខ ធ្វើឱ្យស្បែករបស់អ្នកឱ្យកាន់តែស្រស់ស្អាត និងលាបម្សៅកាន់តែឆាប់ចូលជាងមុនទៀតផង។

ម៉ាស់ពីម្រុំជួយដល់ស្បែកមុខ

# វិធីធម្មជាតិធ្វើម៉ាស់ពីម្រុំ

គ្រឿងផ្សំ

- ម្សៅម្រុំ (ទិញពីផ្សារស្រាប់ក៏បាន ឬក៏អាចយកស្លឹកម្រុំហាលថ្ងៃឱ្យស្ងួតបុកឱ្យចេញជាម្សៅក៏បានដែរ)

ម្សៅម្រុំ

- ទឹកឃ្មុំ

ទឹកឃ្មុំ

- ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាក៏បាន

ក្រូចឆ្មារសម្បកលឿង ​និងក្រូចឆ្មារធម្មតា

- ទឹកផ្កាកុលាប (ដាក់ក៏បាន មិនបាច់ដាក់ក៏បានប្រសិនជាពិបាករក)

ទឹកកុលាប

ការអនុវត្ត

- ជាដំបូង យកម្សៅម្រុំកន្លះស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ ហើយបើមានទឹកកុលាបកុំភ្លេចបន្ថែមវាតែ ២-៣ដំណក់ទៀតផង

- កូរល្បាយនេះឱ្យសព្វបញ្ចូលគ្នា ប្រសិនជាខាប់ពេកអាចបន្ថែមទឹកស្អាតចូលទៅបន្តិចក៏បានដែរ

- បន្ទាប់មកលុបលាងផ្ទៃមុខឱ្យបានស្អាត រួចយកល្បាយម្រុំដែលលាយរួចលាបឱ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ១០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

- កុំភ្លេចជូតមុខឱ្យស្ងួត ហើយអាចលាបក្រែមផ្តល់សំណើមលើផ្ទៃមុខបន្ថែមក៏បានដើម្បីផ្តល់ភាពម៉ដ្ឋខៃ និងទន់រលោងលើផ្ទៃមុខ ជាពិសេសចៀសវាងប្រតិកម្ម ឬរមាស់បណ្តាលពីជាតិកាត់នៃក្រូចឆ្មារ។

- អ្នកអាចប្រើវិធីនេះ មួយអាទិត្យ ២ ទៅ៣ដងដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។

ម៉ាស់ធ្វើពីម្រុំ

ចំណាំ៖

បន្ថែមពីនេះអ្នកក៏អាចប្រើប្រាស់វិធី និងគ្រឿងផ្សំខាងលើមកអនុវត្តនៅលើសរសៃសក់របស់អ្នកបានដូចគ្នា ដើម្បីជួយឱ្យសរសៃសក់ដុះលូតលាស់មានសុខភាពល្អ កាន់តែវែង និងក្រាស់ ជាពិសេសកម្ចាត់បាក់តេរី និងអង្គែរលើស្បែកក្បាលបានផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]