(ភ្នំពេញ)៖​ កីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុន ស្រីយ៉ា បានបង្កការភ្ញាក់ផ្អើលជាថ្មីទៀតហើយ ក្រោយបានផ្ដួលកីឡាការិនី Marie-Christine Virebayre របស់ម្ចាស់ផ្ទះបារាំង ដណ្ដើមបានមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L'Equipe លើកទី២ នៅប្រទេសបារាំង ដែលទើបបញ្ចប់ការប្រកួតនាវេលាម៉ោងប្រមាណ ១០យប់ថ្ងៃទី១២ ខែតុលា នេះ (ម៉ោងនៅកម្ពុជា)។

តាមការបញ្ជាក់របស់កីឡាការិនីជម្រើសជាតិកម្ពុជា វង ចន្ថា បានឲ្យដឹងថា ស្រីយ៉ា បានឆ្លងកាត់ការប្រកួត ៥ប្រកួត ទម្រាំដណ្ដើមបានមេដាយមាសក្នុងនោះប្រកួតជម្រុះក្នុងពូលB ៣ប្រកួតឈ្នះ២ និងចាញ់ ១ ពោលគឺប្រកួតបើកឆាកចាញ់កីឡាការិនីដាណឺម៉ាក១៣-១, បន្ទាប់មកបានលត់កីឡាការិនីអ៉ីតាលី១៣-១ និងឈ្នះកីឡាការិនីទុយនេស៊ី១៣-៦ ដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយបានយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ១៣-៧ ដើម្បីឡើងវគ្គផ្ដាច់ព្រ័ត្រ ដោយបានផ្ដួលកីឡាការិនីម្ចាស់ផ្ទះបារាំង គ្រងមេដាយមាសតែម្ដង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L'Equipe លើកទី២នេះ គឺជាការប្រកួតកីឡាប៉េតង់កម្រិតខ្ពស់មួយ ដែលអ្នកចូលរួមចាត់ទុកជាព្រឹត្តិការណ៍កម្រិតពិភពលោក ដោយសារកីឡាករ-កីឡាការិនីចូលរួមសុទ្ធតែត្រូវបានជ្រើសរើសពីប្រទេសខ្លាំងៗ ដែលធ្លាប់មានប្រវត្តិឈ្នះមេដាយមាសពិភពលោក ជាក់ស្ដែងប្រទេសប្រចាំតំបន់អាស៊ី ត្រូវបានម្ចាស់ផ្ទះបារាំង អញ្ជើញចូលរួម គឺមានតែកម្ពុជា និងថៃប៉ុណ្ណោះ។ នេះជាមេដាយមាសទី២ ដែលក្រុមកីឡាប៉េតង់កម្ពុជាដណ្ដើមបាន បន្ទាប់ពីវីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ទើបដណ្ដើមបានមេដាយមាសលើវិញ្ញាសាវាយគូនារីកាលពីម្សិលមិញ៕

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]