ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតស្មើទល់នឹងក្រុមជម្រើសជាតិទីម័រខាងកើត ដោយលទ្ធផល ២-២ ក្នុងការប្រកួតមិត្ដភាពដែលទើបនឹងបញ្ចប់កាលពេលប្រមាណ ១ម៉ោងមុននេះ។ 

នៅក្នុងតងទី១ កម្ពុជា ធើ្វការសម្រុកយ៉ាងខ្លាំង និងបានគ្រប់គ្រងបាល់បានច្រើនប៉ុន្ដែមិនអាចសម្រេចទីបាន។ យ៉ាងណាមិញ ក្រុមភ្ញៀវទីម័រ ក៏បានសម្រុកផងដែរ និងបានស៊ុតនាំមុខនៅនាទី៣០ មុនពេលខែ្សប្រយុទ្ធឆ្នើមវឌ្ឍនាកា ស៊ុតតាមស្មើវិញ ១-១ ។ មិនទាន់បានប៉ុន្មានផង ៣នាទី មុនបញ្ចប់តង់ទី១ ពោលគឺនាទី៤២ ក្រុមភ្ញៀវបានស៊ុតបន្ដនាំមុខវិញទៀត ធើ្វឲ្យលទ្ធផលទៅជា ២-១។ 

ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានដាក់សម្ពាធយ៉ាងខ្លាំង ហើយក៏មានឱកាសជាច្រើនលើកផងដែរ ប៉ុន្ដែមិនអាចធើ្វបានសម្រេចបាន ដោយមានការជួយសង្គ្រោះដោយអ្នកចាំទី និងខែ្សការពារ។ 

ទោះជាយ៉ាងណាក៏ដោយ កម្ពុជានៅតែមិនចុះចាញ់ រហូតដល់ម៉ោងបន្ថែម កីីឡាករ រ៉ឹង ប៊ុនហៀង ស៊ុត​បាន​សម្រេច​នៅ​​នាទី​៩០+៥​ ដើម្បី​ឲ្យ​​កម្ពុជា​តាម​ស្មើ ២-២ រហូត​ចប់​ការ​ប្រកួត៕

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់ការប្រកួតនេះ កម្ពុជា ក៏មានភារកិច្ចមួយទៀតផងដែរ នៅថៃ្ងអង្គារ សប្ដាហ៍ក្រោយ ពោលគឺនឹងត្រូវស្វាគមន៍ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងការប្រកួតមិត្ដភាព មុនពេលការប្រកួតផ្លូវការក្នុងពានរង្វាន់ ​ AFF Suzuki Cup៕ 

កម្ពុជា ២-២ ទីម័រខាងកើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]