រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កម្លាំង​ប្រជា​ការពារ​សង្កាត់​ប្ញ​ស្សី​កែវ​ម្នាក់ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​រះ បណ្តាល​ឱ្យ​ត្រូ​ច​ចំ​ជើង​ស្តាំ​រង​របួសធ្ងន់ ខណៈ​ពេល​កំពុង​បំពេញភារកិច្ច​ដេញ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ដែល​កំពុង​វ៉ៃ​កាប់​ចាក់​គ្នា​តាម​ដងផ្លូវ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១២ តុលា ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​ផ្ទះល្វែង​A4 លើ​ផ្លូវ​បេតុង ភូមិ​គង្គារ​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ប្ញ​ស្សី​កែវ​។

តាម​ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ទី​២​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ កម្លាំង​ពួក​គាត់ បាន​សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ប្ញ​ស្សី​កែវ បាន​ចេញ​ល្បាត​ពួនស្ទាក់​តាម​ភូមិសាស្ត្រ​នានា​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ និង​រក្សា​សុវត្ថិភាព​ផង​នៅ​ក្នុង​មូលដ្ឋាន​។

ប្រភព​បន្ត​ថា ខណៈ​កំពុង​ល្បាត​មក​ដល់​ចំណុច​ជិត​រង្វង់​មូល​កាំ​កូ​ស៊ី​ធី ក៏​បាន​ប្រទះ​ឃើញ​ក្រុម​ក្មេង​ទំនើង​មួយ​​ក្រុម កំពុង​វាយតប់​គ្នា​តាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ ។ ពេល​នោះ កម្លាំង​ពួក​ក៏​បំរុង​ចូល​ទៅ​អន្តរាគម​ន៍ តែ ពេល​ដែល​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ឃើញ​សមត្ថកិច្ច​ភ្លាម ក៏​បាន​ឡើង​ជិះ​ម៉ូតូ​រត់គេច​ខ្លួន ។

បន្ទាប់​មក កម្លាំង​គាត់​ក៏​បាន​ជិះ​ម៉ូតូ​ប្រដេញ​តាម​ពីក្រោយ រហូត​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ឃាត់​ម៉ូតូ​ក្រុម​​ក្មេង​ទំនើង និង​បំរុង​ធ្វើការ​ឆែកឆេរ ស្រាប់តែ​លេចមុខ​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល ដោយ​ដៃ​មាន​កាន់​កាំភ្លើងខ្លី​១​ដើម ម៉ាក Lock ពណ៌​ខ្មៅ បាន​ផ្ទុះអាវុធ​ចំនួន​មួយ​គ្រាប់​បណ្តាល​ឲ្យ​ចំ​ជើង​ខាងស្តាំ​ប្រជា​ការពារ​ខាងលើ​រង​របួស​បាក់ឆ្អឹង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​យ៉ាង​ខ្លាំង​។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​មក​ខ្មាន់កាំភ្លើង បាន​ស្រែក​ចោទប្រកាន់​មក​លើ​កម្លាំង​ពួក​គាត់​ថា «​ជា​ចោរ​» វិញ​។ ពេល​នោះ ទោះបីជា​កម្លាំង​ពួក​គាត់​បាន​ស្រែក​ប្រាប់​ថា ជា​កម្លាំង​សមត្ថកិច្ច​យ៉ាងណា​ក្តី ក៏​ខ្មាន់កាំភ្លើង​រូប​នោះ នៅ​តែ​បន្ត​បាញ់​ឡើង​លើ​ជា​ច្រើន​គ្រាន់​ទៀត ។

ភ្លាម​ៗ​នោះ កម្លាំង​ក៏​បាន​យក​កាំភ្លើង​AK ចូល​ទៅ​ភ្ជង់​គំរាម​ខ្មាន់កាំភ្លើង​នោះ រួច​ដកហូត​កាំភ្លើងខ្លី​មួយ​ដើម​ខាងលើ យក​រក្សា​ទុក​ធ្វើ​ជា​វត្ថុ​តាង ហើយ​ចាប់​វាយ​ខ្នោះ​។ ចំណែកឯ​ប្រជា​ការពារ​ដែល​រង​របួស​ខាងលើ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាប់​ដឹក​យក​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ដើម្បី​ជួយ​សង្គ្រោះ​ផង​ដែរ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ខ្មាន់កាំភ្លើង​ខាងលើ​មា ន​ឈ្មោះ ឡាយ អ៊ី​ង​ឃី​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ។ ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​រក​ឃើញ​សំបក​គ្រាប់​ចំនួន​១០​គ្រាប់​ហើយ​បាន​រើស​យក​មក​រក្សា​ទុក ដើម្បី​ធ្វើ​ជា​ភស្តុ​តាង ។

ចំណែកឯ​បុរស​ដែល​ជា​ខ្មាន់កាំភ្លើង​ខាងលើ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យក​ទៅ​សាកសួរ និង​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរ​បាល​ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]