ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​១១ ខែតុលា ឆ្នាំ​២០១៨​នេះ ក្មេង​ឃ្វាលគោ​ម្នាក់ បាន​ឡើង​លេង​លើ​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​ឆក់​ស្លាប់​បាន​កើតឡើង​ស្ថិត​នៅ​ក្នុងភូមិ​ខ្មា​ក់ ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។ លោក​វរសេនីយ៍ឯក ផល ធឿ​ន អធិការ​នគរបាល​ស្រុក ប្រាសាទ​បល្ល័ង្ក ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ផា ភ័​ស្ដ ភេទ​ប្រុស អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​។

បើ​យោង​តាម​ការ​បំភ្លឺ​របស់​ស្ត្រី​ឈ្មោះ យា មុត អាយុ​៤០​ឆ្នាំ ត្រូវជា​ម្ដាយបង្កើត កុមា​រា​រង​គ្រោះ​និយាយ​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែងតែ​ប្រើ​កូនប្រុស​ទៅ​ឃ្វាលគោ​នៅ​តំបន់​ក្របី​លា​ច នៅ​ខាងលិច​ភូមិ​ចម្ងាយ​ប្រហែលជា ២​គីឡូម៉ែត្រ ជាមួយនឹង​ក្មេង​ៗ ក្នុងភូមិ​ជា​ប្រចាំ ហើយ​គាត់​តែងតែ​បានឮ​គេ​ប្រាប់​គាត់​ថា ក្រុម​ពួកក្មេង​ៗ ដែល​ទៅ​ឃ្វាលគោ​នៅ​ទីនោះ ពួក​គេ​តែងតែ​ឡើង​លេង​លើ​បង្គោល​ភ្លើង​ជា​ប្រចាំ នៅ​ពេល​ឮ​គេ​និយាយ​ប្រាប់​ដូច្នេះ រូប​គាត់​បាន​ហាម​កូន​កុំ​ឲ្យ​ឡើង​លេង​ទៀត​ប្រយ័ត្ន​ឆក់​ស្លាប់​។

នៅ​មុន​ពេល​ថ្ងៃ​កើតហេតុ កូនប្រុស​របស់​គាត់​បាន​ទៅ​ឃ្វាលគោ​នៅ​តំបន់​នោះ​ដូច​សព្វដង នៅ​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់ ស្រាប់តែ​មានឈ្មោះ សូ​យ ច​ន្ថា ភេទ​ប្រុស ជា​ប្រជា​ការពារ​ភូមិ​ខ្មា​ក់ បាន​ទូរស័ព្ទ​ប្រាប់​គាត់​ថា កូន​មីង​ឯង​ឡើង​លេង​លើ​បង្គោល​ភ្លើង ឥឡូវ​វា​ត្រូវ​ឆក់​ស្លាប់​បាត់​ទៅ​ហើយ ឮ​ភ្លាម​គាត់​បាន​ឲ្យ​ប្ដី​គាត់រ​ត់ទៅ​មើលឃើញ ហើយ​ក៏​លើក​បី​យកស​ពកូន​មក​ផ្ទះ​។

ក្រោយ​ពី​ទទួល​បាន ព័ត៌មាន​ភ្លាម​កម្លាំង​ជំនាញ​ស្រុក​ប្រាសាទ​បល្ល័ង្ក និង​ប៉ុស្ដិ៍​នគរបាល​សាលា​វិស័យ សហការ​ជាមួយ​រដ្ឋ អំណាច​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​ជន​រង​គ្រោះ មាន​ស្នាម​រលាក​ស្បែក និង​រលាត់ស្បែក​មួយ​ចំហៀង​ខ្លួន​ផ្នែក​ខាងឆ្វេង​។ តាម​ការ​ស្រាវជ្រាវ ពិនិត្យ​វិភាគ កន្លែង​កើតហេតុ អាច​ឲ្យ​យើង​សន្និដ្ឋាន​បាន​ថា ក្មេង​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ឡើង​លេង​លើ​បង្គោល​ភ្លើង បណ្ដាល​ឲ្យ​ឆក់​ស្លាប់​ប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ ក៏​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]