សិង្ហបុរី៖ យោងតាមតារាង Henley Passport Index, Henley & Partners ដែលជាក្រុមហ៊ុនផ្តល់ប្រឹក្សាលើលំនៅដ្ឋាន និងសញ្ជាតិ ដែលបានប្រកាសក្នុងព្រឹត្តិបត្រព័ត៌មានមួយ កាលពីថ្ងៃអង្គារកន្លងទៅនេះ ជប៉ុនបានដណ្តើមតំណែងលេខ១ ពីសិង្ហបុរី ក្នុងនាមប្រទេសម្ចាស់លិខិតឆ្លងដែនដែលមានឥទ្ធិពលខ្លាំងបំផុតក្នុងលោក។

លិខិតឆ្លងដែនរបស់ជប៉ុន

បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចូលទៅប្រទេសមីយ៉ាន់ម៉ា ដោយមិនចាំបាច់មានទិដ្ឋាការ (Visa) កាលពីដើមខែនេះ ជនជាតិជប៉ុនដែលមានលិខិតឆ្លងដែន អាចចូលទៅគោលដៅចំនួន ១៩០ ដោយមិនបាច់ស្នើសុំទិដ្ឋាការ ខណៈសិង្ហបុរីនៅប្រកៀកគ្នាបំផុតក្នុងគោលដៅចំនួន ១៨៩។

គួរឱ្យដឹងថា ជប៉ុន និងសិង្ហបុរី បានប្រជែងគ្នាយ៉ាងស្វិតស្វាញ តាំងពីប្រទេសជឿនលឿនទាំងពីរ ហក់ឡើងមកចំណាត់ថ្នាក់កំពូលៗ កាលពីខែកុម្ភៈ។ 

ចំណាត់ថ្នាក់របស់ជប៉ុន និងសិង្ហបុរី

ក្នុងត្រីមាសចុងក្រោយនេះ អាល្លឺម៉ង់បានធ្លាក់មកលេខ៣ ដែលជាចំណាត់ថ្នាក់ត្រួតគ្នាជាមួយកូរ៉េខាងត្បូង និងបារាំង។ រីឯដាណឺម៉ាក ហ្វាំងឡង់ អ៊ីតាលី ស៊ុយអ៊ែត និងអេស្ប៉ាញ សុទ្ធតែឈរក្នុងលេខរៀងទី ៤ ដោយពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅគោលដៅចំនួន ១៨៧។

ចំណែកប្រទេសដែលនៅបាតតារាងគឺ អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន ដែលពលរដ្ឋរបស់ខ្លួនអាចធ្វើដំណើរទៅគោលដៅ ៣០ ប៉ុណ្ណោះដោយមិនបាច់មានទិដ្ឋាការ។

ដោយឡែក កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ៨៧ ជាមួយប្រទេស នីហ្សេរ  រវ៉ាន់ដា និង តូហ្គូ ដោយអាចធ្វើដំណើរទៅគោលដៅចំនួន ៥៤ ដោយមិនត្រូវការទិដ្ឋាការ។  

ចំណាត់ថ្នាក់របស់កម្ពុជា

គួរបញ្ជាក់ថា តារាង Henley Passport Index ធ្វើចំណាត់ថ្នាក់លិខិតឆ្លងដែនគ្រប់ប្រទេសក្នុងពិភពលោក ដោយយោងតាមចំនួននៃប្រទេសដែលម្ចាស់លិខិតឆ្លងដែនអាចធ្វើដំណើរទៅបានដោយមិនចាំបាច់ស្នើសុំទិដ្ឋាការ។

តារាងនេះត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ នៅពេលដែលការផ្លាស់ប្តូរគោលការណ៍នៃទិដ្ឋាការ ចាប់ផ្តើមចូលជាធរមាន ហើយការធ្វើចំណាត់ថ្នាក់នេះគឺយោងតាមទិន្នន័យពីសមាគមលិខិតឆ្លងដែននៃជើងហោះហើរអន្តរជាតិ និងតាមរយៈការស្រាវជ្រាវដោយផ្ទាល់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]