អ្នកស្រាវជ្រាវមួយក្រុមបានសិក្សាលើវ៉ាក់សាំងមួយប្រភេទ ដែលដើរតួនាទីក្នុងការប្រឆាំងជាមួយនឹងដុំកោសិកាកាច (មហារីក)។ 

កោសិកាមហារីកដែលមានប្រូតេអ៊ីន HER2-Positive នៅលើសំបកកោសិការបស់វា គឺអាចរីកលូតលាស់បានយ៉ាងឆាប់រហ័ស និងងាយរាលដាលទៅផ្នែកផ្សេងៗទៀតនៃរាងកាយ។ ផ្នែកនៃរាងកាយដែលភាគច្រើនមានពពួកកោសិកាមហារីក HER-2 នេះ អាចរកឃើញនៅក្រពះ ពោះវៀនធំ លំពែង ដៃស្បូន សុដន់ និងប្លោកនោម។

ការស្រាវជ្រាវដឹកនាំដោយវិទ្យាស្ថានជាតិប្រយុទ្ធជំងឺមហារីកនៅសហរដ្ឋអាមេរិក បានប្រើប្រាស់កោសិកាឈាមស របស់អ្នកជំងឺមហារីកយកទៅផ្លាស់ប្តូរលក្ខណៈរចនាសម្ព័ន្ធ និងមេកានិចរបស់វាដើម្បីធ្វើជាវ៉ាក់សាំងសម្រាប់ស្វែងរកនិងកំទេចកោសិកាមហារីកដែលមានប្រូតេអ៊ីនHER-2 នៅស្រទាប់ខាងក្រៅ។

គេបានសិក្សាទៅលើសំណាកចំនួន១១នាក់ (អ្នកជំងឺមហារីក) ដែលក្នុងចំណោមទាំងអស់នោះ ៦នាក់ (៥៤%) បានបង្ហាញប្រសិទ្ធភាពរបស់វ៉ាក់សាំង។

អ្នកជំងឺ១នាក់ ដែលមានជំងឺមហារីកដៃស្បូន ទទួលបានប្រសិទ្ធភាពវ៉ាក់សាំងបានរហូតដល់ ៨៩សប្តាហ៍ (១ឆ្នាំ ៨ខែ) ដោយកោសិកាមហារីកនោះឈប់លូតលាស់ស្វីត ហើយតេស្តឈាម ឬស្កេនមើលក៏មិនបង្ហាញឲ្យឃើញវត្តមានកោសិកាមហារីកដៃស្បូនទៀតដែរ។

ចំណែកអ្នកជំងឺ១នាក់ទៀតដែលមានជំងឺមហារីកក្រពះបំពង់អាហារ វ៉ាក់សាំងបញ្ឈប់ការលូតលាស់កោសិកាមហារីក និងកាត់បន្ថយទំហំនៃដុំមហារីកបាន៥០%។

រីឯសំណាក៤អ្នកទៀតដែល២នាក់ជាអ្នកជំងឺមហារីកពោះវៀនធំ ១នាក់មហារីកក្រពេញប្រូស្តាត និង១នាក់ទៀតមហារីកដៃស្បូន បានបង្ហាញឲ្យឃើញថា ស្ថានភាពជំងឺរបស់ពួកគេមានភាពប្រសើរជាងមុន ហើយកោសិកាក៏បានឈប់ធ្វើការលូតលាស់ផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ វ៉ាក់សំាងនេះកំពុងស្ថិតក្នុងការធ្វើតេស្តសាកល្បងប៉ុណ្ណោះ។ គេពុំទាន់យល់ច្បាស់នៅឡើយហេតុអ្វីបានជាវ៉ាក់សាំងនេះមានមេកានិចបែបនេះ ឬមួយក៏វាអាចមានផលប៉ះពាល់ដោយប្រយោលចំពោះអ្នកប្រើប្រាស់វិញឬយ៉ាងណាទៅវិញ។ ប៉ុន្តែអ្វីដែលគេដឹងនោះគឺវាជាការរកឃើញមួយដ៏សំខាន់ខ្លាំង សម្រាប់ការអភិវឌ្ឍន៍ថ្នាំមួយប្រភេទដែលមានរួមបញ្ចូលវ៉ាក់សាំងនេះ ដើម្បីព្យាបាលជំងឺនេះឲ្យបានជោគជ័យ៕

វ៉ាក់សាំង
កោសិកាមហារីក(ខៀវ) កោសិកាឈាមក្រហម (ក្រហម)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]