រាជធានីភ្នំពេញ ៖ ​លំ​នៅឋាន​លេខ​១៥០H ​ផ្លូវ​លំ ក្រុម​ទី​១៨ ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ​ដែល​ម្ចាស់​​ចាក់​សោ​ទុក​ចោល​ត្រូវ​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាព​គាស់​យក​​ ទ្រព្យ​សម្បត្តិ​អស់​គ្មាន​សល់​ និង​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​​វេលា​ម៉ោង​៧​ព្រឹក​​ថ្ងៃទី​១៦ មីនា នៅ​ពេល​ដែល​ម្ចាស់​​ត្រឡប់​មក​ដល់​ផ្ទះវិញ។

ម្ចាស់​ឈ្មោះ​តែ វិសុខា ​ហៅ​​ផេង វ៉ាន់ ​អាយុ​៣៤​ឆ្នាំ ​ប្រពន្ធ​​ឈ្មោះ​ឯម ​សុគន្ធារី ​។ ​តាម​ស្ត្រី​ឈ្មោះ​​ឯម សុគន្ធារី ​បាន​ឱ្យ​ដឹង​ថា ​សម្ភារ​ដែល​ចោរ​​យក​​បាននោះ​រួម​មាន​​ម៉ូតូ​ម៉ាក​ស្គូពី ​ពណ៌ស​លាយ​ផ្កា​ឈូក មួយ​គ្រឿង ​ទូរទស្សន៍​មួយ​គ្រឿង កង​ដៃ​ដាំ​ពេជ្រ​​​តម្លៃ​​៣.៧០០​ដុល្លារ ចិញ្ចៀន​ពេជ្រ​តម្លៃ​២.៣០០​ដុល្លារ ​ប្លង់​ដី​ កូនជ្រូក​ដាក់​ប្រាក់​សន្សំ​ចំនួន​២ មាន​​ប្រាក់​ប្រមាណ​ជាង​១​លាន​រៀល ​ខ្សែដៃ​ប្លាទីន​​២​ជី​កន្លះ ​និង​កេស​ដាក់​សម្ភារ​មួយ​​​ដែល​សរុប​​ជាទឹក​ប្រាក់ប្រមាណ​១​ម៉ឺន​ដុល្លារ ។ ​ ​​បុរស​ជា​ប្តី​ឈ្មោះ​​តែ វិសុខា ​អាយុ​​​​​​​​​​៣​៤​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ​នៅ​យប់​កើត​ហេតុ​​ខ្លួន​​ពុំ​បាន​​នៅផ្ទះ​នោះ​ទេ ​ដោយ​​ចាក់​សោ​ផ្ទះ​ទុក​ចោល​ ព្រោះចេញទៅផឹក​ស៊ី​ជា​មួយ​​មិត្ត​ភក្តិ​ ។ លុះ​នៅ​វេលា​​​ម៉ោង​៥​ភ្លឺ​ត្រឡប់​​មក​ផ្ទះ​​​ឃើ​ញ​ទ្វារ​ចំហ ហើយ​សម្ភារ​ និង​ម៉ូតូ​ត្រូវ​ចោរ​រើក​កាយ​យក​អស់។ ​​​​​​ព័ត៌​មានពី​ប្រជាពល​រដ្ឋ​នៅ​ជិត​ក​ន្លែង​កើត​ហេតុ​​ឱ្យ​ដឹងថា ​ក្រុម​ចោរ​​ធ្វើ​សកម្ម​ភាព​​នៅវេលា​​ម៉ោង​ប្រមាណ​​១២​យប់​ ព្រោះ​នៅ​​យប់​នោះគេ​បាន​ឮ​សំឡេង​ម៉ូតូ​ និងឮ​សំឡេង​មនុស្ស​​ តែអ្នក​ជិត​​​​ខាង​ពុំ​​ចាប់​អារម្មណ៍​ ស្រាប់​តែ​​ព្រឹក​ឡើង​​​ក៏​​​មាន​ការភ្ញាក់​ផ្អើល​​តែម្តង ។

ទាក់ទិន​នឹង​​ចោរ​គាស់​ផ្ទះ​​នេះ​លោក​សោម ​ប៊ុន្នី អធិការ​​ខណ្ឌ​ឫស្សីកែវ ​ឱ្យ​ដឹង​ថា ករណី​នេះ​​មិន​ច្បាស់​លាស់​ទេ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]