បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលកីឡាករ Neymar បានលួចទាក់ទងជាមួយខ្សែបម្រើប្រយុទ្ធ Paul Pogba ក្រោយពីរូបគេមិនទាន់ច្បាស់ថាគួរនៅបន្តក្នុងទឹកដី Old Trafford ឬក៏យ៉ាងណាបន្តទៀតនោះទេ។

ខ្សែប្រយុទ្ធឆ្នើមក្លិប Paris Saint-Germain នេះបានទំនាក់ទំនងជាមួយខ្សែបម្រើនៃក្រុមបិសាចក្រហម Manchester United ដើម្បីមានការផ្លាស់ប្តូរមួយមកកាន់ក្លិបម្ចាស់ពានរង្វាន់ក្របខណ្ឌ Ligue 1 នេះ ក្រោយពីទំនាក់ទំនងរបស់គេជាមួយគ្រូបង្វឹក Jose Mourinho ត្រូវបានគេគិតថាដល់ផ្លូវបំបែករួចហើយនោះ។

Paul Pogba និង Neymar

Pogba បានប្រកាសជាសារធារណៈក្រោយពីការប្រកួតបើកឆាកនៃក្របខណ្ឌលីកកំពូលរបស់អង់គ្លេសជាមួយក្រុម Leicester City កាលពីខែ សីហា កន្លងទៅថា គេពិតជាមានបញ្ហាក្នុងការប្រាស្រ័យទាក់ទងគ្នាជាមួយលោក Mourinho ពិតប្រាកដមែន ហើយគេនឹងអាចចាកចេញនៅក្នុងខែមករាខាងមុខនេះ ប៉ុន្តែគេមិនបានបញ្ជាក់ថាគេនឹងទៅចូលរួមជាមួយក្លិបណាមួយនៅឡើយទេ។

ជាមួយគ្នានេះដែរ កីឡាករវ័យ ២៥ឆ្នាំនេះបានបដិសេធមិនព្រមផ្លាស់ប្តូរទៅកាន់ក្លិប FC Barcelona តាំងពីទីផ្សារដោះដូរកីឡាករនៅរដូវក្តៅមុនមកម្ល៉េះ ហើយគេក៏ត្រូវបានគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះដកដំណែងពីអនុប្រធានក្រុមទៀតផង ដើម្បីជាការប្រមានមិនឲ្យកីឡាករឆ្នើមរូបនេះធ្វើអ្វីដោយមិនគោរពថ្នាក់ដឹកនាំ។

ស្របពេល អតីតខ្សែប្រយុទ្ធឆ្នើមក្លិប Barcelona ដែលបានផ្លាស់ទៅកាន់ក្លិបអ្នកចាយលុយច្រើននៅបារាំង ក៏កំពុងតែជម្រុញឲ្យ Pogba ស្នើរសុំទៅកាន់ក្លិបរបស់គេដើម្បីមានការផ្លាស់ប្តូរមួយនៅចុងខែ កញ្ញា ដើម្បីឲ្យគេមានការសប្បាយរីករាយឡើងវិញផងដែរ ហើយគេក៏បានប្រាប់ទៅសមាជិកនៃក្រុមជម្រើសជាតិបារាំងរូបនោះថា PSG បើកទ្វារចាំទទួលរូបគេជានិច្ច។ 

Paul Pogba
Neymar

សូមបញ្ជាក់ផងដែរថា កុងត្រាចាស់របស់ខ្សែបម្រើ Paul Pogba គឺនៅសល់រហូតដល់ឆ្នាំ ២០២១ ខែ មិថុនា ឯណោះ ដូច្នេះប្រសិនជាគេពិតជាចង់ចាកចេញពីក្លិប Manchester United មែននោះគេនឹងអាចទទួលបានតម្លៃខ្លួនមួយដែលខ្ពស់ ខណៈដែលតម្លៃដែលគេបានផ្ទេរពីក្លិប Juventus មកកាន់ក្លិបយក្សរបស់អង់គ្លេសនេះគឺមានតម្លៃរហូតដល់ទៅ ១០៥លានអឺរ៉ូ ឯណោះ៕

Paul Pogba និង Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]