(ភ្នំពេញ)៖ ជាការពិតថ្មីៗនេះ បទចម្រៀងមានចំណងជើងថា «អ្នកណាកែចិត្តបង?» ដែលជាការបកស្រាយ របស់អតីតបេក្ខនារីក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣ កញ្ញា សោភា ទេពី កំពុងទទួលបានការគាំទ្រខ្លាំង រហូតមានអ្នកចូលទស្សនារាប់លានដង ក្នុង YouTube។

ជាការកត់សម្គាល់ ខណៈមហាជនមានការចាប់អារម្មណ៍ខ្លាំង ទៅលើ MV ថ្មីរបស់បទនេះ បែរជាមានអ្នកខ្លះរងនូវមន្ទិលសង្ស័យទៅវិញ ពីមូលហេតុដែលម្ចាស់បទនេះ គឺកញ្ញា សោភា ទេពី មិនមានវត្តមានក្នុងវីដេអូចម្រៀងទៅវិញ? រឹតតែចាប់អារម្មណ៍ទៀតនោះ គឺនាងត្រូវបានខាងប្រភពទម្លាយចេញពី ផលិតកម្ម Zone បង្ហើបឲ្យដឹងថា នាងជាប្រភេទមនុស្ស «ក្រពើវង្វេងបឹង» ព្រោះតែមិនបានដឹកគុណ មនុស្សដែលជួយឲ្យនាងល្បីដល់សព្វថ្ងៃ។

សម្រាប់តារាចម្រៀងស្រី សោភា ទេពី បច្ចុប្បន្នហាក់មានភាពល្បីល្បាញខ្លាំង តាមរយៈចម្រៀងមួយបទ មានចំណងជើងថា «អ្នកណាកែចិត្តបង?» បទនេះជាការនិពន្ធដោយលោក សួរ រៈបុរី ក្នុងផលិតកម្ម Zone។ បើគេនៅចាំមិនភ្លេចទេ បទនេះត្រូវបានខាងផលិតកម្ម Zone និពន្ធឡើង និងឲ្យសោភា ទេពី ច្រៀងតាំងពីនាងមិនទាន់ចូលប្រឡង ក្នុងកម្មវិធី «Cambodian Idol» រដូវកាលទី៣មកម្ល៉េះ។

លើសពីនេះ ខាងផលិតកម្មខិតខំគ្រប់បែបយ៉ាង ដើម្បីជំរុញបទនេះឲ្យកាន់តែល្បី ហើយនេះហាក់ជួយធ្វើឲ្យ កញ្ញា សោភា ទេពី ល្បីដូចគ្នាដែរ។ រហូតមកទល់នឹងពេលនេះ បទចម្រៀង «អ្នកណាកែចិត្តបង?» បានល្បីហើយ ព្រមទាំងបានចេញ វីដេអូពេញទៀតផង ប៉ុន្តែហេតុអ្វីខាងផលិតបង្ហើបថា នាងជា «ក្រពើវង្វេងបឹង» ទៅវិញ?

ពិតណាស់ មូលហេតុគឺនៅត្រង់ថា ពេលបទចម្រៀងរបស់ខ្លួនកំពុងល្បីខ្លាំង កញ្ញា សោភា ទេពី បានបដិសេធថា នាងមិនជាតារាចម្រៀងនៅក្នុងផលិតកម្ម Zone ទេ ព្រោះនាងធ្លាប់បង្ហើបថា ក្រៅពីផលិតកម្មហង្សមាស ដែលជាផលិតកម្មធំជាងគេក្នុងស្រុក នាងមិនចូលច្រៀងជាដាច់ខាត ខណៈខាងផលិតកម្មហង្សមាស ក៏មិនទាន់ទទួលស្គាល់ថា តារាស្រីរូបនេះ ជាតារាក្នុងផលិតកម្មរបស់ខ្លួននោះដែរ។

ការបដិសេធបែបនេះ ត្រូវបានខាងផលិតកម្ម Zone បង្ហើបថា «សោភា ទេពី ប្រៀបដូច «ក្រពើ វង្វេងបឹង» ព្រោះខាងផលិតកម្មជួយឲ្យល្បីហើយ បែរជានាងធ្វើចរិតតួឯកទៅវិញ បើនិយាយឲ្យចំ គឺដើរលើស្ពានហើយ រុសស្ពានចោល។ បានល្បីហើយ បែរជាភ្លេចប្រភពដើម ដែលជាអ្នកនាំឲ្យខ្លួនល្បីរាល់ថ្ងៃនេះ»។

ដោយឡែក បើងាកមកមើលតារាស្រីរូបស្រស់ កញ្ញា សោភា ទេពី ផ្ទាល់ បានសរសេរសារលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន យ៉ាងដូច្នេះថា «នាងខ្ញុំ សោភា ទេពី សូមបដិសេធថា ក្នុងពេលបច្ចុប្បន្ននេះ នាងខ្ញុំមិនបាននៅក្នុងផលិតកម្ម zone នេះទេ សូមបងៗសារព័ត៌មាន មេត្តាជួយកែសម្រួលពាក្យពេចន៍ក្នុងអត្ថបទនេះផង ! ខ្ញុំជាម្ចាស់បទ «អ្នកណាកែចិត្តបង» ពិតប្រាកដមែន តែមិនបានចូលផលិតកម្មនេះទេ! សូមអរគុណ! សូមជួយស៊ែម្នាក់មួយមកចា៎»

ជាមួយនឹងសារខាងលើរបស់ សោភា ទេពី ត្រូវបានទស្សនិកជនគិតថា ប្រហែលជាបច្ចុប្បន្ន នាងជាតារាចម្រៀងឯករាជហើយ ខណៈការដាក់ថា នាងជាតារាក្នុង ផលិតកម្ម Zone ទំនងជានាងខ្លាចបាក់កាលីព ឬធ្លាក់តម្លៃខ្លួនហើយមើលទៅ។ ដោយមិនបានគិតថា ទំរាំបទនេះល្បី ខាងផលិតកម្ម Zone ដុតដៃដុតជើងជួយនាងយ៉ាងណាខ្លះ ទោះជាបំណងរបស់នាង មិនចូលផលិតកម្មតូចតាចក៏ដោយ។

ជុំវិញការចោទប្រកាន់ ដ៏ចម្រូងចម្រាស់នេះ Khmertalking នៅមិនទាន់អាចទំនាក់ទំនង ទៅកាន់តារាចម្រៀង សោភា ទេពី ដើម្បីឲ្យជម្រះមន្ទិលសង្ស័យទាំងអស់នេះ បាននៅឡើយទេ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ប៉ុន្តែទស្សនិកជន ជាពិសេសអ្នកគាំទ្រ នឹងរង់ចាំមើលការបកស្រាយពីសំណាក់រូបនាង ក្នុងន័យលាងជម្រះ នូវការចោទប្រកាន់ខាងលើនេះ ថា ជាការពិត ឬយ៉ាងណា?

ប្រភព៖ Fresh News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោភា ទេពី