ភ្នំពេញ៖ ក្រុមហ៊ុន អ៊ីអន ម៉ល របស់ជប៉ុន មានសេចក្តីសោមនស្សរីករាយ សូមប្រកាសថា ផ្សារទំនើបទីបីរបស់ខ្លួន ក្នុងប្រទេសកម្ពុជា នឹងមានទីតាំងស្ថិតនៅក្នុងទីក្រុងអាយអិនជី (ING City) ដែលជាគម្រោងអភិវឌ្ឍធំបំផុតក្នុងរាជធានីភ្នំពេញ។

ការប្រកាសអំពីទីតាំងផ្សារទំនើបទីបីនេះ កើតមានបន្ទាប់ពីក្រុមហ៊ុនបានទទួលជោគជ័យក្នុងការបើកឲ្យដំណើរការនូវផ្សារទំនើបអ៊ីអនម៉ល សែន សុខ ស៊ីធី កាលពីខែមិថុនាកន្លងទៅ ហើយផ្សារទំនើបអ៊ីអនម៉លទីបី គ្រោងនឹងបើកទ្វារដំណើរការនៅឆ្នាំ ២០២៣ ខាងមុខនេះ។

គម្រោងផ្សារទំនើបអ៊ីអនម៉លទីបី នឹងគ្របដណ្ដប់លើផ្ទៃដីទំហំ ១៨ ហិកតា ហើយគម្រោងនេះត្រូវបានដាក់ចេញបន្ទាប់ពីអ៊ីអន បានសម្ពោធបើកឲ្យដំណើរការផ្សារទំនើបដំបូងគេរបស់ខ្លួន កាលពីឆ្នាំ ២០១៤ ដែលកាលនោះ ជាផ្សារទំនើបធំជាងគេបំផុតនៅកម្ពុជា។ ក្នុងនោះ ហាងទំនិញ និងភោជនីយដ្ឋានផ្សេងៗ កន្លែងបោះប៊ូលីង រោងភាពយន្ត ក៏ដូចជាលានលេងស្គីទឹកកករបស់ផ្សារអ៊ីអនម៉លទីមួយ សុទ្ធតែបាននាំមកនូវប្រណីតភាព និងផាសុកភាពសម្រាប់ប្រជាជនកម្ពុជា ដូចគ្នានឹងផ្សារទំនើប ដែលមាននៅទីក្រុងបាងកក សិង្ហបុរី ឬប្រទេសលោកខាងលិច ផងដែរ។

គម្រោងសាងសង់ផ្សារទំនើប

ក្រុមហ៊ុន អ៊ីអន មានបំណងសាងសង់ផ្សារទំនើបថ្មី នៅលើទីតាំងទីបីរបស់ខ្លួនក្នុងរាជធានីភ្នំពេញ ឲ្យមានភាពជោគជ័យដូចផ្សារទំនើបរបស់ខ្លួនមុនៗដែរ ដោយប្រើប្រាស់បទពិសោធន៍របស់ខ្លួនក្នុងការប្រមូលផ្ដុំនូវហាងទំនិញលក់រាយផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានមើលឃើញថា ការលូតលាស់នៅភាគខាងត្បូងរាជធានីភ្នំពេញនេះហើយ ដែលជាកត្តាជំរុញទឹកចិត្តពិសេសឲ្យមានការសាងសង់ផ្សារទំនើបនេះឡើង។

ទីតាំងថ្មីនេះ នឹងក្លាយជាទីតាំងធំបំផុតរបស់ផ្សារទំនើបអ៊ីអននៅកម្ពុជា។ ផ្សារទំនើបអ៊ីអនទីមួយត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ៧ ហិកតា នៅជិតស្ថានទូតរុស្ស៊ី និងសណ្ឋាគារសូហ្វីតែល។ ផ្សារទំនើបអ៊ីអនម៉ល សែនសុខ ស៊ីធី ត្រូវបានសាងសង់នៅលើផ្ទៃដីប្រមាណ ១០ ហិកតា នៅភាគខាងជើងរាជធានីភ្នំពេញ។ ដូច្នេះផ្សារទំនើបអ៊ីអនម៉លទីបី ដែលគ្របដណ្ដប់លើផ្ទៃដី ១៨ ហិកតា គឺជាផ្សារដែលមានទំហំធំជាងគេបំផុតគិតមកត្រឹមពេលនេះ។

ថ្ងៃនេះគឺជាការស្តែងឲ្យឃើញពីជំហានវិវឌ្ឍន៍មួយកម្រិតបន្ថែមទៀតរបស់គម្រោងអភិវឌ្ឍន៍ តំបន់បឹងទំពុន និងតំបន់ជើងឯក ដែលជាចក្ខុវិស័យដ៏វែងឆ្ងាយប្រកបដោយគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគិតគូរ និងដាក់ចេញជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍនៅភាគត្បូងរាជធានីភ្នំពេញ ស្របទៅតាមបទដ្ឋាន និងក្របខណ្ឌនៃការអភិវឌ្ឍទីក្រុងកម្រិតជាតិ និងអន្តរជាតិ ដោយមាននូវបណ្តាញហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តខ្វាត់ខ្វែងដូចជា ផ្លូវថ្នល់ បណ្តាញលូទឹកភ្លៀង ទឹកសម្អុយ បណ្តាញលូក្រោមដីសម្រាប់ខ្សែចរន្ត និងខ្សែកាបអគ្គិសនី និងតំបន់សាធារណៈហើយបានប្រែក្លាយពីតំបន់ដីទំនាបលិចទឹកទៅជាតំបន់អភិវឌ្ឍន៍ទំនើបប្រៀបបាននឹងបណ្ដាប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ដែរ។

ប្រធានអគ្គនាយកក្រុមហ៊ុន អាយអិនជី ហូលឌីង លោកឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ បានឲ្យដឹងថា៖

«ក្រុមហ៊ុន អាយអិនជី ហូលឌីង បានទទួលគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍគម្រោងពង្រីកភាគខាងត្បូងរាជធានីភ្នំពេញនេះ ដែលមានផ្ទៃដី ២.៥៧២ ហិកតា។ ចក្ខុវិស័យរបស់ក្រុមហ៊ុន គឺយើងចង់ឲ្យមានការប្រមូលផ្ដុំរវាងសកម្មភាពផ្សារទំនិញ ភាពកំណើនការងារ និងទីតាំងកម្សាន្តនៅក្នុងកន្លែងតែមួយ ដែលផ្ដល់នូវផាសុកភាព និងល្អសម្រាប់បរិស្ថាន ដែលផ្ដល់នូវភាពសប្បាយរីករាយ និងសុវត្ថិភាពគួបផ្សំនឹងការរៀបចំទីធ្លាធំទូលាយថែមទៀតផង។ បន្ទាប់ពីបានមើលឃើញនូវជោគជ័យរបស់ផ្សារទំនើប Lake Town របស់អ៊ីអនក្នុងប្រទេសជប៉ុនរួចមកយើងក៏មានក្តីសោមនស្សរីករាយ ដើម្បីសហការជាមួយអ៊ីអនបង្កើតផ្សារដ៏ពិសេសអស្ចារ្យនេះក្នុងតំបន់អភិវឌ្ឍន៍»។
គម្រោងសាងសង់ផ្សារទំនើបអ៊ីអន ៣

ការអភិវឌ្ឍន៍ទីក្រុងអាយអិនជី (ING City) មានបួនដំណាក់កាល ដែលស្របតាមប្លង់គោលអភិវឌ្ឍរាជធានីភ្នំពេញឆ្នាំ ២០៣៥ ជាប្លង់គោលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងគោលបំណងរបស់ក្រុមហ៊ុន អាយអិនជី ដែលតែងចង់លើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីមួយនេះបន្តពង្រីក និងអភិវឌ្ឍខ្លួនជាលំដាប់។

ING City បានចាប់ផ្ដើមសិក្សាផែនការមេរបស់ខ្លួននៅឆ្នាំ ២០០៧ និងបានអនុម័តនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០១៤ ហើយនៅដើមខែមេសា ឆ្នាំ២០១៧ មហាវិថីសម្ដេចតេជោ ហ៊ុន សែន ដែលមានប្រវែង ៩.១៦០ ម៉ែត្រ និងទទឹងផ្លូវ ៦០ ម៉ែត្រ បានបើកសម្ពោធឲ្យប្រើប្រាស់ជាសាធារណៈ។

ការសម្រេចចិត្តជ្រើសរើសទីតាំងសម្រាប់ផ្សារទំនើប Aeon Mall III នៅក្នុង ING City គឺជាសារមួយដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការរីកចម្រើនលូតលាស់នៃភាគខាងត្បូងរាជធានីភ្នំពេញ ស្របពេលដែលរាជធានីភ្នំពេញបន្តឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ ដែលធ្លាប់តែរស់នៅក្នុងតំបន់ដែលមានការអភិវឌ្ឍតិចតួចមួយនេះ ហើយការអភិវឌ្ឍនៅភាគខាងត្បូងនេះនឹងធានាថាទីក្រុង អាយអិនជីនិងផ្សារទំនើបអ៊ីអននឹងក្លាយជាបេះដូងនៃការអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងសមាហរណភាពរបស់រាជធានីភ្នំពេញនៃយើង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]