ឥណ្ឌូនេស៊ី៖ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងរួចមកហើយថា ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានជួបប្រទះគ្រោះមហន្តរាយធម្មជាតិដោយសារការរញ្ជួយដីនិងរលកយក្សស៊ូណាមិ ដែលបានលេបត្របាក់យកផ្ទះសម្បែងរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នង និងជីវិតមនុស្សរាប់ពាន់នាក់។

លើសពីនេះទៅទៀត ដោយយោងតាមសារព័ត៌មានបរទេសមួយដែលបានចេញផ្សាយនាថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨នេះបានឲ្យដឹងថា មានអភូតហេតុមួយដ៏មិនគួរឲ្យជឿដែលគេបានប្រទះឃើញក្មេងស្រីអាយុ១ខួបម្នាក់ នៅរស់រានមានជីវិតបន្ទាប់ពីនាងបានជាប់ខ្លួនក្រោមគំនរថ្មបាក់បែក និងសាកសពអ្នកស្លាប់២នាក់នៅជុំវិញខ្លួននាងអស់រយៈពេល២៤ម៉ោង។

ហេតុការណ៍បន្ទាប់ពីគ្រោះធម្មជាតិ

គួរបញ្ជាក់ថា ក្មេងស្រីដែលជាប់ខ្លួននៅក្រោមកំទេចថ្មនោះមានឈ្មោះថា វូហាន (Wuhan) ដែលក្រុមសង្គ្រោះបឋមប្រទះឃើញនាងដេកនៅក្រោមគំនរថ្មបាក់បែកនិងសាកសពអ្នកស្លាប់នៅជុំវិញនោះ ដែលពេលនោះពួកគេគិតថានាងបានបាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីនាងបានជាប់នៅក្រោមថ្មនោះអស់រយៈពេលដល់ទៅ
២៤ម៉ោង

បន្ថែមពីនេះទៅទៀត អ្នកស្រី Endang ដែលជាម្តាយរបស់វូហានបាននិយាយថា “វូហានបានបាត់ខ្លួននៅក្នុងថ្ងៃដែលឥណ្ឌូនេស៊ីជួបប្រទះនូវគ្រោះធម្មជាតិដោយសារការរញ្ជួយដីកម្រិត៧.១វ៉ិចទ័រ ដែលធ្វើឲ្យកម្ទេទថ្មផ្ទះសម្បែងនិងអាគារធំៗបាក់សង្កត់លើមនុស្សស្លាប់អស់ជាច្រើននាក់”។

ប៉ុន្តែក្មេងស្រីម្នាក់នេះបែរជាទៅជាប់ក្រោមគំនរថ្មបាក់បែក និងសាកសពអ្នកស្លាប់ពីរនាក់ដោយហ៊ុមព័ទ្ធដោយភក់ជុំវិញខ្លួនរបស់នាងទៅវិញ នៅពេលនាងត្រូវបានគេរកឃើញ។

អ្នកស្រី Endang បាននិយាយប្រាប់សារព័ត៌មានថា “ខ្ញុំពិតជាអរគុណព្រះណាស់ដែល បានផ្តល់ជីវិតថ្មីមួយទៀតដល់កូនរបស់ខ្ញុំ”។នាងបានបន្តថា “គ្រួសាររបស់ខ្ញុំបានបាត់បង់ផ្ទះសម្បែងបន្ទាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមីនេះ ហើយខ្ញុំពិតជាមានការព្រួយបារម្ភអំពីអនាគតរបស់គ្រួសារខ្ញុំណាស់”

ក្មេងស្រីវូហាននិងអ្នកម្តាយ

គួរបញ្ជាក់ថាបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិនេះបានស្ងប់ស្ងាត់ គេឃើញថារដ្ឋាភិបាលនៃប្រទេសឥណ្ឌូនេស៊ីកំពុងញាប់ដៃញាប់ជើងកោះហៅទាហាននិងក្រុមសង្ក្រោះបឋមឲ្យធ្វើការដឹកស្បៀងទៅឲ្យប្រជាពលរដ្ឋដែលរងការខូចខាតដោយសារគ្រោះធម្មជាតិនោះ៕

ទាហានរាប់រយនាកកំពុងដឹកស្បៀង
ហេតុការណ៍បន្ទាប់ពីគ្រោះធម្មជាតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]