កំពង់ចាមៈ បុរសម្នាក់បានស្លាប់ និងមនុស្សចំនួន ៣នាក់ទៀត បានរងរបួសធ្ងន់ ដោយសារ រថយន្តបុកពី ក្រោយ ខណៈកំពុងជិះម៉ូតូបត់ចូលពន្ធនាគារ ខេត្តកំពង់ចាមបំរុង ទៅសួរសុខទុក្ខសាច់ញាតិ កាលពីវេលាម៉ោង៩ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១២ នៅចំណុចតាម បណ្តោយផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិទួលវិហ៊ារ ឃុំជីរោទី២ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលចរាចរណ៍ស្រុកត្បូងឃ្មុំ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានឲ្យដឹងថា បុរសដែលស្លាប់ក្នុងឧប្បតិហេតុគ្រោះថ្នាក់ចរាចរណ៍នោះមានឈ្មោះ វន ភ័ន្ត ហៅញ៉ ភេទប្រុស អាយុ៤៨ឆ្នាំ  មានទីលំនៅភូមិថ្មពេជ្រទី៣ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ។ រីឯមនុស្ស៣នាក់ទៀតរងរបួសធ្ងន់មានឈ្មោះ ១ ជន អ៊ាង ភេទស្រី អាយុ៤៤ឆ្នាំ ទី២ ឈ្មោះ ទ្រី បូរ អាយុ៤៥ឆ្នាំ ទី៣ឈ្មោះ បូរ នន់ ភេទប្រុស អាយុ៣ឆ្នាំ ។មន្ត្រីនគរបាល បានបន្តថា បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេបានឃើញបុរសឈ្មោះវន ភ័ន្ត ហៅញ៉ បើកម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ គ្មានស្លាកលេខក្នុងទិសដៅពីកើតទៅលិច នឹងមានឌុបមនុស្ស៣នាក់ផងដែរ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបើកបត់ឆ្វេងបម្រុងចូលមុខពន្ធនាគារស្រាប់តែរថយន្តម៉ាកសាំយ៉ុងពណ៌ស ១គ្រឿងបើកក្នុងទិសដៅស្របគ្នា បានបើកមកបុកពីក្រោយម៉ូតូ បណ្តាលអោយដួល នឹងខ្ទាតមនុស្សរដួករណែលតាមថ្នល់ ស្លាប់អ្នកបើកម៉ូតូ និងអ្នកជិះពីក្រោយ៣នាក់ រងរបួសធ្ងន់ដឹក យកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកបើករថយន្ត បន្ទាប់ពីកើតហេតុភ្លាមៗបានរត់គេចខ្លួន។

មន្ត្រីនគរបាលបន្តទៀតថា បច្ចុប្បន្នរថយន្តបង្ក នឹងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់អោយទៅកុ្រមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]