ជំងឺទឹកនោមផ្អែម ជាអាការនៃជំងឺកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្លាំងលើសពីកម្រិតធម្មតា ហើយធ្វើឲ្យតម្រងនោមច្រោះមិនទាន់បណ្តាលឲ្យសល់ចេញមកក្រៅតាមទឹកនោម។

ជំងឺទឹកនោមផ្អែមមានពីរប្រភេទ៖ ប្រភេទទី១ ជាជំងឺសេនេទិច កើតតាំងពីកំណើត ដែលអាចបណ្តាលមកពីកោសិកាលំពែងមិនអាចផលិតអរម៉ូនអាំងស៊ុយលីន ឬក៏កោសិកានៃប្រព័ន្ធភាពស៊ាំបានចាត់ទុកអរម៉ូនអាំងស៊ុយលីនជាអង់ទីសែន (សត្រូវ) ដោយបានកំចាត់វាចោល។ ចំណែកឯប្រភេទទី២វិញ អាចបណ្តាលមកពីកោសិកាលំពែងដំណើរការមិនបានល្អ ផលិតអរម៉ូនអាំងស៊ុយលីនមិនគ្រប់គ្រាន់សម្រាប់បរិមាណជាតិស្ករក្នុងឈាម ឬក៏ដោយសារកោសិកាយើងមានភាពរេស៊ីស្តង់ជាមួយអរម៉ូនអាំងស៊ុយលីន ដែលជាហេតុបណ្តាលឲ្យកោសិកាមិនអាចធ្វើការស្រូបយកជាតិស្ករពីក្នុងឈាមបាន។

ជាការពិតជំងឺទឹកនោមផ្អែមមានការពិបាកព្យាបាលខ្លាំង ដែលទាមទារឲ្យមានការសហការជាមួយអ្នកជំងឺឲ្យបានខ្ជាប់ខ្ជួន ដោយចាំបាច់ត្រូវចាក់បញ្ចូលអរម៉ូនអាំងស៊ុយលីនជារៀងរាល់ថ្ងៃ និងជាពិសេសត្រូវគ្រប់គ្រងរបបអាហារអ្នកជំងឺទឹកនោមផ្អែមឲ្យបានម៉ត់ចត់។

បើទោះបីជាយ៉ាងណាក៏ដោយ ជំងឺទឹកនោមផ្អែមប្រភេទទី១ (ជំងឺសេនេទិច) ភាគច្រើនបណ្តាលមកពីពពួកកោសិកាឈាមសបានចាត់ទុកអរម៉ូនអាំងស៊ុយលីនផលិតដោយខ្លួនប្រាណយើងជាសត្រូវដើរកំចាត់ចោលកោសិកាអរម៉ូនទាំងនេះ។ ជាលទ្ធផល វាធ្វើឲ្យជាតិស្ករក្នុងចរន្តឈាម បាត់បង់ការភ្ញោច និងចាប់យកពីកោសិកាទាំងឡាយ។

ប៉ុន្តែថ្មីៗនេះវ៉ាក់សាំងប្រឆាំងជំងឺរបេង ដែលមានអាយុកាលជិត១០០ឆ្នាំ និងត្រូវបានគេឈប់ប្រើប្រាស់មកហើយនោះ នៅតែបន្តបង្ហាញអត្ថប្រយោជន៍របស់វា និងធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។  តាមរយៈការសិក្សាស្រាវជ្រាវពីមន្ទីរពិសោធន៍ប្រព័ន្ធភាពស៊ាំនៃមន្ទីរពេទ្យ Massachuseets នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា វ៉ាក់សាំងរបេងដែលប្រើប្រាស់ទម្រង់ខ្សោយស្រដៀងនឹងមេរោគ Mycobacterium TB មានឥទ្ធិពលដ៏អស្ចារ្យក្នុងការរក្សាកម្រិតជាតិស្ករនៃអ្នកទឹកនោមផ្អែមប្រភេទ១ (កើតពីកំណើត) ឲ្យស្ថិតក្នុងកម្រិតមួយធម្មតាវិញ ហើយបាក់តេរីនៃវ៉ាក់សាំងនេះ អាចធ្វើបានដោយសារវាភ្ញោចឲ្យកោសិកាឈាមស នៃប្រព័ន្ធភាពស៊ាំមានចំណង់នៃម៉ូលេគុលស្ករខ្លាំងជាងមុន ដើម្បីបំលែងជាថាមពលរបស់វា។

ដូច្នេះការសិក្សានេះនឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់មិនថាសម្រាប់អ្នកវិទ្យាសាស្ត្រស្រាវជ្រាវមួយក្រុមនេះទេ ប៉ុន្តែទូទាំងពិភពលោកសហការគ្នាក្នុងការស្វែងរកនូវថ្នាំព្យាបាលជំងឺទឹកនោមផ្អែមទាំងពីរប្រភេទ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]