ជាការពិតខ្លួនប្រាណយើងអាចដំណើរការធម្មតា និងសុខភាពល្អរាប់ឆ្នាំបាននៅក្នុងបរិស្ថានមួយដែលពោរពេញទៅដោយមេរោគ ទាំងក្នុងទឹក ដី ខ្យល់ ក៏ដោយសារប្រព័ន្ធភាពស៊ាំរាងកាយរបស់យើងនេះឯង។ រៀងរាល់វិនាទីលោកអ្នកអាចប្រឈមមុខនឹងជំងឺឱកាសនិយមដែលតោងតាមស្បែក និងខ្លះនៅក្នុងរាងកាយរបស់អ្នកផ្ទាល់ រងចាំឱកាសពេលរាងកាយយើងចុះខ្យោយ ពួកវានឹងបង្កជាជំងឺឡើងដោយមិនសំចៃដៃ។ ជាក់ស្តែងជំងឺរបេងសួតដែលភាគច្រើនកើតចំពោះមនុស្សឈានចូលវ័យចាស់ ព្រោះប្រព័ន្ធភាពស៊ាំចុះខ្សោយ ជាឱកាសមេរោគរបេងធ្វើសកម្មភាពព្រោះវារង់ចាំឱកាសល្អបែបនេះយូរហើយ។

បើទោះបីជាយ៉ាងណាក៏ដោយ ដរាបណាប្រព័ន្ធភាពស៊ាំយើងរឹងមាំ ហានិភ័យនៃការឆ្លងជំងឺក៏តិចតួចទៅតាមនោះដែរ។ ប៉ុន្តែការរក្សាសុខភាពនៃប្រព័ន្ធភាពស៊ាំ ទើបជាឧបសគ្គមួយយ៉ាងពិបាក។ នេះក៏ដោយសារកត្តាជាច្រើនដែលអាចមានឥទ្ធិពលទៅលើប្រព័ន្ធភាពសុំា មានតាំងពីរបបអាហារ កត្តាសេនេទិច អាយុ និងជាពិសេស លំហាត់ប្រាណជាប្រចាំ។

ប៉ុន្តែវាមាននូវកត្តាមួយទៀត ដែលជាឬសគោលចំបងមួយដែរ នៃជំងឺទាំងឡាយនោះ គឺ បញ្ហាស្ត្រេសរ៉ាំរ៉ៃ។ អ្នកឯកទេសសុខភាពមួយចំនួនបានឲ្យដឹងថា ៩០%នៃជំងឺភាគច្រើន រាប់បញ្ចូលទាំង ជំងឺមហារីក និងជំងឺបេះដូង សុទ្ធតែបណ្តាលមកពីបញ្ហាស្ត្រេស។ នេះក៏ដោយសារ ស្ត្រេស អាចប៉ះពាល់យ៉ាងខ្លាំងចំពោះប្រព័ន្ធភាពស៊ាំរបស់យើង។

អ្នកដឹងទេថា នៅពេលយើងស្ត្រេស មិនថាស្ត្រេសផ្លូវកាយ ឬ ផ្លូវចិត្ត ខ្លួនប្រាណយើងដឹងតែមួយមុខគត់ នោះគឺយើងកំពុងជួបឧបសគ្គនៅពីមុខហើយ តើគួររត់ ឬ ក៏ការពារខ្លួន។ ដូច្នេះខួរក្បាលបានភ្ញោចឲ្យក្រពេញមួយស្ថិតលើតម្រងនោម ធ្វើការបញ្ចេញនូវអរម៉ូនស្ត្រេសពិសេសម៉្យាងហៅថា កូទីសូល (Cortisol) ចូលក្នុងចរន្តឈាម។

អរម៉ូនស្ត្រេសនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការការពាររាងកាយយើងពីការខូចខាតក្នុងអំឡុងពេលកំពុងជួបឧបសគ្គ ប៉ុន្តែនៅពេលយើងស្ត្រេសញឹកញាប់ និងរ៉ាំរ៉ៃហើយនោះ គុណប្រយោជន៍នៃអរម៉ូននេះប្រែជាគុណវិបត្តិទៅវិញអរម៉ូនCortisol ច្រើនពេកអាចធ្វើឲ្យសកម្មភាពនៃប្រព័ន្ធភាពសុំាមានការធ្លាក់ចុះ ធ្វើឲ្យការភ្ញោចផលិតនូវពពួកកោសិកាឈាមសប្រឆាំងនឹងមេរោគទាំងឡាយ មិនថាវីរុស បាក់តេរី ប៉ារ៉ាស៊ីត មានការធ្លាក់ចុះយ៉ាងខ្លាំង។ ជាហេតុធ្វើឲ្យរាងកាយយើង មាននូវហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺ។ ជាពិសេសកោសិកាឈាមសប្រភេទ Natural Killer Cell ដែលដើរតួនាទីយ៉ាងចម្បងក្នុងការកំចាត់កោសិកាមហារីក ក៏មានការធ្លាក់ចុះផងដែរ។ ក្រៅពីនេះ អរម៉ូនស្ត្រេស អាចបណ្តាលឲ្យជាលិកាទាំងឡាយងាយរងនឹងការរលាក និងខូចខាតយ៉ាងខ្លាំងទៀតផង។

ដូច្នេះបើស្រលាញ់សុខភាពរបស់លោកអ្នកការចំណាយពេលសម្រាកពីការងារ ឬ ការសិក្សាដើម្បីលំហែកាយ និងខួរក្បាលជាការអនុវត្តយ៉ាងសំខាន់ដើម្បីសុខភាពទូទៅរបស់លោកអ្នក។ ជាពិសេសការធ្វើលំហាត់ប្រាណជាប្រចាំក៏ជារឿងមួយគួរឲ្យចាំបាច់ផងដែរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]