តៃវ៉ាន់៖ បុរសម្នាក់ឈ្មោះ Chang Chi-yuan រស់នៅកោះតៃវ៉ាន់ដែលមានចំនួនអ្នក Followers នៅក្នុងបណ្តាញសង្គម Facebook ប្រមាណ ២៦,០០០ នាក់ បានប្រកាសជាសារធារណៈថាខ្លួននឹង Hack ហើយលុបគណនីលោក Mark Zuckerberg នៅថ្ងៃអាទិត្យ ម៉ោង ៦ ល្ងាច (ម៉ោងក្នុងតំបន់) មិនត្រឹមប៉ុណ្ណឹងទេ ថានឹង Live ផ្ទាល់នៅលើ Facebook ឲ្យអ្នករាល់គ្នាមើលទៀត។

Chang Chi-yuan
Mark Zuckerberg

បន្ទាប់ពីល្បីហើយទទួលការចាប់អារម្មណ៍ពីសំណាក់សារព័ត៌មានអន្តរជាតិរួចមក លោកក៏បានរំសាយគម្រោងនេះចោលព្រោះមិនចង់មានរឿងធំ។

លោកបាននិយាយថា “មានមនុស្សជាច្រើនសង្ស័យអំពីសមត្ថភាពរបស់ខ្ញុំ បើទោះបីជាខ្ញុំបានស្វែងរក Bug (ចន្លោះប្រហោងកម្មវិធី) ជាច្រើន និងបានទទួលរង្វាន់ជាច្រើនអំពីបណ្តាក្រុមហ៊ុនធំៗ ហើយខ្ញុំមិនគួរព្យាយាមលុបគណនីលោក Mark Zuckerberg ដើម្បីគ្រាន់តែបញ្ជាក់ថាខ្ញុំអាចធ្វើបាននោះទេ។”

នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Bloomberg បុរសវ័យ ២៤ ឆ្នាំរូបនេះបាននិយាយថា “ខ្ញុំបានរំសាយគម្រោងលុបចោលគណនីលោក Mark Zuckerberg រួចហើយ ថែមទាំងខ្ញុំបានរាយការណ៍ Bug (ចន្លោះប្រហោងកម្មវិធី) ទៅក្រុមហ៊ុន Facebook រួចហើយ ហើយខ្ញុំនឹងបង្ហាញភស្តុតាងនៅពេលខ្ញុំទទួលរង្វាន់ពីក្រុមហ៊ុន Facebook ។”

គួររម្លឹកផងដែរ លោក Chang មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងធ្លាប់បាន Hack ប្រព័ន្ធទិញសំបុត្ររថយន្តក្រុងត្រឹមតែ ១ ដុល្លារតៃវ៉ាន់ (០.០៣ ដុល្លារអាមេរិក) ហើយក៏ធ្លាប់ត្រូវបានក្រុមហ៊ុនលក់សំបុត្ររថយន្តក្រុងនេះប្តឹងផងដែរ។

កាលពីថ្មីៗនេះ លោកក៏បាន Hack និងទិញ iPhone ចំនួន ៥០២ គ្រឿងក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះនៅលើគេហទំព័រផ្លូវការរបស់ Apple Store ប៉ុន្តែគាត់បានលុបចោលការទូទាត់លុយវិញ ព្រោះគោលបំណងធំរបស់គាត់ គ្រាន់តែចង់បង្ហាញពីចន្លោះប្រហោងសុវត្ថិភាពរបស់គេហទំព័រនេះប៉ុណ្ណោះ។

លោក Chang ទិញ iPhone ៥០២ គ្រឿងតម្លៃ ១ ដុល្លារ

យ៉ាងណាមិញ ក្រុមហ៊ុនយក្សជាច្រើនមានគោលការណ៍ផ្តល់រង្វាន់ដល់អ្នកដែលរកឃើញចន្លោះប្រហោងកម្មវិធី និងគេហទំព័រដូចជាលោក Chang អីចឹង ដើម្បីជួសជុលប្រព័ន្ធសុវត្ថិភាពរបស់ពួកគេឲ្យកាន់តែល្អប្រសើរទ្បើង និងចៀសវាងកុំឲ្យពួក Hacker ចូលមកលួច ឬ Hack កម្មវិធីនិងគេហទំព័ររបស់ពួកគេ។

គួររម្លឹកផងដែរ កាលពីឆ្នាំ ២០១៥ វិស្វករផ្នែកសន្តិសុខឥណ្ឌាម្នាក់ឈ្មោះ Anand Prakash ត្រូវបានក្រុមហ៊ុន Facebook ផ្តល់រង្វាន់ឲ្យ ១៥,០០០ ដុល្លារ បន្ទាប់ពីគាត់បានរកឃើញចំណុចខ្សោយដ៏គ្រោះថ្នាក់បំផុតនៅក្នុង algorithm "Forgot Password" របស់ Facebook ដែលគេអាចទាញយក និងចូលលួច Profile មួយណាក៏បានដែរ៕ 

បើចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]