ចិន៖ ជាការពិតណាស់ ជីវិតគឺជាការតស៊ូ ព្រោះមិនថាស្ថិតក្នុងស្ថានភាពលំបាក ទុក្ខសោក ឬវេទនាពិការយ៉ាងណានោះទេ គឺត្រូវតែមានសេចក្តីរឹងប៉ឹង និងតស៊ូក្នុងឆាកជីវិត ដើម្បីយកឈ្នះលើខ្លួនឯង ជម្នះរាល់គ្រប់ឧបសគ្គក្នុងជីវិត នោះថ្ងៃណាមួយអ្នកអាចនឹងស្វែងរកឃើញជីវិតដ៏គាប់ប្រសើរជាមិនខាន។

ជាក់ស្តែង បើក្រឡេកមកមើលពីជីវិតបងប្អូនស្រី ៣នាក់ ដែលពិការជើងពីកំណើត នៅឯប្រទេសចិនឯណេះវិញ ថ្វីបើពួកនាងជាមនុស្សពិការ ពុំអាចមានសមត្ថភាពដើរបានដូចគេឯង ប៉ុន្តែពួកនាងនៅតែមិនអស់សង្ឃឹមក្នុងជីវិត និងថែមទាំងអាចជួយរកប្រាក់ចំណូល ដើម្បីជួយផ្គត់ផ្គង់ការលំបាកមួយចំនួនក្នុងគ្រួសារ រហូតទទួលបានការអាណិតស្រលាញ់ និងគាំទ្រដល់ពួកនាងជាខ្លាំង ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម។

បងប្អូនស្រីពិការទាំង៣នាក់

បើយោងតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា បងប្អូនស្រីទាំង៣នាក់ខាងលើនេះ ទី១ឈ្មោះ Peng Yan អាយុ៣១ឆ្នាំ។ ទី២ឈ្មោះ Peng Jiangqiu អាយុ២៨ឆ្នាំ និងទី៣មានឈ្មោះ Peng Jiangdan អាយុ២៥ឆ្នាំ។ ពួកនាងរស់នៅក្នុងទីក្រុង Chongqing ប្រទេសចិន។

បងប្អូនស្រីទាំង៣នាក់នេះ ត្រូវបានគេដឹងថា ពួកនាងកើតមកទទួលរងនូវជំងឺម្យ៉ាង ដែលធ្វើឲ្យសរីរៈលូតលាស់នៃជើង ហាក់មិនរីកលូតលាស់ដែលជាប់ពាក់ព័ន្ធទៅនឹងឆ្អឹង ឬអាចហៅបានថា ឆ្អឹងដែលមិនមានភាពរឹងមាំ ឬជំងឺពុកឆ្អឹង (Brittle Bone Disease) ដែលជាហេតុធ្វើឲ្យរាល់បន្ទុកមួយចំនួន ត្រូវធ្លាក់ទៅលើឪពុកម្តាយរបស់ពួកនាងជាអ្នកជួយមើលថែទាំផ្សេងៗ។

ឪពុកពួកនាងមានឈ្មោះ Peng Boxiang អាយុ៥៧ឆ្នាំ ជាអតីតកម្មករសំណង់ម្នាក់ ប៉ុន្តែត្រូវបានចូលនិវត្តន៍ អស់រយៈពេលជាង១៦ឆ្នាំមកហើយ បន្ទាប់ពីបានជួបឧបទ្ទវហេតុនៅកន្លែងការងារ។ ចំណែកឯ ស្រ្តីជាម្តាយឈ្មោះ Jiang Tinglan អាយុ៥៤ឆ្នាំ មានមុខរបរជាអ្នកមើលថែក្មេង ដែលស្ថិតនៅតំបន់ឆ្ងាយពីផ្ទះ និងអាចមកលេងផ្ទះបានត្រឹមម្តងក្នុងមួយខែអីតែប៉ុណ្ណោះ។

បងប្អូនស្រីពិការទាំង៣នាក់

ប្រភពដដែលបន្តថា ពីមុនឡើយជីវិតរបស់បងប្អូនស្រីទាំង៣នាក់នេះ រស់នៅដោយពុំអាចធ្វើអ្វីបានទាំងអស់ ពោលគឺបានត្រឹមតែ ដេក ដេក ដេក និងមើលទូរទស្សន៍ ហើយសូម្បីតែរឿងរៀនសូត្រ ក៏មិនបានទៅសលាដូចគេឯងឡើយ។

ប៉ុន្តែផ្ទុយទៅវិញ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ឬអាចនិយាយបានថា ជិតកន្លះឆ្នាំមកនេះ ពួកនាងក៏បានព្យាយាមងើបឡើងដើម្បិជម្នះភាពលំបាកក្នុងជីវិត ដូចជាការរៀនអានអក្សរ (មើលតាមទូរទស្សន៍) និងរៀនច្រៀងជាដើម។

ពួកនាងនិយាយថា ថ្វីបើពួកនាងពិការ និងមិនអាចទៅសាលារៀនដូចជាគេបានមែន ក៏ប៉ុន្តែចិត្តគំនិត ក៏ដូចជាសុខភាពរបស់ពួកនាងគឺល្អជាធម្មតា។ បងប្អូនទាំង៣នាក់នេះនិយាយថា «ពួកយើងចូលចិត្តច្រៀង និងធ្វើរឿងអ្វីដែលល្អ។ ពួកយើងមានគ្រួសារដ៏កក់ក្តៅ ពួកយើងស្រលាញ់ឪពុកម្តាយរបស់ពួកយើង ក៏ដូចជាបងប្អូនស្រីទាំងអស់។ ហើយពួកយើងក៏ស្រលាញ់ ចូលចិត្ត ការបង្កើតមិត្តភក្តិផងដែរ» ។

នៅក្នុងនោះ ភាពតស៊ូរបស់ពួកនាង គឺពួកនាងអាចច្រៀងចម្រៀងបាន ដោយមានការថតវីដេអូ Live ផ្ទាល់នៅលើបណ្តាញសង្គមចិនមួយ យ៉ាងជោគជ័យ។ អ្វីដែលពុំនឹកស្មានដល់នោះ ពួកនាងទទួលបានការលើកទឹកចិត្ត អាណិតស្រលាញ់ជាច្រើន ពីសំណាក់អ្នកលេងបណ្តាញសង្គម ហើយបើគិតមកទល់ពេលនេះ ពួកនាងទទួលបានអ្នកតាមដានគាំទ្រ (Followers) ជាង ២៦០ ០០០នាក់ហើយ។

បងប្អូនស្រីពិការទាំង៣នាក់

ដើម្បីបន្ថែមអត្ថន័យលើជីវិត ដែលកំពុងតែចាប់ផ្តើមស្រស់បំព្រងនេះ នៅគ្រាដែលពួកនាងថត Live ច្រៀងលេងលើបណ្តាញសង្គមនោះ ពួកនាងក៏បានឆ្លៀតប្រូម៉ូតលក់នំកញ្ចប់ (ឬអាហារសំរ៉ន់) ផងដែរ។ ក្នុងនោះពួកនាងអាចរកចំណូលបានពីការលក់ យ៉ាងហោចណាស់ប្រហែល ១០០យ័ន (ឬប្រហែល ១៤ដុល្លារអាមេរិក) ក្នុងមួយថ្ងៃៗ។

បន្ថែមលើនេះ ពួកនាងក៏ថែមទាំងអាចទទួលបាន ២០-៣០យ័នពីលើបន្ថែម ក្នុងមួយថ្ងៃៗ (ប្រហែល ៣ ទៅ ៤ដុល្លារអាមេរិក) ពីសំណាក់ហ្វេនៗអ្នកស្រលាញ់គាំទ្រ និងចង់លើកទឹកចិត្ត ផ្តល់ឲ្យពួកនាងផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖   

បងប្អូនស្រីពិការទាំង៣នាក់
បងប្អូនស្រីពិការទាំង៣នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]