បុរសវ័យ២៩ឆ្នាំជនជាតិអាមេរិកមួយរូបត្រូវបានបញ្ជូនមកមន្ទីរពេទ្យក្នុងអាការដ៏ធ្ងន់ធ្ងរដោយសារលោកមានរោគសញ្ញាជំងឺស្រដៀងគ្នានឹងជំងឺរលាកស្រោមខួរ។លោកមិនអាចងើបដើរ និយាយមិនច្បាស់ មានអាការក្តៅខ្លួនឈឺក្បាលខ្លាំង និង ហើមលលាដ៍ក្បាលយ៉ាងខ្លាំង។

មុនមួយថ្ងៃលោកត្រូវបាននាំមកមន្ទីរពេទ្យ លោកចេះតែមានអាការឈឺក្បាលខ្លាំងមិនបាត់ ទើបលោកពិសាថ្នាំបំបាត់ការឈឺចាប់ និងសម្រាកដេក ប៉ុន្តែព្រឹកឡើងងើបពុំរួចពីដំណេកឡើយ។

ដំបូងគេបានធ្វើរោគវិនិច្ឆ័យមើល ហើយបានសង្ស័យចំពោះជំងឺបង្កដោយបាក់តេរីនិងវីរុសមួយចំនួនដោយមើលទៅតាមស្ថានភាពនិងរោគសញ្ញារបស់លោក ប៉ុន្តែ លទ្ធផលធ្វើតេស្តឈាម និងទឹកខួរឆ្អឹងខ្នង (CSF= cerebral spinal fluid) អវិជ្ជមាន។ អាការរបស់លោកកាន់តែធ្ងន់ធ្ងរឡើងៗ ហើយរាងកាយលោកកាន់តែខ្សោយៗទៅ ទើបនៅថ្ងៃទី២០ ខែកញ្ញា គេបានសាកល្បងធ្វើតេស្តទៅលើទឹកខួរឆ្អឹងខ្នងម្តងទៀត។

ជាលទ្ធផលគាត់ធ្វើតេស្តបានវិជ្ជមានឃើញថា មានប្រភេទជំងឺរលាកស្រោមខួរបង្កដោយពពួកអាមីប។ បើមើលតាមស្ថិតិ ភាគរយនៃការសង្ឃឹមរស់គឺតិចតួចខ្លាំងណាស់ ពោលគឺត្រឹមតែ២%ប៉ុណ្ណោះ។

ហេតុអ្វីបានជាជំងឺនេះកាចសាហាវម្ល៉េះ?

ពពួកអាមីបបង្កជំងឺរលាកស្រោមខួរក្បាលនេះប្រៀបដូចពពួកប៉ារ៉ាស៊ីត ដែលអាចស្ថិតក្នុងទម្រង់ជាពង ឬមានរាងដូចព្រូន។ ពួកវាអាចមាននៅក្នុងដី ជាពិសេស ក្នុងប្រភពទឹកជាដើម។ ពពួកមេរោគនេះបើវាអាចជ្រៀបចូលតាមផ្លូវនៃប្រព័ន្ធរំលាយអាហារហើយនោះ វានឹងមិនបង្កបញ្ហាជំងឺអ្វីឡើយ។ ប៉ុន្តែនៅពេលដែលវាអាចទុំនៅតាមកោសិកាប្រសាទដូចជានៅជាលិការន្ធច្រមុះជាដើម វាអាចធ្វើការជ្រៀបតាមរយៈសរសៃប្រសាទ ហើយវាយប្រហារកោសិកាខួរក្បាលតែម្តង។ ជំងឺនេះជាជំងឺមួយដ៏កម្រខ្លាំងណាស់ ហើយភាគរយក្នុងការព្យាបាលក៏ទាបខ្លាំងដែរ (ត្រឹម២ភាគរយ)។

ដូចគ្នាផងដែរបុរសរូបនេះបានធ្លាក់ខ្លួនឈឺពីរទៅបីថ្ងៃ ក្រោយត្រឡប់ពីដំណើរកម្សាន្តនៅសួនហែលទឹក។  ជាក់ស្តែងមេរោគអាមីបអាចមានជីវិតរស់នៅតាមប្រភពទឹកតាមអាងទឹកដែលពុំបានប្រើប្រាស់ថ្នាំសម្លាប់មេរោគបានត្រឹមត្រូវនិងទៀងទាត់។ ដូច្នេះ នៅពេលដែលទឹកខ្ទាត ឬចូលតាមច្រមុះវាអាចមានភាគរយខ្លះ ដែលមានវត្តមានពពួកអាមីបបង្កជំងឺរលាកស្រោមខួរក្បាលនេះ។

សន្និដ្ឋាន៖ អាងហែលទឹកដែលលោកអ្នកចូលចិត្តមើលទៅឃើញថាថ្លា ប៉ុន្តែសូមប្រុងប្រយ័ត្ន ព្រោះវាអាចបង្កហានិភ័យដល់អាយុជីវិតលោកអ្នក ដោយសារមេរោគអាមីបបង្កជំងឺរលាកស្រោមខួរក្បាល៕

អាងហែលទឹក ដែលអាចជាប្រភពនៃមេរោគអាមីប
មេរោគអាមីប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]