ឥណ្ឌូនេស៊ី៖ ក្រោយជួបគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលបានលេបត្របាក់ជីវិតមនុស្សប្រមាណ១២០០នាក់រួចមក ថ្មីៗនេះគេឃើញមានផ្សែងយ៉ាងសន្ធោសន្ធៅដែលហុយចេញពីភ្នំភ្លើងមួយដែលស្ថិតនៅក្នុងប្រទេស ឥណ្ឌូនេស៊ី។ 

យោងតាមប្រភពព័ត៌មាន ភ្នំភ្លើងឈ្មោះ Soputan ស្ថិតក្នុងភូមិភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ីបានផ្ទុះចេញកម្អែលយ៉ាងច្រើនហៀរចេញពីភ្នំ និងផ្សែងដ៏សន្ធោសន្ធៅភាយចូលទៅក្នុងក្នុងលំហអាកាសកម្ពស់ជិត៤គីឡូម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង៩ព្រឹក នាថ្ងៃពុធ ទី៣ ខែតុលា ឆ្នាំ២០១៨។ ប្រភពឲ្យដឹងទៀតថា នៅមិនទាន់មានរបាយការណ៍ ឫតួលេខជាក់លាក់ណាមួយដែលបង្ហាញ ពីផលប៉ះពាល់និងការខូចខាតបន្ទាប់ពីហេតុការណ៍បន្ទុះភ្នំភ្លើងខាងលើនេះនៅឡើយទេ។

អាជ្ញាធរឥណ្ឌូនេស៊ីបានបើកការស៊ើបអង្កេត និងកំពុងតាមដានស្ថានភាពបន្ទាប់បន្សំនៃភ្នំភ្លើង Soputan នេះ  និងបានលើកទឹកចិត្តឲ្យប្រជាជនរស់ក្នុងតំបន់មានភាពស្ងប់ស្ងាត់ហើយក៏បានផ្តល់ជាដំបូន្មានទៅដល់ពួកគេកុំឲ្យដើរចូលតំបន់ដែលជាកន្លែងហាមឃាត់។

មិនត្រឹមតែប៉ុណ្ណោះផ្សែងដ៏ខ្មៅងងឹតដែលភាយចេញពីភ្នំភ្លើងនឹងរសាត់ទៅភាគខាងលិចនិងភាគពាយព្យនៃផែនដី ដែលវានឹងធ្វើឲ្យយន្តហោះដែលមានជើងហោះហើរតាមទិសដៅស្របគ្នានោះអាចនឹងផ្អាកការហោះហើរជាបណ្តោះអាសន្ន។

គួររម្លឹកឡើងវិញថា ថ្មីៗនេះប្រទេសឥណ្ឌូនេស៊ីបានជួបគ្រោះធម្មជាតិជាច្រើនដូចជាការរញ្ជួយដីដែលមានកម្រិតដល់ទៅ ៧.៥ រ៉ិចទ័រ និងរលកយក្សស៊ូណាមិដែលកម្ពស់ ៦ម៉ែត្រ កាលពីថ្ងៃសុក្រសប្តាហ៍មុនហើយឥឡូវនេះឥណ្ឌូនេស៊ីក៏បានមកជួបប្រទះនូវគ្រោះធម្មជាតិថ្មីមួយទៀតពីការបន្ទុះភ្នំភ្លើងនេះឯង៕

ខាងក្រោមនេះគឺជា​វីដេអូដែលបង្ហាញពីបន្ទុះភ្នំភ្លើង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]