ជំងឺរលាកផ្លូវបង្ហូរនោមពិតជាបញ្ហាមួយដ៏ធុញទ្រាន់ និងប៉ះពាល់ទៅដល់ការរស់នៅប្រចាំថ្ងៃទៀ់តផង។ វាមានអាការឈឺចាប់ខ្លាំងនៅពេលនោមម្តងៗ ជាពិសេសបើករណីធ្ងន់ធ្ងរវិញ មេរោគអាចរាលដាលពីប្លោកនោមឡើងតាមផ្លូវបង្ហូរនោមចូលទៅកាន់តម្រង់នោម ដែលបង្កជាជំងឺរលាកតម្រងនោមថែមទៀត។

បើទោះបីជាយ៉ាងណា គេតែងប្រើប្រាស់ថ្នាំផ្សះ (អង់ទីប្យូទិច) ក្នុងការព្យាបាលជំងឺនេះ។ ប៉ុន្តែផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំអង់ទីប្យូទិចក៏មានដែរ ដូចជាអាចប៉ះពាល់ទៅដល់វដ្តរដូវរបស់ស្ត្រី ធ្វើឲ្យយើងហត់អស់កម្លាំង និងជាពិសេសការប្រើប្រាស់ថ្នាំផ្សះច្រើន ដោយពុំមានការយល់ដឹងច្បាស់លាស់អំពីរបៀប ឬពុំមានវេជ្ជបញ្ជាត្រឹមត្រូវ អាចបណ្តាលឲ្យមានបញ្ហារេស៊ីស្តង់ជាមួយនឹងបាក់តេរីទៀតផង។ ដូច្នេះយើងឃើញហើយថា ថ្នាំក៏ពុំមែនជាជម្រើសមួយដ៏ចាំបាច់ដែរ នៅពេលយើងមានដំណោះស្រាយផ្សេងទៀតដែលងាយស្រួល និងមិនផ្តល់ផលប៉ះពាល់។

ថ្មីៗនេះវិញក្រុមអ្នកសិក្សាស្រាវជ្រាវ បានសន្និដ្ឋានថា បរិមាណនៃការពិសាទឹករបស់លោកអ្នកជាប្រចាំថ្ងៃ អាចកំណត់នូវហានិភ័យនៃជំងឺរលាកផ្លូវបង្ហូរនោម។

គេបានសិក្សាទៅលើសំណាកចំនួន២ក្រុម ដែលជាអ្នកធ្លាប់មានបញ្ហាជំងឺនេះ ប៉ុន្តែបច្ចុប្បន្នជាសះស្បើយហើយ។ សំណាកទាំងពីរក្រុមសុទ្ធតែផឹកទឹកក្នុងមួយថ្ងៃមិនលើសពី១.៥លីត្រឡើយ។ ដូច្នេះគេបានតម្រូវឲ្យមួយក្រុម(ក្រុមទី១)ធ្វើការពិសាទឹកបន្ថែម១.៥ទៀតពីលើ រីឯមួយក្រុមទៀត(ក្រុមទី២) គ្រាន់តែពិសាតាមទម្លាប់នៃបរិមាណរបស់ខ្លួនទៅ។

ជាលទ្ធផលគេឃើញថាក្រុមទី១ មាននូវហានិភ័យបង្កជំងឺរលាកផ្លូវបង្ហូរនោមតិចខ្លាំងជាងក្រុមទី២ ដែលពិសាទឹកតិចជាង១.៥លីត្រ។

ដូច្នេះអ្វីដែលយើងទទួលបានពីការស្រាវជ្រាវមួយនេះគឺថាការពិសាទឹកឲ្យបានច្រើន(យ៉ាងតិច២.៥ ទៅ ៣លីត្រ/១ថ្ងៃ) អាចជួយបង្ការ និងព្យាបាលបញ្ហាជំងឺរលាកផ្លូវបង្ហូរនោមរ៉ាំរ៉ៃ។ នេះក៏ដោយសារនៅពេលយើងផឹកទឹកច្រើន វាធ្វើឲ្យតម្រងនោមផលិតទឹកនោមកាន់តែច្រើន ហើយលំហូរនៃទឹកនោមពីតម្រង់នោមទៅកាន់ប្លោកនោមអាចជួយលាងសម្អាត និងដឹកនាំបាក់តេរីនៅតាមប្រព័ន្ធបង្ហូរនោមចេញ នៅពេលយើងនោម៕

អាការៈឈឺចុកចាប់ នៃជំងឺរលាកផ្លូវបង្ហូរនោម
ផ្លូវបង្ហូរនោម ពីតម្រង់នោម(Kidney) មកកាន់ ប្លោកនោម(Bladder)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]