ឥណ្ឌូនេស៊ី៖ នេះជារូបភាពដ៏គួរឱ្យរន្ធត់ថតដោយផ្កាយរណប ដែលបង្ហាញពីការលេបត្របាក់ភូមិដ្ឋានជាច្រើនដោយសារគ្រោះរញ្ជួយដីកម្រិត ៧.៥ រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ៦ ម៉ែត្រ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានលុបរូបផ្ទះសម្បែងទាំងនោះចេញពីផែនទីទៀតផង ខណៈចំនួនអ្នកស្លាប់កើនដល់យ៉ាងតិច ១,២០០ នាក់។ 

មុនរញ្ជួយដី និងស៊ូណាមិ នៅសង្កាត់បាឡារ៉ូអា
ក្រោយរញ្ជួយដី និងស៊ូណាមិ នៅសង្កាត់បាឡារ៉ូអា

រូបភាពបានពីផ្កាយរណបទាំងនេះបង្ហាញពីសង្កាត់ បាឡារ៉ូអា និង ផិតូបូ ក្នុងក្រុងប៉ាលូ ដោយភូមិជាច្រើនត្រូវបានលេបត្របាក់ទាំងស្រុងតែម្តង។ 

មុនរញ្ជួយដី និងស៊ូណាមិ នៅសង្កាត់ផិតូបូ
ក្រោយរញ្ជួយដី និងស៊ូណាមិ នៅសង្កាត់ផិតូបូ

ទោះយ៉ាងណា ក្រុមស្វែងរកនិងសង្គ្រោះកំពុងដុតដៃដុតជើងគាស់កកាយផ្ទះ អគារបាក់បែក រួមទាំងសណ្ឋាគារ ៨ ជាន់មួយកន្លែង និងទីតាំងរាប់មិនអស់ទៀត ប៉ុន្តែគេត្រូវការឧបករណ៍ធ្ងន់ៗជាងបច្ចុប្បន្នដើម្បីលើកផ្ទាំងថ្មចេញ។

នៅក្នុងខណ្ឌស៊ីហ្គ៊ី សាកសពក្មេងៗ ៣៤ នាក់ត្រូវបានរកឃើញ ក្រោយពួកគេបានចូលរួមជំរុំសាសនាគ្រឹះមួយ។ នេះបើតាមអ្នកនាំពាក្យកាកបាទក្រហមឥណ្ឌូនេស៊ី Aulia Arriani។

ឆ្លើយតបចំពោះគ្រោះមហន្តរាយនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានបើកចំហទទួលជំនួយពីភ្នាក់ងារអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលគ្រប់មជ្ឈដ្ឋាន ដើម្បីជួយសង្គ្រោះប្រជាជន និងប្រទេសរបស់ខ្លួន។

គួរបញ្ជាក់ថា តួលេខដែលផ្តល់ដោយទីបញ្ជាការប៉ូលិសជាតិឥណ្ឌូនេស៊ី ចំនួនអ្នកស្លាប់បានកើនដល់ ១,២០៣ នាក់ ខណៈពួកគេភ័យខ្លាចថាចំនួននេះនឹងរឹតតែកើនឡើងខ្ពស់ខ្លាំងក្នុងប៉ុន្មានថ្ងៃបន្ទាប់ ដូច្នេះគឺមានតែត្រៀមចិត្តទុកមុន ហើយថែមទាំងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នក្នុងរយៈពេល ១៤ ថ្ងៃផងដែរ។

អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះគឺ ប្រសិនបើគ្មានបញ្ហាបច្ចេកទេសពីទីភ្នាក់ងារភូមិសាស្ត្រទេ ប្រហែលជាចំនួនអ្នកស្លាប់មិនកើនឡើងដល់ថ្នាក់នេះឡើយ ព្រោះថាដំបូងគេបានប្រកាសព្រមានពីគ្រោះធម្មជាតិនេះ ប៉ុន្តែស្រាប់តែដកការព្រមានវិញក្នុងរយៈពេល ៣៤ នាទីក្រោយ ដែលធ្វើឱ្យប្រជាជនមានការភាន់ច្រឡំមិនដឹងថាត្រូវទៅឬត្រូវនៅ។ ដូច្នេះ ប្រសិនបើពួកគេមិនដកការព្រមាន ហើយឱ្យប្រជាជនជម្លៀសខ្លួនចេញពីភូមិដ្ឋានរបស់ខ្លួនភ្លាមៗ នោះលទ្ធផលអាចនឹងមិនធ្ងន់ធ្ងរដល់ម្លឹងទេ។

ទោះយ៉ាងណា វាហួសពេលអស់ទៅហើយ។ អ្វីដែលចាំបាច់ត្រូវធ្វើនៅពេលនេះ គឺជួយគ្នាស្វែងរកនិងសង្គ្រោះអ្នកដែលនៅរស់រានមានជីវិត ប៉ុន្តែមិនដឹងថាជាប់ខ្លួននៅទីណា តែកំពុងត្រដរខ្យល់រង់ចាំអ្នកទៅជួយ៕  

កប៉ាល់ឡើងគោកអស់ហើយ
ផ្នូរទុកសម្រាប់បញ្ចុះសពរួមគ្នា
វិហារឥស្លាមត្រូវខូចខាតទាំងស្រុង
វិហារឥស្លាមត្រូវខូចខាតទាំងស្រុង
ទីតាំងរញ្ជួយដី និងស៊ូណាមិ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]