ខេត្តកំពង់ធំ ៖ ជនសង្ស័យម្នាក់ត្រូវបាននគរបាល ស្រុកបារាយណ៍អនុវត្តដីកា នាំខ្លួនរបស់ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកាលពីថ្ងៃទី៤ មករា បន្ទាប់ពីដាក់ការសង្ស័យថាបានជាប់ ពាក់ព័ន្ធករណីរំលោភ សម្លាប់នារីមិនគ្រប់ទឹកម្នាក់កាលពីថ្ងៃទី៨ វិច្ឆិកា នៅចំណុចខាងលិចព្រៃចម្ការ ចន្ទីក្នុងភូមិសាស្ត្រឃុំត្នោត ជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ពាក់ព័ន្ធករណីនេះលោកអនុសេនីយ៍ឯកស្រី ចាន់ស៊ីណា អធិការរងនគរបាលស្រុកបារាយណ៍បានឱ្យដឹងថា ជនសង្ស័យឈ្មោះតាំង ចាន្នី អាយុ១៧ឆ្នាំទីលំនៅភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ត្រូវបានសមត្ថកិច្ចអនុវត្តដីកានាំខ្លួនរបស់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រោយពីសង្ស័យថា ជននេះមានការពាក់ព័ន្ធករណីរំលោភសម្លាប់ស្ត្រីមានសតិមិន ប្រក្រតីឈ្មោះឈុំ សន អាយុ២៤ឆ្នាំ ទីលំនៅភូមិ-ឃុំជាមួយគ្នាកាលពីថ្ងៃទី៨ វិច្ឆិកា ២០១២ ។

គួររំលឹកថា សពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារប្រទះឃើញកាលពីវេលា ម៉ោង១១ព្រឹកថ្ងៃទី២៨ វិច្ឆិកា នៅតំបន់ខាងលិចព្រៃចម្ការចន្ទីតាអេន ភូមិសាស្ត្រឃុំត្នោតជុំ ចម្ងាយជាង២គីឡូម៉ែត្រពីភូមិបន្ទាយចាស់ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពីក្រុមគ្រួសារអះអាងថាស្ត្រីខាងលើបានបាត់ខ្លួនកាល ពីថ្ងៃទី២៧ វិច្ឆិកា ២០១២ ។

ក្នុងហេតុការណ៍ខាងលើនេះក្រុមគ្រួសារបាន អះអាងប្រាប់សមត្ថកិច្ចថា កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា ២០១២ ម្តាយបានប្រាប់នារីរងគ្រោះ និងកូនប្រុសម្នាក់ទៀតថា គាត់ចង់ហូបអំបុក ម្យ៉ាងជិតបុណ្យអកអំបុកផងក៏បានប្រើនារីរងគ្រោះ និងកូនប្រុសឱ្យទៅរកច្រូតស្រូវនៅជិតកន្លែងកើតហេតុដើម្បី យកមកដាល់អំបុក ។ តាមប្អូនប្រុសនារីរងគ្រោះបាននិយាយថា ពេលម្តាយប្រើបងស្រីក៏បានដើរទៅមុនហើយខ្លួនក៏ដេញគោទៅតាម ក្រោយ ។ ពេលចេញផុតពីភូមិបានបន្តិចខ្លួនក៏បានឮសំឡេងបងស្រីស្រែក ហៅតែខ្លួនមិនចាប់អារម្មណ៍ក៏បន្តចងគោ និងច្រូតស្រូវតែម្នាក់ឯង រហូតដល់ព្រលប់ទើបនាំគ្នាដើររកបងស្រីតែរកមិនឃើញ ។ លុះព្រឹកឡើងក៏បានប្រទះឃើញនារីរងគ្រោះដេកស្លាប់ក្នុងភក់ ថ្លុកក្របីក្រោមដើមស្វាយចន្ទី ក្នុងស្ថានភាពរាងកាយអាក្រាត ដែលរូបភាពនេះត្រូវបានសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះត្រូវបានជនដៃដល់រំលោភសម្លាប់ដោយសារជាមនុស្ស ស្គាល់គ្នាទើបសម្លាប់បំបិទមាត់ ។

សមត្ថកិច្ចបានបន្តថា ក្រោយធ្វើការសាកសួរជនសង្ស័យបានសារភាព និងបង្ហាញពីសកម្មភាពដែលខ្លួនបានប្រព្រឹត្តកន្លងមក ។ ដោយមានភស្តុតាងគ្រប់គ្រាន់ក្នុងដៃជនសង្ស័យឈ្មោះតាំង ចាន្នី ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តនៅរសៀល ថ្ងៃទី៤ មករា៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]