ស្ទើរតែ១៥%នៃអ្នកមានជំងឺមហារីកបានស្លាប់ដោយសារជំងឺមហារីកក្រពះនិងមហារីកបំពង់រំលាយអាហារ ទូទាំងសកលលោក។ ភាគរយសង្ឃឹមរស់តិចតួចណាស់ ដោយសារជំងឺមហារីកទាំងពីរនេះភាគច្រើនពុំមានរោគសញ្ញាឡើយរហូតដល់ដំណាក់កាលចុងក្រោយ។

ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវបានចាប់ផ្តើមសាកល្បងតេស្តបច្ចេកវិទ្យាថ្មី ដែលអាចធើ្វរោគវិនិច្ឆ័យថាតើអ្នកជំងឺមានជំងឺមហារីកក្រពះនិងបំពង់រំលាយអាហារដែរឬទេ។

ក្រុមអ្នកវិទ្យាសាស្រ្តមកពីសាកលវិទ្យាល័យនៃប្រទេសអង់គ្លេស បានអភិវឌ្ឍបច្ចេកវិទ្យាមួយដោយគ្រាន់តែផ្លុំបញ្ចូលក្នុងថង់ពិសេសម្យ៉ាង ប្រើពេលត្រឹមមួយដង្ហើមប៉ុណ្ណោះ អាចវិនិច្ឆ័យបានត្រឹមត្រូវរហូតដល់ ៨៥% នៃលទ្ធផលវិជ្ជមាននៃជំងឺមហារីកទាំងពីរខាងលើ។  ជាធម្មតាការវិនិច្ឆ័យនៃជំងឺមហារីកក្រពះឬបំពង់រំលាយអាហារ គេនិយមប្រើប្រាស់ការសូកបញ្ចូលកាមេរ៉ា Endoscopy តាមផ្លូវរំលាយអាហារ ដែលវិធីសាស្ត្រនេះពុំមានភាពងាយស្រួលឡើយ ហើយថែមទាំងចំណាយថវិកាច្រើនទៀតផង។  ផ្ទុយទៅវិញឧបករណ៍ថ្មីដែលគេប្រើប្រាស់សម្រាប់កំណត់អត្តសញ្ញាណជំងឺមហារីកនេះវិញ ពុំបង្កភាពមិនស្រណុកទេ តែផ្តល់ភាពងាយស្រួលខ្លាំងដោយគ្រាន់តែផ្លុំនិងចំណាយតិច។

យោងតាមរបាយការណ៍របស់ JAMA Oncology គេបានប្រើប្រាស់សំណាកចំនួន ៣៣៥អ្នកជំងឺ ដែលក្នុងនោះមាន១៦៣នាក់មានជំងឺមហារីករួចមកហើយ។

តើបច្ចេកទេសនេះវាប្រព្រឹត្តទៅយ៉ាងដូចម្តេច? ដង្ហើមរបស់យើងមានសារធាតុសរីរាង្គរាប់ពាន់ដែលគេហៅថា VOC។ សារធាតុVOCមួយចំនួនក្នុងដង្ហើមយើង គេបានរកឃើញថាអាចប្រើប្រាស់ជាមួយនឹងឧបករណ៍ពិសេសរបស់គេក្នុងការកំណត់រកកំហាប់សារធាតុVOCជាក់លាក់ណាមួយសំរាប់ជាការវិនិច្ឆ័យវត្តមានជំងឺមហារីកក្រពះ និងបំពង់រំលាយអាហារ។

មិនថាជំងឺមហារីកណាក៏ដោយសុទ្ធតែកាចសាហាវ ទោះជាយ៉ាងណាការរកឃើញបច្ចេកវិទ្យាថ្មីក្នុងការធ្វើរោគវិនិច្ឆ័យជំងឺមហារីកទាំងពីរនេះនឹងជួយដល់ការកំណត់អត្តសញ្ញាណជំងឺបានទាន់ពេលវេលា និងផ្តល់ជម្រើសដល់អ្នកជំងឺក្នុងការព្យាបាលនិងជួយជីវិតមនុស្សបានច្រើនទៀតផង៕

ការផ្លុំជាមួយម៉ាស៊ីន ដើម្បីវិនិច្ឆ័យរកជំងឺមហារីក
ការផ្លុំជាមួយម៉ាស៊ីន ដើម្បីវិនិច្ឆ័យរកជំងឺមហារីក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]